ដោយៈ សុផារី
ភ្នំពេញៈ ស្ថានភាពជីវភាពប្រជាជនកម្ពុជា ដែលមានការកើនឡើងខ្ពស់ជម្រុញតម្រូវការលំនៅដ្ឋាន ដែលមានភាពសមស្រប និងប្រណីតភាពក្នុងការរស់នៅ។
អ្នកអភិវឌ្ឍន៍នានា បានមើលឃើញពីចន្លោះតម្រូវការ នៃទីផ្សារប្រភេទនេះមានទំហំធំ និងមានសក្តានុពលខ្ពស់ នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ។
លោកជំទាវឧកញ៉ា គង់ សំណាង អគ្គនាយិកាបុរីវិមានសំណាងបានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា ទីផ្សារបុរីប្រណីត ដែលមានតម្លៃខ្ទង់សែនដុល្លារអាមេរិក មិនមែនជាទីផ្សារថ្មីសម្រាប់ប្រជាជនកម្ពុជាទេ។ គ្រាន់តែកាលពីដើមមិនសូវមានផុសផុល។ នាពេលបច្ចុប្បន្ននេះ ប្រភេទទីផ្សារបែបនេះ មានច្រើនគួរសម តែមិនទាន់លើសពីតម្រូវការទីផ្សារនោះដែរ។
លោកជំទាវបញ្ជាក់ថា “កំណើននៃការផ្គត់ផ្គង់លំនៅដ្ឋាន បែបប្រណិតនេះ គាំទ្រដោយការផ្លាស់ប្ដូររបៀប នៃការរស់នៅរបស់ប្រជាជនកម្ពុជា ដែលមានទំនោរផ្លាស់ប្តូរទៅរស់នៅ ក្នុងលំនៅឋានដែលមានទំហំធំ និងទំនើបជាងមុន”។
ឧទាហរណ៍ ដូចជា អតិថិជនដែលរស់នៅវីឡាភ្លោះ មានទំនោរទិញវីឡាទោល ឬអតិថិជនរស់នៅក្នុងបុរីតូច ក៏ចង់រស់នៅក្នុងលំនៅដ្ឋានដែលធំជាងមុនជាដើម។
លោកជំទាវគង់ សំណាង សម្លឹងមើលឃើញថា “តម្រូវការទីផ្សារលំនៅដ្ឋានប្រណីតនៅមានតម្រូវការនៅឡើយ។ ម្យ៉ាងទៀត ការទូទាត់សាច់ប្រាក់របស់អតិថិជនជាន់ខ្ពស់ នៃទីផ្សារនេះមានភាពងាយស្រួល ដោយសារកម្រិតជីវភាពរបស់អតិថិជនប្រភេទនេះគឺជាអ្នកមាន”។
លោកជំទាវមានប្រសាសន៍ថា បច្ចុប្បន្ននេះមានការផ្គត់ផ្គង់ច្រើនសម្រាប់ទីផ្សារលំនៅដ្ឋានប្រភេទបុរី ដែលបណ្តាលឱ្យមានការប្រកួតប្រជែងខ្ពស់។ យ៉ាងណាក្តី តម្រូវការនៃទីផ្សារមួយនេះក៏មានទំហំធំផងដែរ។
បើតាមការលើកឡើងរបស់លោកស្រី ការប្រកួតប្រជែងរបស់អ្នកអភិវឌ្ឍន៍នៃលំនៅដ្ឋានប្រណីតភាគច្រើន គឺការបន្ធូរបន្ថយ និងលក្ខខណ្ឌបង់ប្រាក់ដ៏សមរម្យមួយ ស្របពេលប្រជាជនកម្ពុជា ប្រឈមនឹងវិបត្តិកូវីដ១៩។ ចំណែកការប្រកួតប្រជែងមួយទៀតនោះគឺ ការរចនាម៉ូដ ស្ថាបត្យកម្ម សំណង់ និងអភិវឌ្ឍន៍លើការ ផ្តល់នូវភាពងាយស្រួលផ្សេងៗជូនអតិថិជន៕