ដោយ : ស៊ីវ ម៉េង
ភ្នំពេញ : មន្រ្តីជាន់ខ្ពស់សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជាបានអះអាងថា កម្ពុជាជាប្រទេសមានភាពអំណោយផលដល់ការវិនិយោគ បើធៀបជាមួយបណ្តាប្រទេសផ្សេងទៀត ក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន។
លោក Tasilo Brinzer អនុប្រធាននៃសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ ក្នុងកិច្ចពិភាក្សាជាមួយអ្នកសារព័ត៌មានស្ដីពី “ធុរកិច្ចរបស់សហភាពអឺរ៉ុប និងប្រទេសកម្ពុជា” នៅព្រឹកថ្ងៃទី៤ ខែតុលានេះថា កម្ពុជាជាប្រទេសមានភាពអំណោយផលមួយសម្រាប់ការវិនិយោគ បើធៀបនឹងប្រទេសជិតខាងដទៃទៀត។ ជាពិសេសកម្ពុជាមានកំណើនសេដ្ឋកិច្ចល្អប្រសើរ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោកបន្តថា សព្វថ្ងៃសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា កំពុងរៀបចំកម្មវិធីជាច្រើនដើម្បីជាការទាក់ទាញ ដល់បណ្ដាវិនិយោគគិនក្នុងសហភាពអឺរ៉ុប មកបណ្ដាក់ទុននៅកម្ពុជាបន្ថែមទៀតផងដែរ។ លោកបន្តថា “សព្វថ្ងៃក្រុមហ៊ុនមកពីសហភាពអឺរ៉ុប ដែលមកបណ្ដាក់ទុននៅកម្ពុជា មានចំនួនរហូតដល់ជាង៥០០ក្រុមហ៊ុន ដោយពួកគេបានវិនិយោគលើវិស័យជាច្រើន”។
យោងតាមរបាយការណ៍របស់សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា បានឲ្យដឹងថា ទំហំពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប និងកម្ពុជាមានភាពល្អប្រសើរជាខ្លាំង ដោយកាលពីឆ្នាំ ២០១៧កន្លងមក កម្ពុជាបាននាំចេញមុខទំនិញសំខាន់ៗដូចជា ខោអាវ ស្បែកជើង អង្ករ កង់ ម្រេច ទៅកាន់ទីផ្សារសហភាពអឺរ៉ុប ក្នុងទំហំទឹកប្រាក់រហូតដល់ ៥, ៥ ប៊ីលានយូរ៉ូ។ រីឯការនាំចូលមុខទំនិញពី សហភាពអឺរ៉ុបមកកម្ពុជាវិញ មានទំហំទឹកប្រាក់ត្រឹមតែប្រមាណ៨៥០លានយូរ៉ូប៉ុណ្ណោះ។
ចំណែកលោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបបានលើកឡើងផងដែរថា សព្វថ្ងៃវត្តមានរបស់ក្រុមហ៊ុនមកពីសហភាពអឺរ៉ុប សុទ្ធតែគោរពតាមលក្ខណ្ឌត្រឹមត្រូវ តាមលក្ខណៈស្តង់ដា គោរពច្បាប់ នឹងផ្ដល់ប្រាក់បៀរវត្សន៍ខ្ពស់ និងមានការងារជាប់លាប់សម្រាប់ប្រជាពលរដ្ឋកម្ពុជា៕