តើប្រទេសបេឡារូស នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែន ឆាប់ៗនេះដើម្បីជួយដល់រុស្ស៊ី?

0

ដោយៈសុខុម

វ៉ាស៊ីនតោន: សហរដ្ឋអាមេរិក និងអង្គការបក្សសម្ព័ន្ធយោធាណាតូជឿថា ប្រទេសបេឡារូស អាចនឹងចូលរួមជាមួយរុស្ស៊ី “ឆាប់ៗនេះ” នៅក្នុងស​​ង្គ្រាមប្រឆាំងប្រទេសអ៊ុយក្រែន ហើយថា ប្រទេសនេះកំពុងចាត់វិធានការរួចទៅហើយ សម្រាប់ការចូលធ្វើសង្គ្រាមនេះ។

មន្ត្រីយោធាអង្គការណាតូ មួយរូបបានទម្លាយប្រាប់សារព័ត៌មាន CNN កាលពីថ្ងៃច័ន្ទ ទី២១ ខែមីនា ថា សញ្ញាបង្ហាញកាន់តែច្បាស់ឡើងៗថា ប្រទេសបេឡារុស្ស ទំនងជានឹងចូលជួយប្រទេសរុស្ស៊ី ក្នុងសង្គ្រាមឈ្លា​នពានប្រទេសអ៊ុយក្រែន។ មន្ត្រីដដែលលើកឡើងថា អធិរាជខ្លាឃ្មុំទឹកកក វ៉្លាឌីមៀ ពូទីន ដែលជាប្រធានាធិបតីរុស្ស៊ី កំពុងត្រូវការជំនួយ។

ប្រភពពីបក្សប្រឆាំងក្នុងប្រទេសបេឡារូសទម្លាយឱ្យដឹងថា អង្គភាពប្រយុទ្ធរបស់បេឡារូស បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលទៅធ្វើសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន នៅប៉ុន្មានថ្ងៃខាងមុខនេះ ដោយកងកម្លាំងរាប់ពាន់ម៉ឺននាក់ត្រៀមជាស្រេចសម្រាប់ការដាក់ពង្រាយ។

មន្ត្រីស៊ើបការណ៍អង្គការណាតូ ជាន់ខ្ពស់មួយរូបបាននិយាយដោយដាច់ឡែកថា បណ្ដាប្រទេសសម្ព័ន្ធមិត្ត​ បានធ្វើការវាយតម្លៃថា រដ្ឋាភិបាលបេឡារូស “កំពុងរៀបចំបរិយាកាស ដើម្បីបង្ហាញពីភាពភាពសមហេតុសមផលដែលប្រទេសបេឡារូស ត្រូវចូលធ្វើសង្គ្រាមប្រឆាំងអ៊ុយក្រែន”។

ប្រទេសរុស្ស៊ី បានបើកការវាយប្រហាររបស់ខ្លួន ទៅលើប្រទេសអ៊ុយក្រែន ចេញពីទឹកដីនៃប្រទេសបេឡារូស ហើយកងទ័ពរុស្ស៊ី រាប់សែននាក់បានប្រមូលផ្តុំនៅក្នុងប្រទេសបេឡារូស មុនពេលកងទ័ពរុស្ស៊ី ចូលឈ្លាន​ពា​នអ៊ុយក្រែន កាលពីខែកុម្ភៈ ដែលប្រទេសទាំងពីរបានអះអាងថា ជាសមយុទ្ធហ្វឹកហ្វឺន។

ជាការឆ្លើយតបនឹងទង្វើបញ្ឆេះភ្លើងសង្គ្រាមនេះ សហរដ្ឋអាមេរិក និងអឺរ៉ុប បានដាក់ទណ្ឌកម្មទៅលើទាំងក្រុមមន្ត្រីរុស្ស៊ី និងមន្ត្រីបេឡារុស្ស រួមទាំងប្រធានាធិបតីបេឡារូស Alexander Lukashenko ផងដែរ៕ CNN៕

LEAVE A REPLY

Please enter your comment!
Please enter your name here