រដ្ឋាភិបាល​ចាប់ផ្តើម​ធ្វើសង្គ្រាម​ជាមួយ​សំរាម ជា​អាទិភាព​ក្នុង​អាណត្តិ​ថ្មី​នេះ

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ រដ្ឋាភិបាល​តាមរយៈ​គ​ណៈ​ក​ម្មា​ធិ​ការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានដាក់​ចេញ​គោលនយោបាយ​អាទិភាព​ទី១ គឺ​ការ​កំចាត់​សំរាម​នៅក្នុង​អាណត្តិរ ដ្ឋា​ភិ​បាល​ទី៦នេះ។

ឧបនាយករដ្ឋមន្ត្រី​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័​ន្ឋ​មុនី​រ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កាលពី​ថ្ងៃទី៣ តុលា​កន្លងមកនេះ បាន​ដឹកនាំ​កិច្ចប្រជុំ​ក្រុម​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​លើកយក​របៀបវារៈធំៗចំនួន៣ ក្នុងនោះ​វារៈ​ទី១ ការពិនិត្យ​រៀបចំ​គោលនយោបាយ​ទឹកចិត្ត ឱ្យមាន​ការកែច្នៃ​សំណល់​រឹង និង​គម្រោង​ទុកដាក់​សំរាម និង​ការស្នើសុំ​ការគាំទ្រ​ផ្នែក​បច្ចេកទេស និង​ឥណទាន​ខ្នាតតូច​ដល់​សហគមន៍​មូលដ្ឋាន​ជាដើម ។ ជាក់ស្តែង​នៅ​ឆ្នាំ២០១៧ តាម​ការប៉ាន់ប្រមាណ​នៅ​ទូទាំង​កម្ពុជា បរិមាណ​សំរាម​សំណល់​រឹង​នៅ​ទីប្រជុំជន បាន​បង្កើតឡើង​គឺ​ប្រមាណ ៣,៦៥ លាន​តោន​ក្នុង​មួយឆ្នាំ។ ចំណែក​នៅ​រាជធានី​ភ្នំពេញ​មាន​ប្រមាណ៣ពាន់​តោន/ថ្ងៃ។

កិច្ចប្រជុំ​ដដែល​បានដាក់​ចេញ​នូវ​ផែនការ​អាទិភាព ដោយ​ផ្តោតលើ​ការកែច្នៃ និង​ការគ្រប់គ្រង​សំរាម និង​សំណល់​រឹង គឺ​ត្រូវការ​យន្តការ​ដោះស្រាយ​ជា​កញ្ចប់ ដែលមាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ ដោយ​គិត​អំពី​គោលការណ៍ធំៗរួមមាន ការ​ទុកដាក់​សំរាម, ការប្រមូល និង​ការកែច្នៃ​សំរាម ដែល​ប្រការនេះ​ទាមទារ​ជា​ចាំបាច់​នូវ​ក្របខ័ណ្ឌ​ច្បាប់/លិខិតបទដ្ឋាន​គតិយុត្ត ក្របខ័ណ្ឌ​គោលនយោបាយ វិធានការ និង​ផែនការ​សកម្មភាព ជាពិសេស​ការចូលរួម​ពី​អន្តរក្រសួង-ស្ថាប័ន​ពាក់ព័ន្ធសំខាន់ៗ ទន្ទឹមនឹង​ការបណ្តុះ​ស្មារតី​ចូលរួម​ពី​ប្រជាជន​ទូទាំងប្រទេស។

ទី២ គណកម្មាធិការ​នេះ ក៏បាន​ជំរុញ​ការអនុវត្ត​វិធានការសំខាន់ៗ ពាក់ព័ន្ធ​នឹង​វិស័យសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​បាន​ដាក់ចេញ​នៅក្នុង​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី៤ ក្នុងនោះ​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើរតួនាទី​សំខាន់​ក្នុងការ​តាមដាន ត្រួតពិនិត្យ និង​វាយតម្លៃ​ការអនុវត្ត​វិធានការសំខាន់ៗ ពាក់ព័ន្ធ​នឹង​វិស័យសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​បាន​ដាក់ចេញ​ក្នុង“យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៤”នាពេលថ្មីៗនេះ។

ចំណុច​ទី៣ ការពិភាក្សា​លើ​សេចក្តីព្រាង​ក្របខ័ណ្ឌ​គោលដៅ អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា ឆ្នាំ២០១៦-២០៣០ ដោយ​អង្គ​ប្រជុំបាន​បន្ត​ពិនិត្យ និង​ពិភាក្សា​ឡើងវិញ​នូវ​ឯកសារ​ក្របខ័ណ្ឌ​អភិវឌ្ឍន៍ ប្រកបដោយ​ចីរភាព​កម្ពុជា​ឆ្នាំ២០១៦-២០៣០ និង​បាន​ប្រជុំបាន​វាយតម្លៃ​ខ្ពស់​ពី​សារៈសំខាន់ និង​ផ្តល់​ធាតុ​ចូល​បន្ថែម​ធ្វើឱ្យ​សេចក្តីព្រាង​នេះ​កាន់​តែមាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ ផ្សារភ្ជាប់​នឹង​សូចនាករ ដែលមាន​លក្ខណៈ​អាច​វាស់វែង​បាន និង​ខ្លឹមសារ​មាន​សង្គតិភាព​ជាមួយ​ឯកសារ​ពាក់ព័ន្ធ​នានា របស់​រាជរដ្ឋាភិបាល​ដែល​បាន​ដាក់ចេញ​នាពេល​កន្លងទៅ និង​ស្នើសុំ​ដាក់​សេចក្តីព្រាង​នេះ​ជូន​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​នាពេលខាងមុខ​ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here