ដោយៈ សុផារី
ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូន ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ បានចុះហត្ថលេខាសាងសង់ដល់ក្រុមហ៊ុន២ ក្នុងការសាងសង់កំណាត់ផ្លូវជាតិលេខ៥ ពីធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត ដែលជាកញ្ចប់ទី៤នៃគម្រោងផ្លូវជាតិលេខ៥ទាំងមូល។
ពិធីចុះហត្ថលេខានេះ ធ្វើឡើងដោយលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយសម្ព័ន្ធក្រុមហ៊ុន Construction Corporation No.1 – JSC (CC1) and Civil Engineering Construction Corporation No. 6 – JSC (CIENCO6) Joint Venture។
កំណាត់ផ្លូវជាតិលេខ៥ភាគកណ្តាល (ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត) ដែលត្រូវចុះហត្ថលេខានាពេលនេះ គ្រោងនឹងប្រើរយៈពេលសាងសង់ប្រមាណ៣២ខែ និងចំណាយថវិកាចំនួន៥២ ៥៦១៧៦៣,៩៣ដុល្លាអាមេរិក។
កញ្ចប់ទី៤នេះ នឹងពង្រីកផ្លូវចាស់ពី២គន្លង ទៅ៤គន្លង ក្រាលកម្រាល AC កម្រាស់១៥សម និងសួនច្បារកណ្តាលប្រវែង៣៥,១៤គីឡូម៉ែត្រ ចាប់ពីគម៣៦៦+៨១៥ ដល់ គម៤០២+០១០។
លោកស៊ុន ចាន់ថុលបានមានប្រសាសន៍ថា ផ្លូវជាតិលេខ៥ ជាផ្លូវដ៏បានសារៈសំខាន់ ដែលតភ្ជាប់ប្រទេសថៃ កម្ពុជា និងប្រទេសវៀតណាម តាមរយៈផ្លូវជាតិលេខ១ បង្កើតបានជាផ្លូវអាស៊ានហាយវេ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ឱ្យកាន់តែមានការរីកចម្រើន ជាពិសេសស្របពេលដែលកំណើនចរាចរណ៍ និងការដឹកជញ្ជូនមានការកើនឡើង។
កាលពីពេលថ្មីៗនេះ កំណាត់ផ្លូវជាតិលេខ៥ ពីបាត់ដំបង-សិរីសោភ័ណ ប្រវែង៨៤,៧៤ គីឡូម៉ែត្រទើបតែបានបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ កន្លងទៅ។
រាជរដ្ឋាភិបាលកម្ពុជា បានទទួលកម្ចីឥណទានសម្បទាន ពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដែលមានទំហំទឹកប្រាក់សរុប ៣៦,៩១០លានយ៉េន ប្រមាណ៣១៣លានដុល្លាអាមេរិក សម្រាប់អនុវត្តគម្រោង ធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ភាគកណ្តាល ដែលផ្តើមសាងសង់ចាប់ពីធ្លាម្អម ទៅដល់បាត់ដំបង ប្រវែង១១០,៩០គីឡូម៉ែត្រ និងបូកបញ្ចូលផ្នែកចុងក្រោយ ចាប់ពីសិរីសោភ័ណទៅដល់ប៉ោយប៉ែត ប្រវែង៣៥,១៤គីឡូម៉ែត្រ សរុបមានប្រវែង១៤៦,០៤ គីឡូម៉ែត្រ៕