ដោយៈគង់ សូរិយា
ព្រះសីហនុៈ មន្រ្តីជាន់ខ្ពស់នៃព្រឹទ្ឋសភាសហរដ្ឋអាមេរិកកាលពីថ្ងៃទី២០ មេសាកន្លងមក បានចុះសិក្សាស្វែងយល់ពីការអភិវឌ្ឍន៍៍ សេដ្ឋកិច្ច សង្គម នៅខេត្តព្រះសីហនុ ដែលជាខេត្តមានការរីកចម្រើនយ៉ាងលឿន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
គណៈប្រតិភូអាមេរិក បានដឹកនាំដោយ លោក Paul Grove អគ្គលេខាគណៈកម្មាធិការហិរញ្ញវត្ថុ នៃព្រឹទ្ធសភាសហរដ្ឋអាមេរិក ដោយបានជួបពិភាក្សាការងារ និងសម្តែងការគួរសមជាមួយលោកគួច ចំរើនអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។
លោក Paul Grove បានថ្លែងអំណរគុណឯកឧត្តមអភិបាលខេត្ត ដែលបានអនុញ្ញាត្តឱ្យលោក និងសហការីចូលជួបពិភាក្សា និងសិក្សាពីការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ខេត្តព្រះសីហនុនាពេលបច្ចុប្បន្ន។ លោក Paul Grove បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើននូវហេដ្ឋារចនាសម្ព័ន្ធ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខេត្តព្រះសីហនុផងដែរ។
លោកបានរំលឹកថា កាលពីឆ្នាំ១៩៩៤ លោកបានមកកាន់ខេត្តព្រះសីហនុ ក៏ប៉ុន្តែការមកដល់នាពេលនេះ លោកមើលខេត្តព្រះសីហនុមិនចង់ស្គាល់ ព្រោះមានការអភិវឌ្ឍន៍រីកចម្រើន លឿនគួរឱ្យកត់សំគាល់ ដែលមានសណ្ឋាគារ និងអាគារខ្ពស់ វាបានផ្តល់នូវអត្ថប្រយោជន៍ នូវអាជីវកម្មរីកលូតលាស់កាន់តែច្រើន។
លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍ប្រតិភូមកកាន់ខេត្តព្រះសីហនុ ព្រមទាំងបានជម្រាបជូនពីកត្តាភូមិសាស្ត្រ ខេត្តព្រះសីហនុ មានកោះ ៣២ ឆ្នេរសមុទ្រប្រវែង ១៧៥គីឡូម៉ែត្រ ខេត្តមានក្រុងពីរ និងស្រុក៣ ស្មើនឹង២៩ឃុំ-សង្កាត់។
លោកបានរំលឹកថា ក្រោយពីកម្ពុជាទទួលបានឯករាជ្យ សហរដ្ឋអាមេរិកបានជួយកសាងផ្លូវជាតិលេខ៤ តភ្ជាប់ទៅកាន់រាជធានីភ្នំពេញ ធ្វើឱ្យគេស្គាល់ខេត្តព្រះសីហនុ មានកំពង់ផែអន្តរជាតិទឹកជ្រៅ។ បច្ចុប្បន្នរាជរដ្ឋាភិបាលជប៉ុន ជួយគាំទ្រការសាងសង់ពង្រីកកំពង់ ផែក្រុងព្រះសីហនុ ពីមុនមានជំរៅទឹក៩,៥០ម៉ែត្រ។ រដ្ឋាភិបាលជប៉ុនជួយសាងសង់ជំហានទី១ មានជំរៅទឹក១៣ម៉ែត្រ និងបន្តសាងសង់ជំហានទី២ និងទី៣មានជំរៅទឹករហូត១៥ម៉ែត្រ អាចឱ្យនាវានៅលើពិភពលោក៩៧ភាគរយ ចូលចតធ្វើឱ្យតម្លៃដឹកជញ្ជូនតាមផ្លូវទឹកមានការថយចុះ៕