ដោយ៖ សុខុម
បាងកក: ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE Thailand បានកំណត់គោលដៅលក់អចលនទ្រព្យប្រភេទលំនៅដ្ឋានឱ្យបានជាង៤១២លានដុល្លារអាមេរិក នៅឆ្នាំ២០២២ នេះជាមួយនឹងកំណើន១៥% ដោយផ្ទះប្រណីតប្រភេទទាបៗ និងផ្ទះលម្ហែកាយជាចលករដ៏សំខាន់នៅក្នុងការជំរុញកំណើន។
លោកស្រី Artitaya Kasemlawan ប្រធានគម្រោងលក់លំនៅដ្ឋានប្រចាំក្រុមហ៊ុន CBRE បានលើកឡើងថា តម្រូវការផ្ទះប្រណីតប្រភេទទាបៗ និងផ្ទះលម្ហែកាយបានចាប់ផ្តើមកើនឡើងក្នុងឆ្នាំ២០២០ ហើយនឹងបន្តកើនឡើងនៅឆ្នាំ២០២២ នេះទៀត បន្ទាប់ពីការលក់ក្នុងផ្នែកទាំងពីរនេះបានកើនឡើងអំឡុងពេលរីករាលដាលវីរុសកូវីដ-១៩។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយកាលពីថ្ងៃសុក្រ ទី០១ ខែមេសា។
លោកស្រីបានបន្តថា “វិបត្តិកូវីដ-១៩ បានផ្លាស់ប្តូរឥរិយាបថរបស់អ្នកទិញផ្ទះ។ អតិថិជនភាគច្រើនស្វែងរកទិញផ្ទះដែលមានផ្ទៃធំទូលាយជាមុន ព្រោះពួកគេត្រូវការចំណាយពេលនៅផ្ទះច្រើនជាងមុន ធ្វើសកម្មភាពផ្សេងៗជាមួយក្រុមគ្រួសារ និងធ្វើការងារផងដែរ”។
នៅក្នុងឆ្នាំ២០២១ ក្រុមហ៊ុន CBRE រកចំណូលបានជាង៣៥៨លានដុល្លារអាមេរិក ពីការលក់ ដោយកើនឡើងជាង៣០%ធៀបនឹងឆ្នាំ២០២០ ហើយក្នុងនោះ៥៨%ទទួលបានពីផ្ទះប្រភេទទាបៗ (៣៩%) និងផ្ទះលម្ហែកាយ (១៩%)។
ការលក់ផ្ទះប្រភេទទាបៗក្នុងឆ្នាំ២០២១ ក៏កើនឡើង៦៩%ដែរធៀបនឹងឆ្នាំ២០២០ ដោយទទួលបានកំណើន៣ឆ្នាំជាប់ៗគ្នា។
ការលក់រួមបញ្ចូលគ្នានូវផ្ទះប្រភេទទាបៗ និងផ្ទះលម្ហែកាយបានកើនឡើងពី១៤%ក្នុងឆ្នាំ២០១៩ ដល់៥៦%ក្នុងឆ្នាំ២០២០ និង៥៨%ក្នុងឆ្នាំ២០២២។
លោកស្រី Artitaya Kasemlawan បានលើកឡើងថា នៅមុនពេលផ្ទុះវិបត្តិកូវីដ-១៩ ទីផ្សារខុនដូមានសន្ទុះកើនឡើងខ្លាំង និងគ្របដណ្ដប់ដល់ទៅ៨៥,៩%នៃការលក់អចលនទ្រព្យសរុបរបស់ក្រុមហ៊ុន CBRE ក្នុងឆ្នាំ២០១៩ មុនពេលប្រឈមនឹងការធ្លាក់ចុះយ៉ាងខ្លាំងមកនៅត្រឹម៤៣,២%ក្នុងឆ្នាំ២០២០ និង៤២%ក្នុងឆ្នាំ២០២១៕