ដោយៈវឌ្ឈនៈ
ភ្នំពេញៈ តំបន់ជុំវិញរាជធានីភ្នំពេញ បន្តមានសក្ដានុពលខ្ពស់សម្រាប់ការវិនិយោគ ដោយអ្នកវិនិយោគអាចទិញដីទុកចំណេញនៅពេលអនាគត ជាពិសេសតំបន់ដែលចេញពីភ្នំពេញ ប្រមាណ៣០គីឡូម៉ែត្រនៅតែមានឱកាសក្នុងការឡើងថ្លៃបន្តទៀត។
ផែនការពង្រីកទីក្រុងរបស់រដ្ឋាភិបាល នឹងធ្វើឡើងក្នុងបរិបទខាងលើនេះ នៅឆ្នាំ២០៣៥ខាងមុខ ដោយដែនដីភាគខាងជើងរាជធានីភ្នំពេញ ក្នុងខេត្តកណ្តាល នឹងត្រូវកាត់បញ្ចូលក្នុងដែនរដ្ឋបាលរាជធានីភ្នំពេញ។ នេះបើតាមផែនការលំអិតប្រើប្រាស់ដីធ្លីរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
លោកឌឹត ចណ្ណា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ឡាក់គី បានឱ្យដឹងនាព្រឹកថ្ងៃទី២៨ មិនានេះថា តំបន់ជុំវិញរាជធានីភ្នំពេញនៅតែមានសក្ដានុពលខ្ពស់ ក្នុងការវិនិយោគលើដីធ្លី និងអាចរកប្រាក់ចំណេញបាន នៅពេលអនាគតឆាប់ៗនេះ ។តំបន់ជុំវិញរាជធានីភ្នំពេញ ក៏មានសក្ដានុពល ក្នុងការអភិវឌ្ឍអចលនទ្រព្យខុសៗគ្នាដែរ ។
លោកបន្តថា “កត្តាដែលជំរុញឱ្យតំបន់ជុំវិញក្រុងភ្នំពេញ នៅតែមានសក្ដានុព លក្នុងការបន្តឡើងថ្លៃបន្ថែមទៀត ដោយសារតែគម្រោងពង្រីកក្រុងភ្នំពេញ ដែលធ្វើឱ្យមានការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធថ្មីៗជាបន្តបន្ទាប់ ដូចជាផ្លូវ ទឹក ភ្លើងជាដើម”។
លោកបន្តថា បច្ចុប្បន្ននេះ អ្នកអភិវឌ្ឍន៍លំនៅឋានជាច្រើនបានងាកទៅរកតំបន់ជាយក្រុង ក្នុងការអភិវឌ្ឍន៍គម្រោងរបស់ខ្លួន ដើម្បីផ្គត់ផ្គង់ ជូនប្រជាពលរដ្ឋដែលមានតម្រូវការ ហើយតម្រូវការលំនៅឋាន ក៏នៅតែមើលឃើញថា មានកំណើនខ្ពស់ទោះបីជាស្ថិតនៅក្នុងវិបត្តិនៃជំងឺកូវីដ១៩ក៏ដោយ។ ដោយសារតែកត្តានេះ ទើបធ្វើឱ្យតម្រូវការដីធ្លី នៅតំបន់ជាយរាជធានីភ្នំពេញ នៅតែមានកំណើនប្រើប្រាស់ច្រើនផងដែរ ។
លោកឌិត ចណ្ណាបន្ថែមថា បច្ចុប្បន្ននេះតម្លៃដីធ្លីនៅចំងាយ៣០គីឡូម៉ែត្រចេញពីក្រុង មានតម្លៃចន្លោះពី៥០ដុល្លារ ទៅ១០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ និងមានដីធ្លីខ្លះមានតម្លៃខ្ពស់ជាងនេះផងដែរ ។
ជាមួយគ្នានេះ លោកង៉ែត ដារ៉ា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យអាយ រីជឈី បានឱ្យដឹងថា តម្រូវការលំនៅឋាននៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញ នៅតែមានកំនើន ទើបធ្វើ ឱ្យអ្នកអភិវឌ្ឍន៍លំនៅឋានបន្ត ចេញគម្រោងថ្មី២របស់ខ្លួនបន្ថែមទៀត ទោះបីជាស្ថិតនៅក្នុងវិបត្តិនៃកូវីដ១៩ក៏ដោយ។
ជាក់ស្ដែងយើងឃើញស្រាប់ហើយ គម្រោងអភិវឌ្ឍន៍លំនៅឋានថ្មីៗបានប្រកាសអភិវឌ្ឍន៍ និងមានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ ដែលមានតម្រូវការផ្ទះស្នាក់នៅ ក្នុងនោះតំបន់ជាយៗក្រុងមានសក្ដានុពលលើការអភិវឌ្ឍលំនៅឋាននេះជាងគេ ។
លោកបន្តថា “នៅរយៈពេល២ឬ៣ឆ្នាំខាងមុខទៀត ការអភិវឌ្ឍនៅតំបន់ជាយក្រុង នឹងកាន់តែមានសក្ដានុពលបន្ថែមទៀត ស្របពេលកណ្ដាលក្រុងតម្លៃដីធ្លី កាន់តែខ្ពស់ហើយការអភិវឌ្ឍក៏ផ្ដោតលើអគារខ្ពស់ៗខុនដ និងអគារពាណិជ្ជកម្មជាដើម”៕