ដោយៈវឌ្ឍនៈ
ភ្នំពេញៈ ការផ្គត់ផ្គង់ខុនដូនៅក្នុងប្រទេសកម្ពុជា បាននិងកំពុងរីកដុះដាលជាបន្តបន្ទាប់ ដោយមានអ្នកវិនិយោគជាច្រើន បានសាងសង់ខុនដូផ្គត់ផ្គត់ដល់អតិថិជនទាំងក្នុងស្រុកនិងក្រៅប្រទេស ដែលធ្វើឱ្យចំនួនយូនីតខុនដូមានការកើនឡើងជាបន្តបន្ទាប់ ។
តាមការព្យាករណ៍របស់ក្រុមហ៊ុនអន្តរជាតិមួយ ចេញផ្សាយកាលពីពេលថ្មីៗនេះឱ្យដឹងថា ការផ្គត់ផ្គង់ខុនដូនៅក្នុងប្រទេសកម្ពុជា នឹងកើនឡើងដល់ជិត៨ម៉ឺនយូនីត។
យោងតាមរបាយការណ៍របស់ក្រុមហ៊ុនអចលនទ្រព្យKnight Frankបានឱ្យដឹងថា គិតត្រឹមដំណាច់ឆ្នាំ ២០២១ ការផ្គត់ផ្គង់ខុនដូនៅរាជធានីភ្នំពេញ បានកើនដល់ជាង២៧,០០០យូនីត ស្មើនឹងចំនួនអគារ ៩៥ អគារ ។ ការផ្គត់ផ្គង់ខុនដូត្រូវបានរំពឹងថា នឹងកើនឡើងដល់ជាង៧៨000 យូនីត ស្មើនឹង១៧៥អគារ នៅត្រឹមឆ្នាំ២០២៥ ។
យ៉ាងណាក្ដីបើតាមរបាយការណ៍ និងការសិក្សាស្រាវជ្រាវរបស់ក្រុមហ៊ុនអចលនទ្រព្យមួយទៀត ប្រចាំនៅកម្ពុជាគឺ CBRE Cambodia បានបង្ហាញថាក្នុងឆ្នាំ ២០២២នេះ ការផ្គត់ផ្គង់ខុនដូលើទីផ្សាររំពឹងថា នឹងមានចំនួនជាង១៣000យូនីត ប៉ុន្តែក្នុងត្រីមាសទី១នៃឆ្នាំ២០២២នេះ ការខុនដូដែលកំពុងផ្គត់ផ្គង់លើទីផ្សារ មានសម្រេចបានត្រឹមតែ៥ភាគរយនៃចំនួនជាង១៣,០០០យូនីតប៉ុណ្ណោះ។ ភាពយឺតយ៉ាវនេះ បណ្ដាលមកពីតម្រូវការ នៅក្រៅប្រទេសនៅបន្តធ្លាក់ចុះ ដោយសារតែបញ្ហាកូវីដ១៩ លក្ខណៈសកលមិនទាន់បានធូរស្បើយ និងបញ្ហាប្រឈមនៃស ង្គ្រាមរវាងប្រទេសរុស្ស៊ីនិងអ៊ុយក្រែន។
អ្នកនាង គឹម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia បានលើកឡើងផងដែរវិនិយោគិនបរទេសបន្តធ្លាក់ចុះនៅដើមឆ្នាំ ២០២២នេះ ដែលជាហេតុធ្វើឱ្យការផ្គត់ផ្គង់ខុនដូនៅលើទីផ្សារកម្ពុជាបន្តមានចំនួនតិចតួច។ កត្តានេះ ដោយសារតែបញ្ហាកូវីដ១៩ សកលមិនទាន់មានភាពប្រសើរ ហើយបញ្ហាសង្គ្រាមរុស្ស៊ី អ៊ុយក្រែនបន្តប៉ះពាល់ដល់ពិភពលោក ។
ទោះបីជាឆ្នាំ២០២២នេះ ចំនួនផ្គត់ផ្គត់ខុនដូនៅលើទីផ្សារមានចំនួនតិចតួចក្ដីតែអ្នកជំនាញជាច្រើនរំពឹងថា ទីផ្សារខុនដូ នៅកម្ពុជានឹងមានកំណើនឡើងខ្ពស់នៅពេលអនាគត ស្របពេលប្រជាពលរដ្ឋកម្ពុជាកាន់តែច្រើនបានងាកទៅផ្លាស់ប្តូរការរស់នៅក្នុងខុនដូ ជំនួសឱ្យការរស់នៅផ្ទះជាប់ដីនៅឆ្ងាយពីក្រុង និងឆ្ងាយពីកន្លែងការងារ៕