ដោយវឌ្ឍនៈ
ភ្នំពេញៈ វិស័យអចលនទ្រព្យ ក៏ដូចជា សេដ្ឋកិច្ចនៃប្រទេសកម្ពុជា ត្រូវបានរំពឹងថានឹងប្រសើរឡើងវិញ នៅក្នុងឆ្នាំ២០២២នេះ ក្រោយវិបត្តិកូវីដ១៩ ហាក់បានធូរស្រាលឡើងវិញ។
ប៉ុន្តែក្តីសង្ឃឹមនេះបានស្លោកស្រពោនមកវិញ ដោយសារតែវិបត្តិនសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ចាប់តាំងពីដើមខែកុម្ភៈ២០២២មក ធ្វើឱ្យសេដ្ឋកិច្ចពិភពលោក រងទទួលបានផលប៉ះពាល់មួយជាន់ទៀត ក្នុងនោះកម្ពុជាក៏អាចនឹងប៉ះពាល់ពីសង្គ្រាមមួយនេះដែរ ។
លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជាបានលើកឡើងថា ផលប៉ះពាល់មកលើវិស័យអចលនទ្រព្យកម្ពុជាពីសង្ក្រាមនេះ វាអាស្រ័យលើរយៈពេលនេះនៃការបញ្ចប់សង្គ្រាម ។
មានប្រសាសន៍កាលពីចុងឆ្នាំសប្ដាហ៍មុននេះ លោកសុខនីម បានឱ្យដឹងថា វិស័យអចលនទ្រព្យកម្ពុជា ពិតជាទទួលរងនូវឥទ្ធិពលខ្លះ ពីវិបត្តិនៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលមិនអាចប្រកែកបាន ជាពិសេសធ្វើឱ្យតម្លៃថ្លៃដើមនៃសំណង់ខ្លះមានការប្រែប្រួល តែយ៉ាងណាវានឹងមិនប៉ះពាល់ធ្ងន់ធ្ងរនោះឡើយ។
លោកបន្តថា ”វិស័យអចលនទ្រព្យនៅកម្ពុជា នឹងមិនរងផលប៉ះពាល់ខ្លាំងនោះឡើយ បើសិនជាសង្គ្រាមរវាងប្រទេសរុស្ស៊ី និងប្រទេសអ៊ុយបញ្ចប់ទៅវិញឆាប់ៗ ប៉ុន្តែបើសិនជាស្ថានភាពអូសបន្លាយយូរ វានឹងធ្វើឱ្យមានផលប៉ះពាល់ខ្លាំង ដូចជា ទៅលើតម្លៃដើមនៃ គ្រឿងសំណង់មានការកើនឡើងខ្ពស់ តែសម្រាប់ការលក់ចេញ នៃសំណង់នឹងមិនមានការប្រែប្រួលតម្លៃទេ ដោយសារតែយើងទើបតែឆ្លងផុត ពីវិបត្តិកូវីដ១៩មិនទាន់បានប៉ុន្មានផង” ។
លោកបន្ថែមថា រំហូរវិនិយោគិនបរទេស ជាពិសេសវិនិយោគិនជនជាតិចិនបន្តមានចំនួនតិចតួច នៅដើមឆ្នាំ២០២២នេះ ប៉ុន្តែនៅពាក់កណ្ដាលឆ្នាំឬចុងឆ្នាំ២០២២នេះ យើងជឿជាក់រំហូរវិនិយោគិនបរទេស នឹងចូលមកកម្ពុជាឡើងវិញ ដើម្បីស្វែងរកការវិនិយោគនានា ក្នុងប្រទេសកម្ពុជាឡើងវិញ ។
យោងតាមរបាយការណ៍ និងទស្សនៈរបស់ធនាគារពិភពលោក ក៏បានបង្ហាញពីបញ្ហាប្រឈមមួយចំនួន លើសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នា២០២២នេះផងដែរ ដោយក្នុងនោះធនាគារពិភពលោកថា ខណៈដែលសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក មានភាពសកម្ម ការធ្លាក់ចុះនៃតម្រូវការជាសកល កំពុងតែធ្វើឱ្យមានការព្រួយបារម្ភ ។
ការបន្តឹងទីផ្សារហិរញ្ញវត្ថុ នៅសហរដ្ឋអាមេរិក ការប្រែប្រួលនៃកំណើន និងសមាសភាពសកម្មភាពសេដ្ឋកិច្ច ជាពិសេសនៅប្រទេសចិន និងសង្គ្រាមនៅប្រទេសអ៊ុយក្រែន និងជះឥទ្ធិពលអវិជ្ជមានដល់បរិ ស្ថានខាងក្រៅ ។
ធនាគារពិភពលោកបានព្យាករណ៍ថា ការកើនឡើងនៃតម្លៃថាមពល និងស្បៀង អាចប៉ះពាល់ដល់ទំនុកចិត្តរបស់អ្នកប្រើប្រាស់ និងធ្វើឱ្យសុខុមាលភាពប្រជាជនធ្លាក់ចុះ ប៉ះពាល់ជាអវិជ្ជមានដល់ការបន្ថយភាពក្រីក្រ។ ម្យ៉ាងវិញទៀត កំណើនឥណទានខ្ពស់ និងការផ្ដោតអារម្មណ៍លើឥណទានក្នុងវិស័យសំណង់ និងអចលនទ្រព្យនៅតែជាហានិភ័យមួយ យ៉ាងសំខាន់ចំពោះស្ថិរភាពហិរញ្ញវត្ថុនៅកម្ពុជា ៕