ដោយៈសុខុម
វៀងចន្ទន៍: ស្របពេលតម្លៃប្រេងឥន្ធនៈ បានហក់ឡើងយ៉ាងគំហុកទូទាំងពិភពលោក ក្រោយពីរុស្ស៊ី បញ្ឆេះសង្គ្រាមចូលឈ្លានពានប្រទេសអ៊ុយក្រែន ប្រទេសឡាវ បានស្វះស្វែងទិញប្រេងរុស្ស៊ី ថោកៗដោយមិនខ្លាចទណ្ឌកម្មដែលលោកខាងលិច និងបណ្ដាសម្ព័ន្ធមិត្តបានលើកលើរុស្ស៊ី រួមទាំងប្រេងរុស្ស៊ីផងដែរ។
ខុទ្ទកាល័យនាយករដ្ឋមន្ត្រីឡាវ បានចេញសេចក្ដីជូនដំណឹងមួយកាលពីថ្ងៃសុក្រ ទី៦ ខែឧសភា ណែនាំឱ្យក្រសួងពាក់ព័ន្ធស្វះស្វែង រកប្រេងរុស្ស៊ី ថោកៗ ដើម្បីជួយសម្រួលការលំបាករបស់ពលរដ្ឋ។ នេះបើយោងតាមសារព័ត៌មាន Laotian Times ចុះផ្សាយកាលពីថ្ងៃសៅរ៍ ទី៧ ខែឧសភា។
សេចក្ដីជូនដំណឹងនេះ គឺដើម្បីឆ្លើយតបនឹងសំណើរបស់ក្រសួងហិរញ្ញវត្ថុ និងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម សុំឱ្យជួយរិះរកវិធីរក្សាស្ថិរភាពតម្លៃប្រេងឥន្ធនៈក្នុងស្រុក។
យោងតាមសេចក្តីជូនដំណឹងនេះបង្ហាញថា ខុទ្ទកាកាល័យនាយករដ្ឋមន្ត្រីឡាវ បានយល់ស្របតាមសំណើសុំរួមបញ្ចូល ក្រុមហ៊ុននាំចូលប្រេងឥន្ធនៈមួយចំនួន និងក្រុមហ៊ុនប្រេងឥន្ធនៈរដ្ឋឡាវ ទៅជាអង្គភាពតែមួយសម្រាប់ការនាំចូល និងចែកចាយប្រេងឥន្ធនៈ។
ក្រុមហ៊ុនរួមបញ្ចូលគ្នាថ្មីនេះ នឹងព្យាយាមស្វែងរកទិញប្រេងឥន្ធនៈថោកៗពីប្រភពថ្មីៗ រួមទាំងប្រទេសរុស្ស៊ី ផងដែរ ដើម្បីបញ្ចុះថ្លៃដើមលើការទិញដំបូង និងបន្ធូរបន្ថយបន្ទុកលើអ្នកលក់រាយ ហើយចុងក្រោយគឺសម្រាលបន្ទុករបស់អ្នកប្រើប្រាស់។
សេចក្តីជូនដំណឹងនេះ ក៏បានណែនាំឱ្យក្រសួងហិរញ្ញវត្ថុ ជួយសម្របសម្រួលជាមួយធនាគារកណ្ដាលឡាវ និងវិស័យពាក់ព័ន្ធផ្សេងទៀតផងដែរដើម្បីជួយគ្រប់គ្រងកាន់តែប្រសើរឡើងលើអត្រាប្តូរប្រាក់។
ក្រសួងហិរញ្ញវត្ថុ និងធនាគារកណ្តាលឡាវ ត្រូវបានប្រគល់ភារកិច្ចធ្វើយ៉ាងណាធានាឱ្យបានថា ទុនបម្រុងអន្តរជាតិមានគ្រប់គ្រាន់ សម្រាប់ការនាំចូលប្រេងឥន្ធនៈ៕ Laotian Times៕