មន្រ្តីពាណិជ្ជកម្មអឺរ៉ុប : កម្ពុជា ជាប្រទេសមានភាពអំណោយផលដល់ការវិនិយោគ

0

ដោយ : ស៊ីវ ម៉េង

ភ្នំពេញ : មន្រ្តីជាន់ខ្ពស់សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជាបានអះអាងថា កម្ពុជា​ជាប្រទេសមានភាពអំណោយផលដល់ការវិនិយោគ បើធៀបជាមួយបណ្តាប្រទេស​ផ្សេងទៀត ក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន។

លោក Tasilo Brinzer អនុប្រធាននៃសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំប្រទេសកម្ពុជា បាន​មាន​ប្រសាសន៍ ក្នុងកិច្ចពិភាក្សាជាមួយអ្នកសារព័ត៌មានស្ដីពី “ធុរកិច្ចរបស់សហភាព​អឺរ៉ុប និងប្រទេ​សកម្ពុជា” នៅព្រឹកថ្ងៃទី៤ ខែតុលានេះថា កម្ពុជាជាប្រទេសមានភាព​អំណោ​យ​ផលមួយសម្រាប់ការវិនិយោគ បើធៀបនឹងប្រទេសជិតខាងដទៃទៀត។ ជាពិ​សេ​សកម្ពុជាមានកំណើនសេដ្ឋកិច្ចល្អប្រសើរ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោកបន្តថា សព្វថ្ងៃសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា កំពុងរៀបចំកម្មវិធីជាច្រើន​ដើម្បី​ជាការទាក់ទាញ ដល់បណ្ដាវិនិយោគគិនក្នុងសហភាពអឺរ៉ុប មកបណ្ដាក់ទុននៅ​កម្ពុជា​បន្ថែមទៀតផងដែរ។ លោកបន្តថា “សព្វថ្ងៃក្រុមហ៊ុនមកពីសហភាពអឺរ៉ុប ដែល​មកបណ្ដាក់ទុននៅកម្ពុជា មានចំនួនរហូតដល់ជាង៥០០ក្រុមហ៊ុន ដោយពួកគេបាន​វិនិយោ​គ​លើវិស័យជាច្រើន”។

យោងតាមរបាយការណ៍របស់សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា បានឲ្យដឹងថា ទំ​ហំ​ពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប និងកម្ពុជាមានភាពល្អប្រសើរជាខ្លាំង  ដោយកាលពីឆ្នាំ ២០១៧កន្លងមក កម្ពុជាបាននាំចេញមុខទំនិញសំខាន់ៗដូចជា ខោអាវ ស្បែកជើង អង្ករ កង់ ម្រេច ទៅកាន់ទីផ្សារសហភាពអឺរ៉ុប ក្នុងទំហំទឹកប្រាក់រហូតដល់ ៥, ៥ ប៊ីលានយូរ៉ូ។ រីឯការនាំចូលមុខទំនិញពី សហភាពអឺរ៉ុបមកកម្ពុជាវិញ មានទំហំ​ទឹកប្រាក់​ត្រឹមតែប្រមាណ៨៥០លានយូរ៉ូប៉ុណ្ណោះ។

ចំណែកលោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបបានលើកឡើងផង​ដែរថា សព្វថ្ងៃវត្តមានរបស់ក្រុមហ៊ុនមកពីសហភាពអឺរ៉ុប សុទ្ធតែគោរពតាមលក្ខណ្ឌ​ត្រឹមត្រូវ តាមលក្ខណៈស្តង់ដា  គោរពច្បាប់ នឹងផ្ដល់ប្រាក់បៀរវត្សន៍ខ្ពស់ និងមាន​ការងារ​ជាប់លាប់សម្រាប់ប្រជាពលរដ្ឋកម្ពុជា៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here