សម្តេចតេជោអញ្ជើញជាអធិតបីសម្ភោធអគារមជ្ឈមណ្ឌលព្យាបាលជំងឺត្រចៀកតម្លៃ៨លានដុល្លារនៅថ្ងៃនេះ

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោកបណ្ឌិត ផាក ហ៉ឹងក្យុង ឯកអគ្គរាជទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី២៨ មិនានេះ នឹងអញ្ជើញសម្ពោធដាក់ដំណើរការជាផ្លូវការ នូវអគារជំងឺត្រចៀក ច្រមុះ បំពង់ក មិត្តភា​ព​កម្ពុជា-កូរ៉េ។

សមិទ្ឋផល ដែលបានប្រសូត្រចេញមកពីផ្លែផ្កានៃ “គម្រោងការកសាងសមត្ថភាពសម្រាប់មជ្ឍមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៅមន្ទីរពេទ្យព្រះអង្គឌួង”។

អស់រយៈពេលបួនឆ្នាំ បន្ទាប់ពីការចុះហត្ថលេខាលើកំណត់ត្រា នៃកិច្ចពិភាក្សា (RoD) លើគម្រោងការកសាងសមត្ថភាពសម្រាប់មជ្ឍមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៅមន្ទីរពេទ្យព្រះអង្គឌួង រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានប្រគល់អគារជំងឺត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ ដែលមានតម្លៃសរុបក្នុងគម្រាងទាំងមូល៨លានដុល្លារអាមេរិក ដល់រដ្ឋាភិបាលកម្ពុជា។
អគារជំងឺត្រចៀក ច្រមុះ បំពង់ក ត្រូវបានបង្កើតឡើង ដើម្បីផ្តល់ការព្យាបាលឯកទេស សម្រាប់អ្នកដែលមានបញ្ហាត្រចៀក ច្រមុះ និងបំពង់ក។

អគារមានកម្ពស់ប្រាំជាន់នេះ បំពាក់ដោយឧបករណ៍ទំនើបសម្រាប់ការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងការវះកាត់ ត្រូវបានសាងសង់ នៅក្នុងបរិវេណមន្ទីរពេទ្យព្រះអង្គឌួង ដើម្បីជួយកែលម្អសេវាវេជ្ជសាស្រ្តនៅក្នុងមន្ទីរពេទ្យនេះ។ អគារជំងឺត្រចៀក ច្រមុះ បំពង់ក ថ្មីនេះមានទំហំសរុបជាង៤,១៧៧ម៉ែត្រការ៉េ មានគ្រែសរុបចំនួន១២៨គ្រែ រួមមាន ផ្នែកពិនិត្យពិគ្រោះជំងឺក្រៅ បន្ទប់វះកាត់ បន្ទប់ក្រោយវះកាត់ និងបន្ទប់សង្គ្រោះបន្ទាន់។

ក្រៅពីការធ្វើឱ្យប្រសើរឡើង នូវហេដ្ឋារចនាសម្ព័ន្ធរូបវន្ត សមត្ថភាពរបស់វេជ្ជបណ្ឌិតឯកទេស និងបុគ្គលិកត្រូវបានធ្វើឱ្យប្រសើរឡើង តាមរយៈការផ្តល់នូវកម្មវិធីបណ្តុះបណ្តាល ក្នុងសេវាកម្ម និងការផ្ទេរចំណេះដឹងកម្រិតខ្ពស់ និងការចែករំលែកបទពិសោធន៍ពីវេជ្ជបណ្ឌិតកូរ៉េផងដែរ។

អគារជំងឺត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ ត្រូវបានសាងសង់ឡើង បន្ទាប់ពីការសាងសង់ អគារចក្ខុរោគ មិត្តភាពកម្ពុជា-កូរ៉េ ក្នុងបរិវេណមន្ទីរពេទ្យព្រះអង្គឌួង។

អគារចក្ខុរោគ បានរូមចំណែកធ្វើឱ្យប្រសើរឡើង នូវសមត្ថភាពនៃការស្រាវជ្រាវជំងឺភ្នែក និងសេវាវេជ្ជសាស្រ្ត ហើយរួមចំណែកដល់អត្រានៃការបង្ការពិការភ្នែក និងការកែលម្អសេវាថែទាំភ្នែកទូទៅក្នុងប្រទេសកម្ពុជា។ មុនពេលសាងសង់អគារចក្ខុរោគ មិត្តភាព កម្ពុជា-កូរ៉េ មន្ទីរពេទ្យព្រះអង្គឌួង មានសមត្ថភាពទទួលអ្នកជំងឺប្រមាណតែ ៣០០នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ។

បន្ទាប់ពីការសាងសង់អគារនេះ គិតត្រឹមឆ្នាំ២០២១ មន្ទីរពេទ្យមានសមត្ថភាពទទួល អ្នកជំងឺបានចន្លោះ១,០០០នាក់ រហូតដល់មួយ១,៥០០នាក់ក្នុងមួយថ្ងៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here