ដោយ៖ សុផារី
កណ្តាល៖ វិស័យភ័ស្តុភារកម្ពុជាត្រូវ ការ ទុន វិនិយោគក្នុងទំហំទឹកប្រាក់ជាង៥០ពាន់លានដុល្លាអាមេរិក ដើម្បី អភិវឌ្ឍន៍ វិស័យមួយ នេះ ក្នុងរយៈពេល១០ឆ្នាំខាងមុខនេះ។ នេះបើតាមការបញ្ជាក់របស់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងឱកាសពិធីបើកការដ្ឋានឃ្លាំងស្តុកទុកទំនិញត្រជាក់ខ្នាតធំ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២នេះ។
លោកទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការជួយគាំទ្រដល់វិស័យនាំចេញ និងនាំចូលដែលកំពុងកើនឡើងរបស់ប្រទេសកម្ពុជានេះ គឺតាមរយៈសេវាស្ថានីយផ្ទេរទំនិញ និងឃ្លាំងស្តុកទំនិញត្រជាក់ ស្តង់ដារអន្តរជាតិដែលមានទីតាំងស្ថិតនៅជិតកំពង់ផែភ្នំពេញ និងផ្តល់នូវសេវាតម្លៃបន្ថែមក្នុងគោលដៅជួយដល់សហគ្រាសខ្នាតតូច និងមធ្យមដើម្បីចូលទៅក្នុងទីផ្សារពាណិជ្ជកម្ម។
លោករដ្ឋមន្រ្តីបានមានប្រសាសន៍ថា កន្លងមកកម្ពុជាបានសហការជាមួយដែគូនានា ដូចជា ធនាគារពិភពលោក ជាដើមក្នុងការអភិវឌ្ឍវិស័យភ័ស្តុភារ ធានាកាត់បន្ថយការចំណាយក្នុងការដឹកជញ្ជូននិងជម្រុញការវិនិយោគ FDI ពីបរទេសបន្ថែមទៀត។
លោកបានបន្តថា ក្រៅពីការវិនិយោគលើផែនការមេនៃវិស័យភ័ស្តុភារ កម្ពុជាបាននិងកំពុងធ្វើការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធផ្លូវផ្នល់ ស្ពាន កំពង់ផែ ជាដើម ដែលបានធ្វើឱ្យកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់។
លោកបានបញ្ជាក់ថា ជាលទ្ធផល រដ្ឋាភិបាលកម្ពុជាបានសម្រេចការសាងសង់ផ្លូវថ្នល់ជាង១៨ ០០០គីឡូម៉ែត្រ បានពង្រីកព្រលានយន្តហោះអន្តរជាតិភ្នំពេញ សៀមរាប និងក្រុងព្រះសីហនុ ការសាងសង់នូវព្រលានយន្តហោះថ្មីនៅក្នុងខេត្តកណ្តាល ខេត្តសៀមរាប និងព្រលានយន្តហោះតារាសាគរ ព្រមទាំងបានតភ្ជាប់ខ្សែររថភ្លើងទៅកាន់ប្រទេសថៃឡើងវិញ។ បន្ថែមលើនេះ ក៏បានពង្រីកកំពង់ផែក្រុងភ្នំពេញនិងក្រុងព្រះសីហនុ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ និងគម្រោងផ្សេងៗទៀតជាច្រើនផងដែរ៕