ដោយៈ គង់ សូរិយា
កំពតៈ កំពង់ផែពហុបំណងដែល មានការវិនិយោគ១៥០០លាន
ដុល្លារពីវិស័យឯកជន នឹងចាប់ផ្តើមសាងសង់នៅខេត្តកំពត ក្នុងសប្តាហ៍ នេះដើម្បីពង្រឹងវិស័យដឹកជញ្ជូន និងភស្តុភាររបស់កម្ពុជា ។
លោកគង់ វិមាន នាយកខុទ្ទកាល័យ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី៣ ឧសភានេះថា កំពង់ផែខេត្ត កំពតនឹងចាប់ផ្តើម បើកករដ្ឋានសាងសង់កំពង់ផែខ្នាតធំអន្តរជាតិក្រោមអធិបតីភាពលោកជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់។កំពង់ផែ ពហុបំណងនេះ នឹងត្រូវសាងសង់លើ ផ្ទៃដី៦០០ហិកតា ដោយក្រុមហ៊ុន Kam p o t Logistics and Port Company Limited ។
លោកបានឱ្យដឹងទៀតថា គម្រោងនេះមានតម្លៃ១៥០០លានដុល្លារ មាន៣ដំណាក់កាល ដែលដំណាក់កាលទី១ នឹងប្រើប្រាស់ថវិកា២០០លានដុល្លារ។ ទីតាំងកំពង់ផែនេះ មានអំណោយផលល្អ សក្តានុពលខ្ពស់ ជាតំបន់ទឹកជ្រៅ ដែលមានជម្រៅរហូតដល់១៥ម៉ែត្រ ដែលផ្តល់អំណោយផលល្អសម្រាប់ការដឹកជញ្ជូនធំលំដាប់អន្តរជាតិ និងអាចតភ្ជាប់តាមផ្លូវទឹក ផ្លូវគោក ផ្លូវដែក មកកាន់រាជធានីភ្នំពេញនិងបណ្តាខេត្តតាមរយៈ។
លោកបានបន្ថែមថា គម្រោងនេះ នឹងរួមបញ្ចូលទីលានកុងតឺនឺ សេដ្ឋកិច្ចពិសេស តំបន់ពាណិជ្ជកម្មសេរី មជ្ឈមណ្ឌលភស្តុភារ មជ្ឈមណ្ឌលប្រេងឥន្ធនៈ រោងចក្រ និងមានចំណតនាវា ព្រមទាំងអាចឱ្យនាវា១០ម៉ឺនតោនចូលចតបាន៕