ដោយៈវឌ្ឍនៈ
ភ្នំពេញៈ បណ្ដាខណ្ឌនៅរាជធានីភ្នំពេញ សុទ្ធតែមានសក្ដានុពល និងតម្លៃនៃដីធ្លីនៅតាមខណ្ឌនីមួយៗ មានភាពខុសៗគ្នា ក្នុងនោះខណ្ឌនៅកណ្ដាលក្រុង ហាក់មានតម្លៃខ្ពស់ និងសម្រាប់អភិវឌ្ឍន៍ផ្សេងចំណែកខណ្ឌនៅជាយក្រុងតម្លៃដីធ្លីនៅមានកម្រិតទាប ដែលអាចឱ្យវិនិយោគិនអាចវិនិយោគដីធ្លីដើម្បីទទួលបានប្រាក់ចំណេញ នៅពេលអនាគត ។
ថ្ងៃនេះ យើងនឹងលើកយកពីខណ្ឌចំនួន៣ នៅជាយរាជធានីភ្នំពេញ ដែលមានសក្ដានុពលខ្ពស់ ក្នុងការវិនិយោគដីធ្លី និងអាចទទួលបានប្រាក់ចំណេញក្នុងរយៈពេលឆាប់ ។
បើតាមអ្នកជំនាញនៃវិស័យអចលនទ្រព្យនិងដីធ្លី បានបង្ហាញថា ខណ្ឌដែលមានសក្ដានុពល និងអាចមានកំណើនដីធ្លីបន្ថែមទៀតនោះ រួមមានខណ្ឌព្រែកព្នៅ ខណ្ឌកំបូល និងខណ្ឌដង្កោ ។ ខណ្ឌទាំងនេះ តម្លៃ ដីធ្លីហាក់នៅទាប និងមិនទាន់មានការអភិវឌ្ឍខ្លាំង និងចង្អៀតនៅឡើយទេ ប៉ុន្តែផ្នែកខ្លះនៃខណ្ឌទាំងនេះ ក៏មានការអភិវឌ្ឍច្រើន ជាពិសេសទៅលើលំនៅដ្ឋាន។
លោកប៉ូ អ៊ាវគង់អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យAdvanceបានមានប្រសាសន៍ថា តម្លៃដីធ្លីនៅតំបន់ជាយក្រុង នៅមានកម្រិតដែលអាចទាញឱ្យមានការវិនិយោគលើដីធ្លីបន្ថែម សម្រាប់ទុកអភិវឌ្ឍន៍ ឬក៏សម្រាប់ទុកលក់យកចំណេញ នៅពេលមានការអភិវឌ្ឍទៅដល់ទីនោះ ។
លោកបន្តថា បច្ចុប្បន្ន តំបន់ជាយក្រុងក៏ឃើញថា កំពុងមានការការអភិវឌ្ឍជាបន្តបន្ទាប់ដែរ ប៉ុន្តែភាគច្រើនជាការអភិវឌ្ឍលំនៅឋាន តម្លៃសមរម្យនិងមានតំបន់ខ្លះ ក៏មានការអភិវឌ្ឍលំនៅឋានតម្លៃខ្ពស់ ស្របពេលតម្លៃដីធ្លីនៅកណ្ដាលក្រុងខ្ពស់ពេក និងមិនអាចឱ្យអ្នកអភិវឌ្ឍន៍លំនៅឋានជាផ្ទះជាប់ដីអភិវឌ្ឍន៍ផ្គត់ផ្គង់បាន។
ក្រលេកទៅមើលតំបន់ជាយក្រុង រដ្ឋាភិបាលបានអភិវឌ្ឍន៍អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាច្រើន ក្នុងនោះផ្លូវក្រវ៉ាត់ក្រុងជាចំណែកមួយ នៃការជំរុញឱ្យតម្លៃដីធ្លីនិងការអភិវឌ្ឍនៅតំបន់ជាយក្រុងបន្ថែម ។
អ្នកស្រីអាន សុធីតាអគ្គនាយិកាក្រុមហ៊ុនអចលនទ្រព្យPropNex Cambodiaបានឱ្យដឹងថា ការវិនិយោគដីធ្លីដែលអាចយកចំណេញ នៅពេលអនាគត ពីព្រោះថាដីធ្លីនៅជាយៗក្រុង អាចបន្តឡើងថ្លៃខ្ពស់បន្ថែមទៀត ។ចំណែកដីកណ្ដាលក្រុង បានឡើងដល់កំពូល ឬអាចថាស្ទើរតែលែងឡើងថ្លៃទៅទៀតហើយ៕