មន្រ្តីព្រឹទ្ធសភាសហរដ្ឋអាមេរិកសិក្សាពីការអភិវឌ្ឍសេដ្ឋកិច្ចនៅខេត្តព្រះសីហនុ

0

ដោយៈគង់ សូរិយា

ព្រះសីហនុៈ មន្រ្តីជាន់ខ្ពស់នៃព្រឹទ្ឋសភាសហរដ្ឋអាមេរិកកាលពីថ្ងៃទី២០ មេសាកន្លងមក បានចុះសិក្សាស្វែងយល់ពីការអភិវឌ្ឍន៍៍ សេដ្ឋកិច្ច សង្គម នៅខេត្តព្រះសីហនុ ដែលជាខេត្តមានការរីកចម្រើនយ៉ាងលឿន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

គណៈប្រតិភូអាមេរិក បានដឹកនាំដោយ លោក Paul Grove អគ្គលេខាគណៈកម្មាធិការហិរញ្ញវត្ថុ នៃព្រឹទ្ធសភាសហរដ្ឋអាមេរិក ដោយបានជួបពិភាក្សា​ការងារ និងសម្តែងការគួរសមជាមួយលោកគួច ចំរើនអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។

លោក Paul Grove បានថ្លែងអំណរគុណឯកឧត្តមអភិបាលខេត្ត ដែលបានអនុញ្ញាត្តឱ្យលោក និងសហការីចូលជួបពិភាក្សា និងសិក្សាពីការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ខេត្តព្រះសីហនុនាពេលបច្ចុប្បន្ន។ លោក Paul Grove បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើននូវហេដ្ឋារចនាសម្ព័ន្ធ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខេត្តព្រះសីហនុផងដែរ។

លោកបានរំលឹកថា កាលពីឆ្នាំ១៩៩៤ លោកបានមកកាន់ខេត្តព្រះសីហនុ ក៏ប៉ុន្តែការមកដល់នាពេលនេះ លោកមើលខេត្តព្រះសីហនុមិនចង់ស្គាល់ ព្រោះមានការអភិវឌ្ឍន៍រីកចម្រើន លឿនគួរឱ្យកត់សំគាល់ ដែលមានសណ្ឋាគារ និងអាគារខ្ពស់ វាបានផ្តល់នូវអត្ថប្រយោជន៍ នូវអាជីវកម្មរីកលូតលាស់កាន់តែច្រើន។

លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍ប្រតិភូមកកាន់ខេត្តព្រះសីហនុ ព្រមទាំងបានជម្រាបជូនពីកត្តាភូមិសាស្ត្រ ខេត្តព្រះសីហនុ មានកោះ ៣២ ឆ្នេរសមុទ្រប្រវែង ១៧៥គីឡូម៉ែត្រ ខេត្តមានក្រុងពីរ និងស្រុក៣ ស្មើនឹង២៩ឃុំ-សង្កាត់។

លោកបានរំលឹកថា ក្រោយពីកម្ពុជាទទួលបានឯករាជ្យ សហរដ្ឋអាមេរិកបានជួយកសាងផ្លូវជាតិលេខ៤ តភ្ជាប់ទៅកាន់រាជធានីភ្នំពេញ ធ្វើឱ្យគេស្គាល់ខេត្តព្រះសីហនុ មានកំពង់ផែអន្តរជាតិទឹកជ្រៅ។ បច្ចុប្បន្នរាជរដ្ឋាភិបាលជប៉ុន ជួយគាំទ្រការសាងសង់ពង្រីកកំពង់ ផែក្រុងព្រះសីហនុ ពីមុនមានជំរៅទឹក៩,៥០ម៉ែត្រ។ រដ្ឋាភិបាលជប៉ុនជួយសាងសង់ជំហានទី១ មានជំរៅទឹក១៣ម៉ែត្រ និងបន្តសាងសង់ជំហានទី២ និងទី៣មានជំរៅទឹករហូត១៥ម៉ែត្រ អាចឱ្យនាវានៅលើពិភពលោក៩៧ភាគរយ ចូលចតធ្វើឱ្យតម្លៃដឹកជញ្ជូនតាមផ្លូវទឹកមានការថយចុះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here