បើការផ្គត់ផ្គង់មានច្រើនលើសតំរូវការ តើអាចធ្វើឲ្យទីផ្សារខុនដូរកម្ពុជាមានការធ្លាក់ចុះរឺទេ?

0

ដោយ: ម៉ាលីស

ភ្នំពេញ: ស្ថានភាពនៃវិស័យខុនដូនៅកម្ពុជា រហូតមកដល់ពេលនេះ មិនទាន់មានសញ្ញាណនៃការងើបឡើងវិញនៅឡើយទេ ខណៈគម្រោងសាងសង់ថ្មីៗមានឡើងជាបន្តបន្ទាប់។

លោករិន ច័ន្ទរឹទ្ធអគ្គនាយកក្រុមហ៊ុន DNZ Realty បានប្រាប់គេហទំព័រ Property Area នៅថ្ងៃ២៤ ខែមិនា នេះ ឱ្យដឹងថា វិស័យខុនដូនៅកម្ពុជាបានរងផលប៉ះពាល់ តាំងពីកម្ពុជាក៏ដូចជាពិភពលោកបានទទួលរងនូវវិបត្តិកូវីដ១៩ ហើយរហូតមកដល់ដើមឆ្នាំ២០២២នេះ វិស័យខុនដូនៅតែបន្តធ្លាក់ចុះនិងមិនទាន់មានសញ្ញានៃការងើបឡើងវិញនៅឡើយទេ ។

លោកបន្តថា “ចរន្តលក់ដូររឺជួលខុនដូនៅក្នុងពេលនេះ បានធ្លាក់ចុះសឹងតែគ្រប់គ្នាគ្រប់ក្រុមហ៊ុន។ កាលពីកូវីដ១៩ដំបូង មនុស្សនៅមានលុយទិញខុនដូ ហើយមកដល់ពេលនេះអ្នកដែលមានបំណងទិញខុនដូគឺមិនទាន់ទិញ ឬក៏មិនទិញតែម្ដង ហើយបើយើងសិក្សាទីផ្សារបានរកឃើញថា ខុនដូក្នុងពេលនេះអាចនិយាយថា មកពីការផ្គត់ផ្គង់មានច្រើនជាងតម្រូវការ នាំអោយមានការប្រកួតប្រជែងច្រើន ដែលធ្វើឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ខុនដូថ្មីៗលក់មិនចេញ”។

លោកបន្តថា ”អតិថិជនដែលបានទិញខុនដូ តាំងពីមានវិបត្តិកូវីដ១៩ក៏កំពុងរងផលប៉ះពាល់បណ្ដើរៗដែរ ពីព្រោះថាអ្នកទិញខុនដូមួយចំនួនជាជនជាតិខ្មែរ មិនមែនទិញដើម្បីស្នាក់នៅទេ គឺទិញដើម្បីវិនិយោគដូចជាជួលបន្តដើម្បី យកកម្រៃនោះដោយបង់រំលស់ ឬដើម្បីយកវិនិយោគអ្វីផ្សេង តែពេលអត់មានអ្នកជួលក៏ធ្វើឱ្យមានបញ្ហាតែម្ដងទៅ ”។

លោកបន្ថែមថា ទោះបីជាវិស័យនេះ ទទួលរងផលប៉ះពាល់យ៉ាងនេះក្ដី ក៏អ្នកអភិវឌ្ឍន៍មិនអាចលក់បញ្ចុះតម្លៃបានដែរ ពីព្រោះថាការលក់យូនីតមុនៗ តម្លៃផ្សេងហើយពេលរងផលប៉ះពាល់បែរជាលកក់តម្លៃផ្សេងទាបជាងមុន នឹងធ្វើឱ្យប៉ះពាល់ដល់អ្នកទិញមុនៗ។

បើតាមលោកខន គង្គារ អគ្គនាយកក្រុមហ៊ុនERA Cambodia ក៏បានលើកដែរឡើងថា ទីផ្សារខុនដូបានចាប់ផ្ដើមផ្លាស់ប្តូរ ពីអតិថិជនបរទេសស្ទើរទាំងស្រុងជាអ្នកទិញ មកជាអតិថិជនខ្មែរឬអតិថិជនក្នុងស្រុកជាបណ្ដើរៗហើយ តែយ៉ាងណាវិស័យខុនដូនៅកម្ពុជា ក៏នៅតែពឹងផ្អែកលើការវិនិយោគពីបរទេសផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here