ឃ្លាំងស្តុកទំនិញត្រជាក់ខ្នាតធំមួយត្រូវបានបើកការដ្ឋានសាងសង់នៅក្នុងខេត្តកណ្តាល

0

ដោយ៖ សុផារី

កណ្តាល៖ ឃ្លាំងស្តុកទុកទំនិញត្រជាក់ខ្នាតធំទំហំ ៣៦ ០០០ម៉ែត្រគូប នៅចំណតផែកុងតឺន័រ LM17 ក្នុងខេត្តកណ្ដាល ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ។

ពិធីបើកការដ្ឋានធ្វើឡើង នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២នេះ ដោយមានវត្តមានរបស់លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន ក៏ដូចជាតំណាងដៃគូរអភិវឌ្ឍនានា។

គម្រោងឃ្លាំងស្តុកទំនិញត្រជាក់នេះមានទីតាំងនៅក្នុងឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ឃ្លាំងស្តុកទុកទំនិញត្រជាក់នេះ គឺជាការវិនិយោគដោយក្រុមហ៊ុនឯកជន InfraCo Asia តាមរយៈក្រុមហ៊ុន Khmer Cold Chain Company ក្រោមជំនួយពីដៃគូអភិវឌ្ឍន៍មានដូចជាប្រទេសប្រទេសអង់គ្លេស ហូឡង់ ស្វីស និងអូស្រ្តាលី ជាដើម។

គម្រោងនេះរួមមានចំណតប្រវែង១៥ម៉ែត្រ និងឃ្លាំងពិសេសទំហំជាង៣៦០០០ ម៉ែត្រគូប សម្រាប់ស្ដុកទំនិញត្រជាក់ ការវេចខ្ចប់ត្រជាក់ សេវាអនាម័យ និងការចែកចាយទំនិញផងដែរ។ យោងតាមការសិក្សាប្រទេសកម្ពុជានឹងត្រូវការខ្សែសង្វាក់ត្រជាក់យ៉ាងហោចណាស់១៤០ ០០០ម៉ែត្រគូបនៅឆ្នាំ២០៣០ ដោយឃ្លាំងថ្មីនេះនឹងរួមចំណែកជាង២៥% ក្រោយបើកដំណើរការ។

លោក ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកកំពង់ផែស្វយ័តក្រុងភ្នំពេញ បានមានប្រសាសន៍ថា គម្រោងនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់ការរួមចំណែកដល់សេដ្ឋកិច្ចកម្ពុជា នឹងជួយលើកកម្ពស់វិស័យភ័ស្តុភាកម្ម នៅក្នុងប្រទេសកម្ពុជា។

លោកបានបន្តថា លើសពីនេះ កំណើននៃចរន្តទំនិញឆ្លងកាត់ក៏មានសន្ទុះផងដែរតាមរយៈការផ្តល់សេវាកម្មស្តុករក្សាទុកទំនិញត្រជាក់សម្រាប់នាំចេញចូល ដែលមានដូចជា ត្រី សាច់ កសិផល ឱសថ គ្រឿងសំអាង និងទំនិញជាច្រើនមុខទៀត។

លោកបន្ថែមថា ទន្ទឹមនឹងនេះ គម្រោងខាងលើនេះនឹងជួយបង្កើនការងារ និងលើកស្ទួយជីវភាពរស់នៅសម្រាប់ប្រជាជននៅក្នុងតំបន់ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here