ដោយ៖ សុផារី
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១០ ខែឧសភាស្អែកនេះ នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អឺរ៉ុប ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី១២ ដល់១៣ ខែឧសភា នៅទីក្រុងវ៉ាស៊ីនតោន ដើម្បីអបអរសាទរទំនាក់ទំនងភាពជាដៃគូសន្ទនាអាស៊ាន-អាមេរិក ដែលរយៈពេល ៤៥ឆ្នាំមកហើយ។
កិច្ចប្រជុំនេះ គឺជាកិច្ចប្រជុំកំពូលពិសេសលើកទី២ គិតពីឆ្នាំ២០១៦ ហើយជាការជួបប្រជុំគ្នាដោយផ្ទាល់មុខលើកទី១ សម្រាប់ថ្នាក់ដឹកនាំកំពូលអាស៊ាន-អាមេរិក គិតចាប់តាំងពីឆ្នាំ២០១៧មក។
វត្តមានរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ក៏ដូចជាប្រទេសសមាជិកអាស៊ានដទៃត្រូវបានធ្វើឡើង តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន។
យោងតាមសេចក្តីថ្លែងការណ៍របស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាននាពេលកន្លងទៅ បានគូសបញ្ជាក់ថា ក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ថ្នាក់ដឹកនាំអាស៊ាន និងប្រធាននាធិបតីអាមេរិក លោក ចូ បៃឌិន នឹងពិភាក្សាគ្នាអំពីមធ្យោបាយ និងវិធីសាស្ត្រនានា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើន ដែលជាអាទិ៍រួមមាន ការឆ្លើយតបនឹងជំងឺកូវីដ១៩ សន្តិសុខសុខភាពសកល ការផ្លាស់ប្តូរអាកាសធាតុ ការអភិវឌ្ឍប្រកបដោយចីរភាព កិច្ចសហប្រតិបត្តិការលំហសមុទ្រ ការអភិវឌ្ឍធនធានមនុស្ស ការអប់រំ និងចំណងទាក់ទងរវាងប្រជាជន និង ប្រជាជន ក៏ដូចជាការតភ្ជាប់ និងទំនាក់ទំនងសេដ្ឋកិច្ច។
ថ្នាក់ដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិក ក៏នឹងធ្វើការផ្លាស់ប្តូយោបល់គ្នាផងដែរ អំពីបញ្ហាតំន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងកង្វល់រួម។
ក្នុងសេចក្តីថ្លែងការណ៍នោះ បានបញ្ជាក់ទៀតថា ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលពិសេសជាប្រវត្តិសាស្ត្រនេះ ថ្នាក់ដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិក នឹងដាក់ចេញនូវទិសដៅអានាគតនៃទំនាក់ទំនងរវាងអាស៊ាន និងសហរដ្ឋអាមេរិក ហើយនឹងលើកកម្ពស់ភាពជាដៃគូយុទ្ឋសាស្ត្រ សម្រាប់ផលប្រយោជន៍រួមទៅវិញទៅមក នៃប្រជាជនអាស៊ាន និងប្រជាជនសហរដ្ឋអាមេរិក។
កិច្ចប្រជុំកំពូលពិសេសនេះ ក៏នឹងបញ្ជាក់ឡើងវិញផងដែរនូវការប្តេជ្ញាចិត្តរួមគ្នា ដើម្បីរក្សាមជ្ឈភាព និងឯកភាពអាស៊ាន តាមរយៈយន្តការនានាដែលដឹកនាំដោយអាស៊ាន ក៏ដូចជាដើម្បីបង្កើនជំនឿ និងទំនុកចិត្តគ្នាទៅវិញទៅមក ក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់៕