ដោយៈគង់ សូរិយា
ភ្នំពេញៈ ប្រសិនជាអ្វីៗសម្រេចបានតាមផែនការ និងមិនមានអ្វីប្រែប្រួល ខេត្តមណ្ឌលគិរីនឹងមានតម្រូវការបន្ទប់ស្នាក់នៅ រហូតដល់៧០០០បន្ទប់ ខណៈបច្ចុប្បន្នមានត្រឹម១២៣០ប៉ុណ្ណោះ។
យោងតាមឯកសារផែនការមេ អភិវឌ្ឍន៍វិស័យទេសចរណ៍ ខេត្តមណ្ឌលគិរីសម្រាប់ឆ្នាំ២០២១ ២០៣៥ និងបានប្រកាសដាក់ឲ្យប្រើប្រាស់កាលពីថ្ងៃទី១១ មេសាកន្លងមកបានឲ្យដឹង នៅក្នុងចំណុចទិសដៅយុទ្ធសាស្រ្តទី២ ដែលនិយាយ អំពីការអភិវឌ្ឍផលិតផលទេសចរណ៍ និងវិនិយោគក្នុងវិស័យទេសចរណ៍ ក្នុងនោះរួមមាន ទី១ នៅឆ្នាំ២០៣៥ តម្រូវការបន្ទប់ស្នាក់នៅនឹងកើនឡើងដល់៧,០០០បន្ទប់ ខណៈដែលបច្ចុប្បន្នមានត្រឹមតែ ១,២៣០បន្ទប់។
ទី២ ការជំរុញការវិនិយោគសម្បទាទ្រទ្រង់ទេសចរណ៍សំខាន់ៗ ដូចជា សណ្ឋាគារលំដាប់ផ្កាយ (MICE) ទីលានវាយកូនគោល ពហុកីឡដ្ឋាន សកម្មភាពនិងសេវាកម្សាន្ត…។ ទី៣ ការជំរុញការអភិវឌ្ឍរមណីយដ្ឋានទេសចរណ៍ថ្មីៗ។ ទី៤ ការរៀបចំព្រឹត្តិការណ៍ទេសចរណ៍សំខាន់ៗ។
ទី៥ ការជំរុញសកម្មភាពកសិ-ទេសចរណ៍ ទី៦ ការអភិវឌ្ឍទេសចរណ៍វ័យចំណាស់ ទេសចរណ៍សុខភាព និងទេសចរណ៍ផ្ទះទី២។
ទិសដៅយុទ្ធសាស្រ្តទី៣ៈ និយាយអំពីការពង្រឹងគុណភាពទេសចរណ៍ និងធនធានមនុស្ស ក្នុងនោះរួមមាន៖
* គ្រប់បុគ្គលិកបម្រើការក្នុងវិស័យទេសចរណ៍ ត្រូវទទួលការបណ្តុះបណ្តាលប្រកបដោយគុណភាព ស្របតាមស្តង់ដាជាតិ និងអាស៊ាន។
* ជំរុញការសម្រេចឲ្យបានទស្សនាទាន «បុគ្គលិកម្នាក់ ជំនាញមួយ One Staff, One Skill»។
* ផ្តល់អាទិភាពដល់ការសិក្សា បង្កើតសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ ឬវិទ្យាស្ថានទេសចរណ៍ប្រចាំខេត្តមណ្ឌលគិរីជាដើម៕