ដោយៈសុខុម
វ៉ាស៊ីនតោន: សហរដ្ឋអាមេរិក និងអង្គការបក្សសម្ព័ន្ធយោធាណាតូជឿថា ប្រទេសបេឡារូស អាចនឹងចូលរួមជាមួយរុស្ស៊ី “ឆាប់ៗនេះ” នៅក្នុងសង្គ្រាមប្រឆាំងប្រទេសអ៊ុយក្រែន ហើយថា ប្រទេសនេះកំពុងចាត់វិធានការរួចទៅហើយ សម្រាប់ការចូលធ្វើសង្គ្រាមនេះ។
មន្ត្រីយោធាអង្គការណាតូ មួយរូបបានទម្លាយប្រាប់សារព័ត៌មាន CNN កាលពីថ្ងៃច័ន្ទ ទី២១ ខែមីនា ថា សញ្ញាបង្ហាញកាន់តែច្បាស់ឡើងៗថា ប្រទេសបេឡារុស្ស ទំនងជានឹងចូលជួយប្រទេសរុស្ស៊ី ក្នុងសង្គ្រាមឈ្លានពានប្រទេសអ៊ុយក្រែន។ មន្ត្រីដដែលលើកឡើងថា អធិរាជខ្លាឃ្មុំទឹកកក វ៉្លាឌីមៀ ពូទីន ដែលជាប្រធានាធិបតីរុស្ស៊ី កំពុងត្រូវការជំនួយ។
ប្រភពពីបក្សប្រឆាំងក្នុងប្រទេសបេឡារូសទម្លាយឱ្យដឹងថា អង្គភាពប្រយុទ្ធរបស់បេឡារូស បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលទៅធ្វើសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន នៅប៉ុន្មានថ្ងៃខាងមុខនេះ ដោយកងកម្លាំងរាប់ពាន់ម៉ឺននាក់ត្រៀមជាស្រេចសម្រាប់ការដាក់ពង្រាយ។
មន្ត្រីស៊ើបការណ៍អង្គការណាតូ ជាន់ខ្ពស់មួយរូបបាននិយាយដោយដាច់ឡែកថា បណ្ដាប្រទេសសម្ព័ន្ធមិត្ត បានធ្វើការវាយតម្លៃថា រដ្ឋាភិបាលបេឡារូស “កំពុងរៀបចំបរិយាកាស ដើម្បីបង្ហាញពីភាពភាពសមហេតុសមផលដែលប្រទេសបេឡារូស ត្រូវចូលធ្វើសង្គ្រាមប្រឆាំងអ៊ុយក្រែន”។
ប្រទេសរុស្ស៊ី បានបើកការវាយប្រហាររបស់ខ្លួន ទៅលើប្រទេសអ៊ុយក្រែន ចេញពីទឹកដីនៃប្រទេសបេឡារូស ហើយកងទ័ពរុស្ស៊ី រាប់សែននាក់បានប្រមូលផ្តុំនៅក្នុងប្រទេសបេឡារូស មុនពេលកងទ័ពរុស្ស៊ី ចូលឈ្លានពានអ៊ុយក្រែន កាលពីខែកុម្ភៈ ដែលប្រទេសទាំងពីរបានអះអាងថា ជាសមយុទ្ធហ្វឹកហ្វឺន។
ជាការឆ្លើយតបនឹងទង្វើបញ្ឆេះភ្លើងសង្គ្រាមនេះ សហរដ្ឋអាមេរិក និងអឺរ៉ុប បានដាក់ទណ្ឌកម្មទៅលើទាំងក្រុមមន្ត្រីរុស្ស៊ី និងមន្ត្រីបេឡារុស្ស រួមទាំងប្រធានាធិបតីបេឡារូស Alexander Lukashenko ផងដែរ៕ CNN៕