ដោយ ដែន ចែងចាំង
ភ្នំពេញ៖ រដ្ឋាភិបាលតាមរយៈគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ចេញគោលនយោបាយអាទិភាពទី១ គឺការកំចាត់សំរាមនៅក្នុងអាណត្តិរ ដ្ឋាភិបាលទី៦នេះ។
ឧបនាយករដ្ឋមន្ត្រីអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ឋមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីថ្ងៃទី៣ តុលាកន្លងមកនេះ បានដឹកនាំកិច្ចប្រជុំក្រុមគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកយករបៀបវារៈធំៗចំនួន៣ ក្នុងនោះវារៈទី១ ការពិនិត្យរៀបចំគោលនយោបាយទឹកចិត្ត ឱ្យមានការកែច្នៃសំណល់រឹង និងគម្រោងទុកដាក់សំរាម និងការស្នើសុំការគាំទ្រផ្នែកបច្ចេកទេស និងឥណទានខ្នាតតូចដល់សហគមន៍មូលដ្ឋានជាដើម ។ ជាក់ស្តែងនៅឆ្នាំ២០១៧ តាមការប៉ាន់ប្រមាណនៅទូទាំងកម្ពុជា បរិមាណសំរាមសំណល់រឹងនៅទីប្រជុំជន បានបង្កើតឡើងគឺប្រមាណ ៣,៦៥ លានតោនក្នុងមួយឆ្នាំ។ ចំណែកនៅរាជធានីភ្នំពេញមានប្រមាណ៣ពាន់តោន/ថ្ងៃ។
កិច្ចប្រជុំដដែលបានដាក់ចេញនូវផែនការអាទិភាព ដោយផ្តោតលើការកែច្នៃ និងការគ្រប់គ្រងសំរាម និងសំណល់រឹង គឺត្រូវការយន្តការដោះស្រាយជាកញ្ចប់ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដោយគិតអំពីគោលការណ៍ធំៗរួមមាន ការទុកដាក់សំរាម, ការប្រមូល និងការកែច្នៃសំរាម ដែលប្រការនេះទាមទារជាចាំបាច់នូវក្របខ័ណ្ឌច្បាប់/លិខិតបទដ្ឋានគតិយុត្ត ក្របខ័ណ្ឌគោលនយោបាយ វិធានការ និងផែនការសកម្មភាព ជាពិសេសការចូលរួមពីអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធសំខាន់ៗ ទន្ទឹមនឹងការបណ្តុះស្មារតីចូលរួមពីប្រជាជនទូទាំងប្រទេស។
ទី២ គណកម្មាធិការនេះ ក៏បានជំរុញការអនុវត្តវិធានការសំខាន់ៗ ពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានដាក់ចេញនៅក្នុងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ក្នុងនោះគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើរតួនាទីសំខាន់ក្នុងការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តវិធានការសំខាន់ៗ ពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានដាក់ចេញក្នុង“យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤”នាពេលថ្មីៗនេះ។
ចំណុចទី៣ ការពិភាក្សាលើសេចក្តីព្រាងក្របខ័ណ្ឌគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ឆ្នាំ២០១៦-២០៣០ ដោយអង្គប្រជុំបានបន្តពិនិត្យ និងពិភាក្សាឡើងវិញនូវឯកសារក្របខ័ណ្ឌអភិវឌ្ឍន៍ ប្រកបដោយចីរភាពកម្ពុជាឆ្នាំ២០១៦-២០៣០ និងបានប្រជុំបានវាយតម្លៃខ្ពស់ពីសារៈសំខាន់ និងផ្តល់ធាតុចូលបន្ថែមធ្វើឱ្យសេចក្តីព្រាងនេះកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ ផ្សារភ្ជាប់នឹងសូចនាករ ដែលមានលក្ខណៈអាចវាស់វែងបាន និងខ្លឹមសារមានសង្គតិភាពជាមួយឯកសារពាក់ព័ន្ធនានា របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញនាពេលកន្លងទៅ និងស្នើសុំដាក់សេចក្តីព្រាងនេះជូនកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាពេលខាងមុខផងដែរ៕