តំបន់ព្រំដែនកម្ពុជា ថៃ “ថ្មដា”កំពុងទាក់ទាញការវិនិយោគរមណីយដ្ឋានបែបអេកូទេសចរណ៍

0

 ដោយៈគង់ សូរិយា

        ពោធិសាត់ៈ ជាតំបន់សេដ្ឋកិច្ចមួយ ជាច្រកផ្លាស់ប្តូរពាណិជ្ជកម្មជាមួយ​ប្រទេសថៃ ច្រកទ្វារអន្តរជាតិ “ថ្មដា”ក្នុងខេត្តពោធិសាត់បាននិងកំពុងទាក់ទាញការវិនិយោគ សម្រាប់តំបន់ទេសចរណ៍បែបធម្មជាតិ។

បន្ទាប់ពីផ្លូវជាតិលេខ៥៥បានបញ្ចប់ការសាងសង់ បានធ្វើឲ្យការធ្វើដំណើរទៅកាន់តំបន់នេះជិត និងកាត់បន្ថយពេលវេលានៃការធ្វើដំណើរ ជាមូលហេតុធ្វើឲ្យតំបន់ព្រំដែនថ្មដា បានផ្លាស់ប្ដូរមុខមាត់ថ្មី ស្ទើរតែមិននឹកស្មានដល់ ជុំវិញការវិនិយោគអភិវឌ្ឍជាច្រើនដូចជា៖ ផ្សារទំនើប ក្លឹបកម្សាន្ត កាស៊ីណូ សណ្ឋាគារ ផ្ទះសំណាក់ បឹងកាឡូ សួនកម្សាន្ត ។ល។

ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប៉ិនប្រសព្វរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យតំបន់នេះ ក៏ដូចជាបណ្តាខេត្តដទៃទៀតមានភាពរីកចម្រើនគ្រប់វិស័យ។

ជាក់ស្តែងរមណីយដ្ឋានធម្មជាតិ និងរមណីយដ្ឋានកែច្នៃជាច្រើនកន្លែង ក៏ត្រូវបាននិងកំពុងវិវត្តន៍ខ្លួន ជាមួយនឹងសន្ទុះកើនឡើងគួរឱ្យកត់សម្គាល់ នៅឃុំថ្មដា ស្រុកវាលវែង ខណៈដែលស្រុកមួយនេះ ត្រូវបានជាប់ឈ្មោះជា ស្រុកទេសចរណ៍ដ៏ល្បីបំផុតនៅខេត្តពោធិ៍សាត់ ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យទៅទស្សនាកម្សាន្ត។

ទីតាំងដែលជាទីចាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរ គឺនៅរ៉បមាត់ផ្លូវជាតិលេខ៥៥ តំបន់ភ្នំ១៥០០ “ផ្លូវបុប្ផាលាក់ខ្លួន ឬផ្លូវអន្ទង់អាំង” រមណីយ  ដ្ឋានទឹកធ្លាក់ថ្មដាតូច ថ្មដាផារ៉ាដាយរីសត… ដែលទីតាំងទាំងនោះ សុទ្ធសឹងតែជាទីគាប់ប្រាថ្នា របស់បណ្ដាភ្ញៀវទេសចរជិតឆ្ងាយ ដែលចង់មកគយគន់ និងថតរូបទុកជាអនុស្សាវរីយ៍ នូវទេសភាព ព្រៃ ភ្នំ ទឹកធ្លាក់ និងខ្សែផ្លូវបត់បែនឡើងចុះដូចអន្ទង់អាំង។

កាលពីថ្មីៗនេះ ក៏មានរមណីយដ្ឋានដ៏ធំមួយ គឺ មេទឹករីសត – Meteuk Resort ជារបស់ថ្នាក់ដឹកនាំដ៏ល្បីមួយរូប បានកែច្នៃឡើងពីធម្មជាតិជាប់នឹងដងស្ទឹងមេទឹក ដែលទទួលបានការចាប់អារម្មណ៍ខ្ពស់ ពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទោះបីជាទីតាំងនេះ ពុំទាន់មានការអភិវឌ្ឍន៍រួចរាល់ជាស្ថាបពរយ៉ាងណាក្តី។

រមណីយដ្ឋាន “មេទឹករីសត-Meteuk Resortគឺនៅតាមបណ្តោយផ្លូវជាតិលេខ៥៥ ជាប់នឹងស្ទឹងមេទឹក ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលមានចម្ងាយប្រមាណជា១៧៥គីឡូម៉ែត្រ ពីទីរួមខេត្តពោធិ៍សាត់, មានចម្ងាយប្រមាណជា៣៦៥គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ និងមានចម្ងាយប្រមាណជា៩គីឡូម៉ែត្រ ពីព្រំដែន កម្ពុជា-ថៃ។

សម្រាប់ភ្ញៀវទេសចរដែលបានមកលេងនៅទីនោះ មិនត្រឹមតែគយទេសភាពដ៏ស្រស់ស្អាតគ្មានពីរប៉ុណ្ណោះទេ ភ្ញៀវទេសចរយើងប្រាកដជាឆ្ពោះទៅច្រកថ្មដា ដែលជាច្រកព្រំដែន រវាងកម្ពុជា-ថៃ ពោលគឺរវាងខេត្តពោធិ៍​សាត់ និងខេត្តត្រាត។

នៅទីនោះភ្ញៀវទេសចរ ក៏អាចឆ្លងកាត់ទៅលេខខេត្តត្រាតបានដែរ ដែលមានផ្សារលក់ដូរម្ហូបអាហារ ផ្លែឈើ នំចំណី ជាប់មាត់សមុទ្រ និងមានរបស់របរមួយចំនួនទៀត។

ចំពោះការបើកឱ្យចូលទៅទស្សនានៅខេត្តត្រាតនេះ គឺមានការបើកជាចន្លោះថ្ងៃ មានន័យថា បើកមួយថ្ងៃ ខានមួយថ្ងៃ តែដោយសារតែការរីករាលដាលជំងឺកូវីដ១៩ ទាំងភាគីកម្ពុជា និងភាគីថៃ បានផ្អាកការចេញចូលសម្រាប់ភ្ញៀវទេសចរណ៍មួយរយះសិន។ មួយវិញទៀត ភ្ញៀវទេសចរក៏អាចទិញម្ហូបអាហារ ជាគ្រឿងសមុទ្រយកមកទទួលទានបាន ឬអាចកម្មង់ទិញយកទៅធ្វើម្ហូបទទួលទានបានផងដែរ៕ Freshnews៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here