ដោយ៖ វឌ្ឍនៈ
ភ្នំពេញ ៖ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះកំណើនអ្នកទទួលទានកាហ្វេ នៅក្នុងប្រទេសកម្ពុជាបានកើនឡើងខ្ពស់ សម្របពេលនឹងកំណើនហាងកាហ្វេស្តង់ដាររីកដុះដាលកាន់តែខ្លាំង ទាំងក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត ដែលជំរុញឱ្យតម្រូវការសម្ភារៈឆុងកាហ្វេ និងគ្រាប់កាហ្វេនៅតាមបណ្ដាហាងផងដែរ។
ដោយមើលឃើញពីសក្ដានុពល តម្រូវការ និងទីផ្សារកាហ្វេនៅក្នុងប្រទេសកម្ពុជាកាន់តែមានកំណើនខ្ពស់ ក្រុមហ៊ុនផ្គត់ផ្គង់កាហ្វេនៅក្នុងស្រុកល្បីមួយបានពង្រីកការផ្គត់ផ្គង់របស់ខ្លួនបន្ថែមទៀត ដោយបានបង្កើតនូវសហគ្រាសលីងកាហ្វេធំមួយ ដើម្បីផ្គត់ផ្គង់នៅតាមហាងកាហ្វេ សណ្ឋាគារ និងភោជនីយដ្ឋានក្នុងស្រុកនានា។
លោក ហ៊ឺ ដារ៉ា អគ្គនាយកនៃក្រុមហ៊ុន ខូហ្វី Kofi បានមានប្រសាសន៍ថា នៅក្នុងរយៈចុងក្រោយនេះ កំណើនអ្នកទទួលទានកាហ្វេឆុងដោយម៉ាស៊ីន មានការកើនឡើងខ្ពស់គួរឱ្យកត់សម្គាល់ ដូច្នេះហើយក្រុមហ៊ុនក៏បានចាប់ផ្ដើមពង្រីកអាជីវកម្មកាហ្វេ ដើម្បីបំពេញតម្រូវការជូន។ ជាក់ស្ដែង សហគ្រាសលីងកាហ្វេរបស់ក្រុមហ៊ុនខូហ្វី នឹងបំពេញបន្ថែមនូវការខ្វះខាតនៃវិស័យកាហ្វេ។
លោកបន្តថា សហគ្រាសលីងកាហ្វេ ខូហ្វី នឹងយកគ្រាប់កាហ្វេពីខេត្តមណ្ឌលគីរី មកលីងបញ្ចូលគ្នា ជាមួយនឹងគ្រាប់កាហ្វេមកពីតំបន់ផ្សេងៗទៀត ដើម្បីបង្កើនរស់ជាតិកាហ្វេឱ្យកាន់តែឈ្ងុយឆ្ងាញ់ បង្កើនឱជាតិរសបន្ថែម ដល់អ្នកទទួលទាន។
លោកថា “ការវិនិយោគសហគ្រាសនេះ យើងបានចំណាយទុនដ៏ច្រើន ដើម្បីបណ្ដាក់ទុនធ្វើវា ហើយរំពឹងថា សហគ្រាសនេះនឹងជួយមកដល់ប្រទេសកម្ពុជាវិញ នូវឱកាសការងារដល់ប្រជាពលរដ្ឋ ប្រជាជនកម្ពុជា និងជនបរទេសនៅកម្ពុជា អាចទទួលបានកាហ្វេ ដែលផលិតនៅក្នុងស្រុក ជាពិសេសនឹងជួយកសិករដាំកាហ្វេ នៅមណ្ឌលគីរី ទទួលបានចំណូលបន្ថែមទៀតផងដែរ”។
លោក ឌិន សុមេធារឹទ្ធ ប្រធានសមាគមសណ្ឋាគារកម្ពុជាក៏បានថ្លែងថា ការបង្កើតសហគ្រាសលីងកាហ្វេរបស់ក្រុមហ៊ុន Kofi នៅកម្ពុជានឹងជួយបំពេញបន្ថែម សម្រាប់ការបម្រើដល់វិស័យទេសចរណ៍។
លោកមានប្រសាសន៍ថា “បច្ចុប្បន្ននេះ អ្នកនិយមពិសារកាហ្វេប្រែនៗ នៅក្នុងប្រទេសកម្ពុជាមានកំណើនកាន់តែច្រើន ដូច្នេះតម្រូវការនៃផលិតផលកាហ្វេ ក៏មានកំណើនដូចគ្នា ដូច្នេះការបង្កើតនូវសហគ្រាសលីងកាហ្វេនេះដែរ នឹងជួយផ្គត់ផ្គង់ទៅដល់បណ្ដាហាងកាហ្វេសណ្ឋាគារ និងភោជនីយដ្ឋាននានាក្នុងប្រទេស“៕