សម្តេចតេជោជម្រុញឲ្យស្ថាប័នជាតិ និងថ្នាក់ក្រោមជាតិកាត់បន្ថយការចំណាយដែលមិនចាំបាច់

0

 ដោយៈជេស៊ីកា

       ភ្នំពេញៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានជម្រុញឲ្យស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិកាត់បន្ថយការចំណា យដែលមិនចាំបាច់នានា។

សម្តេចតេជោហ៊ុន សែនបានថ្លែងក្នុងកិច្ចប្រជុំនារសៀលថ្ងៃទី២១ មិនានេះថា បច្ចុប្បន្នកម្ពុជាពិតជាទទួលបានបទពិសោធន៍គ្រប់គ្រាន់ សម្រាប់បន្តការកែទម្រង់ស៊ីជម្រៅ នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីចូលរួមចំណែកស្តារសេដ្ឋកិច្ចជាតិឡើងវិញ ក្រោយវិបត្តិ-កូវីដ១៩ ជាមួយនឹងរបៀបវារៈនានា នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិរហូតដល់ឆ្នាំ២០៣០។

សម្តេចបន្តថា “ដូច្នេះដើម្បីសម្រេចតាមគោលដៅ ដែលបានគ្រោងទុក និងធានាដល់ការអនុវត្តកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ ក្នុងនាមរាជរដ្ឋាភិបាល សូមផ្តល់នូវអនុសាសន៍ចំនួន៥ចំណុច”។

អនុសាសន៍សំខាន់ៗទាំងនោះរួមមាន ទី១ ត្រូវបន្តខិតខំពង្រឹងការគ្រប់គ្រងការប្រមូលចំណូលជាមួយ នឹងការគ្រប់គ្រងចំណាយប្រកបដោយតម្លាភាព។ គ្រប់ស្ថាប័ន ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវកាត់បន្ថយចំណាយ ដែលពុំមានតម្រូវការចាំបាច់ រួមទាំងគម្រោងវិនិយោគសាធារណៈ ដែលពុំទាន់ចាំបាច់ ដើម្បីធានាស្ថិរភាពថវិកាជាតិ ដែលកំពុងស្ថិតក្នុងស្ថានភាពលំបាក ដោយសារជំងឺកូវិដ-១៩។

សាខាពន្ធដារ រាជធានី-ខេត្តត្រូវសហការជិតស្និទ្ធជាមួយរដ្ឋបាលរាជធានី-ខេត្តនីមួយៗ ដើម្បីប្រមូលចំណូល សារពើពន្ធនានា។ ទន្ទឹមនេះ ត្រូវពង្រឹងការធ្វើសវនកម្ម អធិការកិច្ចហិរញ្ញវត្ថុ ដើម្បីធា​នា​ថា ធនធានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបានគ្រប់គ្រង ចាត់ចែង និងប្រើប្រាស់ ស្របតាមច្បាប់ និងលិខិតបទដ្ឋាននានា ដែលបានកំណត់ ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ត្រូវបន្តជំរុញការរៀបចំ និងដាក់ឱ្យប្រើប្រាស់ នូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងប្រព័ន្ធអភិបា​លកិច្ចឌីជីថល់នៅ រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ដើម្បីធ្វើឱ្យមានប្រសិទ្ធភាពការងារ រដ្ឋបាលផ្ទៃក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ និងការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ ព្រមទាំងធានាដល់ការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋបានឆាប់រហ័ស ទាន់ពេលវេលា និងមានតម្លាភាព។

សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួង-ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិ​វឌ្ឍន៍នានា និងអង្គការសង្គមស៊ីវិល ដែលបានខិតខំចូលរួមអនុវត្តកិច្ចដំណើរការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនិងការកែទម្រ​ង់សំខាន់ៗដទៃទៀត របស់រាជរដ្ឋាភិបាលសម្រេចបាន ជោគជ័យជាបន្តបន្ទាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here