គួរទិញផ្ទះនៅជាយក្រុងឬទិញខុនដូនៅពេលទីក្រុងកាន់តែមានមនុស្សច្រើន និងការកកស្ទះចរាចរណ៍កើនឡើង?

0

       ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញថា ការអភិវឌ្ឍផ្ទះល្វែង នៅតំបន់ជាយក្រុងមានការរីកចម្រើន គួរឱ្យកត់សម្គាល់ខណៈការអភិវឌ្ឍខុនដូ ក៏មានសន្ទុះរីកចម្រើនដោយភាគច្រើន នៅកណ្ដាលក្រុង ក្នុងនោះដែរអតិថិជននៃផ្ទះល្វែង និងខុនដូក៏មានភាពខុសដែរ ដោយផ្ទះល្វែងភាគច្រើនជាអតិថិជនក្នុងស្រុក ហើយខុនដូជាជនបរទេស។

សម្រាប់អ្នកចង់ទិញផ្ទះស្នាក់នៅ គួរតែជ្រើសរើសយកខុនដូ ឬក៏ផ្ទះជាប់ដីនៅជាយក្រុង? ថ្ងៃនេះអ្នកជំនាញនៃវិស័យខុនដូ នឹងបកស្រាយលម្អិតពីជម្រើសក្នុងការទិញផ្ទះសម្រាប់ស្នាក់នៅ ។

លោកខន គង្គា អគ្គនាយកក្រុមហ៊ុន ERA Cambodia បានមានប្រសាសន៍ នៅក្នុងកិច្ចសម្ភាសន៍មួយនៅរសៀលថ្ងៃទី១១ មេសា ២០២២នេះថា តាមពិតទៅប្រជាជនកម្ពុជា បានទទួលបទពិសោធន៍ក្នុងការរស់នៅអគារសហកម្មសិទ្ធិយូរមកហើយ ជាក់ស្ដែងសំណង់ទាំងនោះក៏បានបន្សល់ទុករហូតមកដល់បច្ចុប្បន្ននេះដែរ ដូចជាអគារប៊ូលឌីង អគារចាស់ៗនៅតាមផ្លូវព្រះមុនីវង្ស ជាជាដើម ។

លោកបន្តថា “ការរស់នៅក្នុងសហកម្មសិទ្ធិ នៅជំនាន់នោះមិនទាន់មានភាពទំនើបដូចបច្ចុប្បន្ននោះទេ ទើបតែក្នុងអំឡុងឆ្នាំ២០០៦ កម្ពុជាក៏ចាប់ផ្ដើម អភិវឌ្ឍន៍អគារសហកម្មសិទ្ធិ ដែលគេហៅថា អគារខុនដូ”។ លោក​បន្តថា “ការអភិវឌ្ឍផ្ទះល្វែងផ្ទះជាប់ដី ក៏បានចាប់ផ្ដើមអនុវត្តន៍យូរមកហើយដែរ ជាក់ស្ដែងនៅជុំវិញផ្សារនៅរាជធានីភ្នំពេញ ដូចជាផ្សារអូរឬស្សី ផ្សារ អូរឡាំពិក ផ្សារថ្មីសុទ្ធតែសំណង់ផ្ទះល្វែង”។

ក្រោយមកសំណង់នេះ ក៏បានរីកដុះដាលកាន់តែខ្លាំងនៅតំបន់ជាយៗក្រុង និងកាន់តែច្រើនរហូតមកអភិវឌ្ឍន៍ទៅជាបុរី ។

លោកខន គង្គាបានបន្តថា ការជ្រើសរើសសំណង់ ផ្ទះល្វែងឬខុនដូ គឺអាស្រ័យ ទៅតាមទំនោររបស់មនុស្សយើងម្នាក់ៗ។ អ្នកខ្លះគាត់ត្រូវការភាពទំនើបកម្ម គឺការរស់នៅដោយភាពងាយស្រួល ហើយខ្លះទៀត ត្រូវការភាពស្ងប់ស្ងាត់ ខ្លះត្រូវការភាពអ៊ូរអរជាដើម ។

