កំណើនតម្លៃ​សំបុត្រយន្តហោះ និងការបិទខ្ទប់តំបន់មួយចំនួននៅចិនជាឧបសគ្គនៃរំហូរវិនិយោគិនចិននៅកម្ពុជា

0

ដោយ៖ វឌ្ឍនៈ​

 

ភ្នំពេញ ៖ ទោះបីរាជរដ្ឋាភិបាលកម្ពុជាបានបើកប្រទេស បើកសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ និងអនុញ្ញាតិឱ្យអ្នកដំណើរមកពីបរទេសចូលក្នុងប្រទេស ដោយមិនធ្វើចត្តាឡីស័កក្ដី វិនិយោគិនបរទេសនៅតែមិនទាន់ចូលមកកម្ពុជាច្រើន ដូចកាលមុនកូវីដ១៩នោះឡើយ ជាពិសេសវិនិយោគិនចិនផ្ទាល់តែម្ដង។

លោក វ៉ា វីរៈ គ្រូបង្វឹកនៃក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding បានឱ្យដឹងថា កត្តានៃសំបុត្រយន្តហោះឡើងថ្លៃ  និងការបិទខ្ទប់នៃតំបន់មួយចំនួន នៅក្នុងប្រទេសចិន គឺជាឧបសគ្គនៃការមកដល់ នៃវិនិយោគិនចិន នៅក្នុងប្រទេសកម្ពុជា។

 

លោកថា ”កម្ពុជាបានបើកទូលាយឱ្យជនបរទេស និងអ្នកដំណើរមកពីបរទេស អាចចូលមកបាន ដោយមិនធ្វើចត្តាឡីស័ក តែជនបរទេស ដូចជាចិនជាដើម ពេលចូលមកកម្ពុជាហើយ និងត្រលប់ទៅវិញ ត្រូវធ្វើចត្តាឡីស័កដាច់ដោយឡែក មិនអាចដើរហើរសេរីបានទេ”។

លោកបន្តថា បន្ថែមពីលើនេះ សំបុត្រយន្តហោះ ពីកម្ពុជាទៅប្រទេសចិន ក៏នៅមានតម្លៃខ្ពស់ ដែលជាហេតុធ្វើឱ្យវិនិយោគិនចិន ក៏ដូចជាទេសចរចិន មិនទាន់អាចចូលមកកម្ពុជាច្រើន ដូចកាលមុនកូវីដ១៩នៅឡើយទេ​។

 

លោកបន្តទៀតថា “មែនទែនទៅ វិនិយោគិនបរទេស ដែលមានវត្តមានច្រើនជាងគេនៅកម្ពុជា យើងសង្កេតឃើញថាមាន ចិន និងកូរ៉េ ដោយសារទំនាក់ទំនាក់ដ៏ល្អរវាងកម្ពុជា និងប្រទេសទាំងនោះ តាំងពីជំនាន់សម្ដេចតា តមកដល់ជំនាន់សម្ដេចតេជោ ក៏នៅតែរក្សាទំនាក់ទំនងល្អរវាងគ្នា។ អ្វីដែលរឹតតែធ្វើឱ្យវិនិយោគិននៃប្រទេសមកកម្ពុជាបន្ថែមទៀតនោះគឺ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសចិន និងប្រទេសកូរ៉េខាងត្បូង”។

 

លោកបន្ថែមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងប្រទេសទាំងពីរនេះ នឹងទាញវិនិយោគិន មកកម្ពុជាបន្ថែម ដើម្បីស្វែងរកការវិនិយោគលើវិស័យនានា ហើយនាំចេញទៅកាន់ទីផ្សារប្រទេសទាំងនោះ ឬទីផ្សារនៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលកម្ពុជាមានជាមួយនឹងដៃគូផ្សេងទៀត ហើយនឹងអាចជំរុញសេដ្ឋកិច្ចរបស់កម្ពុជា កាន់តែមានកំណើនខ្លាំង នៅពេលឆាប់ៗនេះ។

ទោះបីជាវិនិយោគិនមិនមានកំណើនច្រើនដូចមុនកូវីដ១៩ក្ដី តែវិនិយោគិនក្នុងស្រុកមួយចំនួនទៀតសង្ឃឹមថា វិនិយោគិនបរទេសផ្សេងក្រៅពីចិន នឹងចូលមកស្វែងរកការវិនិយោគនៅកម្ពុជា ហើយ​ចាប់ដៃគូជាមួយក្រុមហ៊ុនក្នុងស្រុក ក្នុងការបង្កើតមុខជំនួញ និងអាជីវកម្មនៅកម្ពុជា បង្កើតការងារ និងប្រាក់ចំណូលដល់ពលរដ្ឋ ជាពិសេស ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាទាំងមូលតែម្ដង ៕

LEAVE A REPLY

Please enter your comment!
Please enter your name here