វិនិយោគិនសម្រុកទិញសណ្ឋាគារនៅហុងកុង ទោះបីវិស័យទេសចរណ៍ក្នុងក្រុងនេះស្ថិតក្នុងភាពមិនប្រាកដប្រជា

0

ដោយៈសុខុម

ហុងកុង: មូលនិធិអន្តរជាតិ និងវិនិយោគិនក្នុងស្រុក កំពុងសម្រុកទិញសណ្ឋាគារនៅហុងកុង ដើម្បីប្រែក្លាយវាទៅកន្លែងជួលរយៈពេលវែង និងធ្វើជាកន្លែងជួលសម្រាប់និស្សិតស្នាក់នៅជុំគ្នា ខណៈឧស្សាហកម្មទេសចរណ៍ក្នុងទីក្រុងនេះ ស្ថិតក្នុងស្ថានភាពមិនប្រាកដប្រជានៅឡើយ។

យោងតាមកាសែតថៃBangkok Post ដែលបានចុះផ្សាយកាលពីថ្ងៃពុធ ទី២៣ ខែមីនា ឱ្យដឹងថា កន្លងមក ម្ចាស់សណ្ឋាគារមានការស្ទាក់ស្ទើរ ក្នុងការដាក់លក់សណ្ឋាគាររបស់ខ្លួន ពីព្រោះក្នុងមួយឆ្នាំៗមានភ្ញៀវទេសចររាប់លាននាក់ហូរចូលមកក្នុងទីក្រុងនេះ។

ទោះជាយ៉ាងណា ម្ចាស់សណ្ឋាគារមួយចំនួនធំបានប្ដូរចិត្ត នៅពេលមហាបាតុកម្ម ប្រឆាំងរដ្ឋាភិបាលក្នុងឆ្នាំ២០១៩ និងការរីករាលដាលវីរុសកូវីដ-១៩ ដែលកំពុងបន្តអូសបន្លាយ បានធ្វើឱ្យឧស្សាហកម្មទេសចរណ៍ធ្លាក់ចុះដល់បាត។

លោកShaman Chellaram នាយកផ្នែកផ្ដល់សេវាវាយតម្លៃ និងប្រឹក្សាយោបល់ នៅក្រុមហ៊ុនផ្ដល់សេវាអចលនទ្យកាណាដាColliers ប្រចាំតំបន់អាស៊ីបានលើកឡើងថា  ចាប់តាំងពីផ្ទុះវិបត្តិកូវីដ-១៩ កាលពីដើមឆ្នាំ២០២០ មក សណ្ឋាគារចំនួន១៤នៅហុងកុង ត្រូវបានប្ដូរម្ចាស់ ដោយភាគច្រើនត្រូវបានទិញ ដើម្បីប្រែក្លាយវាទៅជាកន្លែងស្នាក់នៅគ្នាច្រើន ឬកន្លែងសម្រាប់និស្សិតជួលស្នាក់នៅជុំគ្នា។

ជាមួយគ្នានេះ លោកOscar Chan ប្រធានផ្នែកទីផ្សារមូលធនប្រចាំក្រុមហ៊ុនJLL នៅហុងកុង បានលើកឡើងថា “សណ្ឋាគារកាន់តែច្រើននឹងប្រកាសដាក់លក់នៅលើទីផ្សារជាបន្តបន្ទាប់”។

អ្នកជំនាញរូបនេះរំពឹងថា សកម្មភាពវាយតម្លៃសម្រាប់សណ្ឋាគារ នៅតាមតំបន់ក្រុងនៃក្រុងហុងកុង នឹងបន្តកើនឡើង នៅពេលអ្នកទិញចាប់អារម្មណ៍ លើសក្ដានុពលនៃប្រាក់ចំណូល មានស្ថិរភាពពីការជួលរយៈពេលវែង ឬ ការជួលសម្រាប់មនុស្សស្នាក់នៅរួមគ្នាច្រើន។

ការប្រែក្លាយសណ្ឋាគារ ទៅជាកន្លែងជួលរយៈពេលវែង និងធ្វើជាកន្លែងនិស្សិតជួលស្នាក់នៅ គឺជាទំនោរថ្មីនៅក្រុងហុងកុង៕ Bangkok Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here