លោកពន្យល់ថា “ការរស់នៅក្នុងខុនដូគឺមានភាពទំនើប ដូចនឹងបរទេស ដោយសារតែក្នុងខុនដូ មានផ្សារទំនើបៗ  មានអាងហែលទឹក ជាកន្លែងឯកជនភាព”។ លោបន្តថា “សម្រាប់ផ្ទះល្វែង គឺជាបណ្ដុំផ្ទះជាប់ដី និងមានមនុស្សអ៊ូរអរ ចេញចូល និងមានទីធ្លាទូលាយ”។
លោកបន្ថែមថា ការរស់នៅផ្ទះជាប់ដីនៅជាយក្រុង និងការរស់នៅផ្ទះជាលក្ខណៈខុនដូ មិនមែនថាមួយណាល្អជាងមួយណាទេ តែយើងត្រូវគិតពីចំណុចមួយចំនួននៃការរស់នៅក្នុងខុនដូ និងផ្ទះល្វែង ។ ទីតាំងខុនដូភាគច្រើននៅកណ្ដាលក្រុង និងមានទីតាំងជិតតំបន់ ឬក្នុងតំបន់ពាណិជ្ជកម្ម ដូច្នេះអ្នកមិនចង់ធ្វើដំណើរ ឬចំណាយពេលវេលាច្រើន ក្នុងការធ្វើដំណើរ ពីផ្ទះនៅជាយក្រុង ចូលកណ្ដាលក្រុងដើម្បីធ្វើការ គេអាចជ្រើសរើសយកខុនដូដើម្បីជាកន្លែងស្នាក់នៅ ។ ដោយឡែកអ្នកនៅផ្ទះជាប់ដី ក៏មានលក្ខណៈម្យ៉ាងពីការរស់នៅក្នុងខុនដូ ហើយប្រជាជនកម្ពុជាភាគច្រើន នៅតែចាប់អារម្មណ៍លើការរស់នៅផ្ទះជាប់ដីដដែល ។

ចំណែកលោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាក៏បានលើកឡើងផងដែរថា ដោយសារតែតម្លៃផ្ទះនៅក ណ្ដា​លក្រុងកាន់តែកើនឡើងខ្ពស់ អ្នកអភិវឌ្ឍន៍លំនៅឋានជាលក្ខណៈបុរីមិនអាចទិញដីនៅកណ្ដាលក្រុង សម្រាប់អភិវឌ្ឍន៍ជាលំនៅឋានបានទេ ដូច្នេះដីនៅកណ្ដាលក្រុង គេទិញសម្រាប់អភិវឌ្ឍន៍ជាអគារខ្ពស់ៗ ហើយសម្រាប់ផ្គត់ផ្គង់លំនៅឋានជាខុនដូ ដល់អ្នកដែលចង់ស្នាក់នៅជិតកន្លែងធ្វើការឬនៅតំពាណិជ្ជកម្ម ។

លោកបន្តថា “ពីព្រោះតែតម្លៃដីធ្លីនៅកណ្ដាលក្រុងកាន់តែខ្ពស់ ទើបធ្វើឱ្យអ្នកអភិវឌ្ឍន៍លំនៅឋានផ្ទះជាប់ដី ងាកទៅទិញដីនៅជាយៗក្រុងសម្រាប់សង់ផ្ទះលក់ជូនអ្នក ដែលត្រូវការទិញផ្ទះជាប់ដីស្នាក់នៅ”។ លោកបន្តថា “ការអភិវឌ្ឍលំនៅឋានជាប់ដីកាន់តែច្រើននេះហើយ ធ្វើឱ្យតំបន់ជាយក្រុងកាន់តែមានរីកចម្រើន ហើយតម្លៃដីនៅតំបន់នោះ ក៏បានឡើងថ្លៃបន្តបន្ទាប់ផងដែរ។

យោងតាមការសិក្សារបស់នាយកដ្ឋានស្ថិតិ នៃក្រសួងផែនការបានបង្ហាញថា ចំនួនប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញនៅឆ្នាំ២០៣០នឹងកើនដល់៣៦,៣ភាគរយ ដែលតាមការប៉ាន់ប្រមាណ ចំនួនប្រជាជននឹងមានចំនួនជាង៦លាននាក់ នៃចំនួនប្រជាពលរដ្ឋប៉ាន់ស្មាននៅទូទាំងប្រទេសនឹងកើនដល់ប្រមាណ១៨លាននាក់នៅទូទាំងប្រទេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here