ដោយ៖ សុខុម
វៀងចន្ទន៍: រោងចក្រចម្រាញ់ប្រេងថ្មីរបស់ប្រទេសឡាវ ក្នុងខេត្ត Xieng Khouang គ្រោងចាប់ផ្តើមដំណើរការចម្រាញ់ប្រេងឆៅនៅប៉ុន្មានខែខាងមុខនេះ។ នេះបើយោងតាមសារព័ត៌មានឡាវ Laotian Times ចុះផ្សាយនៅថ្ងៃច័ន្ទ ទី២១ មីនានេះ។
សារព័ត៌មានឡាវ Lao Economic Daily ឱ្យដឹងថា រោងចក្រចម្រាញ់ប្រេងដែលមានទីតាំងនៅស្រុក Pek ខេត្ត Xieng Khouang ខាងលើនេះមានសមត្ថភាពផ្ទុកប្រេងបាន២,៤លានលីត្រ ហើយអាចផលិតប្រេងបាន១០០លានលីត្រក្នុងមួយឆ្នាំ។
លោក Outhan Tailathi អនុប្រធានរោងចក្រចម្រាញ់ប្រេង Yodngeum Power Mix Fuel Factory បានលើកឡើងថា ផលិតផលប្រេងដែលចម្រាញ់បាននឹងត្រូវចែកចាយតាមរយៈសហគ្រាសប្រេងឥន្ធនៈរដ្ឋរបស់ឡាវ។
អំឡុងដំណើរទស្សនកិច្ចរបស់លោកបណ្ឌិត Khampheng Xaysompheng រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឡាវ មកកាន់ខេត្ត Xieng Khouang កាលពីសប្ដាហ៍មុន លោក Outhan Tailathi បានបញ្ជាក់ថា ការសាងសង់រោងចក្រចម្រាញ់ប្រេងនេះបានចាប់ផ្តើមក្នុងខែកញ្ញា ឆ្នាំ២០២១ ក្រោមទុនវិនិយោគប្រមាណជាង២,៦លានដុល្លារអាមេរិក ហើយពេលនេះបានបញ្ចប់ជាស្ថាពរហើយ។
រោងចក្រចម្រាញ់ប្រេងដំបូងគេនៅប្រទេសឡាវ ត្រូវបានសាងសង់ក្នុងតំបន់អភិវឌ្ឍន៍ Saysettha ក្នុងឆ្នាំ២០១៥ ហើយបានចាប់ផ្តើមផលិតប្រេងឥន្ធនៈសាកល្បងក្នុងខែវិច្ឆិកា ឆ្នាំ២០២០៕