សន្និសីទអន្តរជាតិរៃអង្គាសជំនួយបាន៦,៥ពាន់លានដុល្លារសម្រាប់ជួយដល់អ៊ុយក្រែន

0

ដោយៈសុខុម

វ៉ាសាវី: នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Mateusz Morawiecki បានអះអាងថា សន្និសីទម្ចាស់ជំនួយអន្តរជាតិ (International Donors Conference) នៅទីក្រុងវ៉ាសាវី ប្រទេសប៉ូឡូញ កាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែឧសភា រៃអង្គាសមូលនិធិសម្រាប់ជួយដល់អ៊ុយក្រែន បានប្រមាណ៦,៥ពាន់លានដុល្លារអាមេរិក។

សន្និសីទដែលមានគោលបំណងជួយប្រទេសអ៊ុយក្រែន ដោះស្រាយវិបត្តិសេដ្ឋកិច្ច និងវិបត្តិមនុស្សធម៌ដែលបង្កឡើង ដោយសារសង្គ្រាមឈ្លាន​ពានរបស់រុស្ស៊ី នេះត្រូវបានរៀបចំឡើងដោយប្រទេសប៉ូឡូញ និងប្រទេសស៊ុយអែត ក្រោមកិច្ចសហប្រតិបត្តិការជាមួយប្រធានគណៈកម្មការអឺរ៉ុប និងប្រធានក្រុមប្រឹក្សាអឺរ៉ុប។

អំឡុងសន្និសីទសារព័ត៌មាននៅចុងបញ្ចប់ នៃព្រឹត្តិការណ៍ដ៏សំខាន់នេះ លោក Mateusz Morawiecki បានធ្វើការប៉ាន់ប្រមាណតួលេខខ្ពស់ជាងនេះ ដោយលើកឡើងថា ជំនួយដែលរៃអង្គាសបានអាចមានចំនួនជាង៧ពាន់លានដុល្លារ។

ទោះជាយ៉ាងណា នៅពេលទីភ្នាក់ងារព័ត៌មាន Reuters ស្នើសុំការបញ្ជាក់ជុំវិញការរៃអង្គាសមូលនិធិនេះ អ្នកនាំពាក្យក្រសួងការបរទេសប៉ូឡូញ មិនបានឆ្លើយបំភ្លឺនោះទេ។

ប្រទេសមួយចំនួន ដូចជា បារាំង ហ្វាំងឡង់ សាធារណរដ្ឋឆែក ក្រូអាស៊ី និងប្រទេសផ្សេងទៀត បានសន្យាផ្តល់ជំនួយច្រើនលានដុល្លារអាមេរិក ដើម្បីគាំទ្រដល់កិច្ចការមនុស្សធម៌ និងយោធានៅអ៊ុយក្រែន។

គណៈកម្មការអឺរ៉ុប បានចេញសេចក្ដីថ្លែងការណ៍ថា ខ្លួនក៏បានសន្យាផ្តល់ជំនួយប្រមាណ២១០លានដុល្លារអាមេរិកផងដែរ សម្រាប់ជួយជនភៀសខ្លួនក្នុងប្រទេសអ៊ុយក្រែន។

នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmyhal បានបញ្ជាក់បន្ថែម តាមរយៈសេចក្តីថ្លែងការណ៍មួយ នៅចុងបញ្ចប់នៃសន្និសីទនេះថា ប្រទេសអ៊ុយក្រែន ទទួលបានជំនួយសព្វាវុធ និងជំនួយហិរញ្ញវត្ថុសរុបជាង១២ពាន់លានដុល្លារអាមេរិក ហើយចាប់តាំងពីប្រទេសរុស្ស៊ី បញ្ឆេះសង្គ្រាមចូលឈ្លានពានអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ មក៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here