ដោយៈសុខុម
ព្យុងយ៉ាងៈ សម្រាប់ពលរដ្ឋនៅប្រទេសជាច្រើន ការរស់នៅក្នុងអាផាតម៉ិនជាន់កំពូល ឬ Penthouse គឺជាក្ដីស្រមៃ ដែលមនុស្សភាគច្រើនប្រាថ្នាចង់បាន ចំណែកឯតម្លៃវិញគឺមិនធម្មតាឡើយ។
ចុះបើអាផាតម៉ិន ឬខុនដូដែលស្ថិតនៅជាន់ខ្ពស់ៗ នៅប្រទេសកូរ៉េខាងជើងយ៉ាងម៉េចដែរ? ចម្លើយគឺផ្ទុយគ្នាស្រឡះ។
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានបន្តសាងសង់អគារអាផាតម៉ិនខ្ពស់ៗដ៏ស្រស់ឆើតឆាយ គួរឱ្យចង់រស់នៅក្នុងរដ្ឋធានីព្យុងយ៉ាង ដែលវាជាអគារកម្ពស់៨០ជាន់ ទើបតែត្រូវបានសាងសង់បញ្ចប់ជាស្ថាពរ កាលពីសប្តាហ៍មុន។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃសុក្រ ទី១៥ ខែមេសា។
ប៉ុន្តែសម្រាប់អ្នករត់ចោលស្រុក និងពលរដ្ឋកូរ៉េខាងជើង ផ្សេងទៀតបាននិយាយថា ជណ្តើរយន្ត និងអគ្គិសនី ដែលមិនគួរឱ្យទុកចិត្ត ការផ្គត់ផ្គង់ទឹកមិនបានល្អ និងការព្រួយបារម្ភអំពីទឹកដៃជាង បានធ្វើឱ្យមនុស្សតិចណាស់ ដែលចង់រស់នៅក្នុងជាន់កំពូល ឬជាន់ក្បែរកំពូលនៃសំណង់លំនៅ ដ្ឋានបែបនេះ។
និស្សិត Jung Si-woo វ័យ៣១ឆ្នាំ ដែលបានរត់ចោលស្រុកទៅរស់នៅប្រទេសកូរ៉េខាងត្បូង កាលពីឆ្នាំ២០១៧ និយាយថា “នៅកូរ៉េខាងជើង អ្នកក្រច្រើនតែរស់នៅក្នុងផ្ទះជាន់កំពូល (Penthouse) ជាជាងអ្នកមានប្រាក់ ដោយសារតែជណ្តើរយន្ត មានបញ្ហារអាក់រួលជាញឹកញាប់ ហើយទឹកខ្សោយ បូមឡើងមិនដល់ជាន់ខ្ពស់ៗ”។
បុរសរូបនេះលើកឡើងទៀតថា នៅប្រទេសកូរ៉េខាងជើង គាត់រស់នៅជាន់ទី៣ នៃអគារកម្ពស់១៣ជាន់ ដែលគ្មានជណ្តើរយន្ត។ ចំណែកឯមិត្តភក្ដិម្នាក់ ដែលរស់នៅជាន់ទី២៨ នៃប្លុកអគារកម្ពស់៤០ជាន់ មិនដែលប្រើជណ្តើរយន្តទាល់តែសោះ ព្រោះវាមិនដំណើរការ។
នៅពេលសួរអំពីអគារកម្ពស់៨០ជាន់ថ្មី ដែលទើបតែសម្ពោធនៅសប្តាហ៍នេះ និស្សិត Jung Si-woo និយាយថា គាត់យល់ថា មេដឹកនាំ គីម ជុងអ៊ុន គ្រានតែចង់បង្អួតឱ្យគេឃើញថាអស្ចារ្យប៉ុណ្ណោះ។
គាត់និយាយទៀតថា “វាគ្រាន់តែដើម្បីបង្ហាញបង្អួតថា ជំនាញរបស់ពួកគេផ្នែកសាងសង់ បានរីកចម្រើនខ្លាំងកម្រិតណាប៉ុណ្ណោះ ជាជាងការគិតពីចំណូលចិត្តរបស់អ្នករស់នៅ”។
ទោះជាយ៉ាងណា មេដឹកនាំ គីម ជុងអ៊ុន បានប្តេជ្ញាកែលម្អគុណភាពសំណង់ និងសាងសង់អាផាតម៉ិនថ្មីៗរាប់ម៉ឺនយូនីត។
កាលពីថ្ងៃពុធ សប្ដាហ៍មុន ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានផ្សាយថា អាផាតម៉ិនថ្មីចំនួន១០.០០០យូនីតដំបូង ត្រូវបានសាង់សង់បញ្ចប់ជាស្ថាពរ នៅក្រុងព្យុងយ៉ាង ជាចំនួនធ្លាក់ចុះខ្លាំងលើការផ្គត់ផ្គង់ បើធៀបនឹងគោលដៅដែលបានកំណត់ចំនួន៥០.០០០យូនីត។
ទោះជាយ៉ាងណា លោកគីម ជុងអ៊ុនបានសរសើរថា គម្រោងលំនៅដ្ឋានទាំងនោះបញ្ចប់លឿន រួមទាំងអគារកម្ពស់៨០ជាន់ផងដែរ៕ Reuters៕