តម្រូវការបន្ទប់ស្នាក់នៅក្នុងខេត្តមណ្ឌលគិរីនឹងកើនឡើងដល់៧០០០បន្ទប់នៅឆ្នាំ២០៣៥

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ ប្រសិនជាអ្វីៗសម្រេចបានតាមផែនការ និងមិនមានអ្វីប្រែប្រួល ខេត្តមណ្ឌលគិរីនឹងមានតម្រូវការបន្ទប់ស្នាក់នៅ រហូតដល់៧០០០បន្ទប់ ខណៈបច្ចុប្បន្នមានត្រឹម១២៣០ប៉ុណ្ណោះ។

យោងតាមឯកសារផែនការមេ អភិវឌ្ឍន៍វិស័យទេសចរណ៍ ខេត្តមណ្ឌ​លគិរីសម្រាប់ឆ្នាំ២០២១ ២០៣៥ និងបានប្រកាសដាក់ឲ្យប្រើប្រាស់កាលពីថ្ងៃទី១១ មេសាកន្លងមកបានឲ្យដឹង នៅក្នុងចំណុចទិសដៅយុទ្ធសាស្រ្តទី២ ដែលនិយាយ អំពីការអភិវឌ្ឍផលិតផលទេសចរណ៍ និងវិនិយោគក្នុងវិស័យទេសចរណ៍ ក្នុងនោះរួមមាន ទី១ នៅឆ្នាំ២០៣៥ តម្រូវការបន្ទប់ស្នាក់នៅនឹងកើនឡើងដល់៧,០០០បន្ទប់ ខណៈដែលបច្ចុប្បន្នមានត្រឹមតែ ១,២៣០បន្ទប់។

ទី២ ការជំរុញការវិនិយោគសម្បទាទ្រទ្រង់ទេសចរណ៍សំខាន់ៗ ដូចជា សណ្ឋាគារលំដាប់ផ្កាយ (MICE) ទីលានវាយកូនគោល ពហុកីឡដ្ឋាន សកម្មភាពនិងសេវាកម្សាន្ត…។ ទី៣ ការជំរុញការអភិវឌ្ឍរមណីយដ្ឋានទេសចរណ៍ថ្មីៗ។ ទី៤ ការរៀបចំព្រឹត្តិការណ៍ទេសចរណ៍សំខាន់ៗ។

ទី៥ ការជំរុញសកម្មភាពកសិ-ទេសចរណ៍ ទី៦ ការអភិវឌ្ឍទេសចរណ៍វ័យចំណាស់ ទេសចរណ៍សុខភាព និងទេសចរណ៍ផ្ទះទី២។

ទិសដៅយុទ្ធសាស្រ្តទី៣ៈ និយាយអំពីការពង្រឹងគុណភាពទេសចរណ៍ និងធនធានមនុស្ស ក្នុងនោះរួមមាន៖
* គ្រប់បុគ្គលិកបម្រើការក្នុងវិស័យទេសចរណ៍ ត្រូវទទួលការបណ្តុះបណ្តាលប្រកបដោយគុណភាព ស្របតាមស្តង់ដាជាតិ និងអាស៊ាន។

* ជំរុញការសម្រេចឲ្យបានទស្សនាទាន «បុគ្គលិកម្នាក់ ជំនាញមួយ One Staff, One Skill»។
* ផ្តល់អាទិភាពដល់ការសិក្សា បង្កើតសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ ឬវិទ្យាស្ថានទេសចរណ៍ប្រចាំខេត្តមណ្ឌលគិរីជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here