ដោយ គង់ សូរិយា
ភ្នំពេញ៖ ប្រទេសកម្ពុជា តួគីបានចាប់ផ្តើមប្រវត្តិសាស្ត្រថ្មីរួមគ្នា ដោយបង្កើននូវកម្រិតទំនាក់ទំនងកាទូត ពាណិជ្ជកម្ម និងនយោបាយ ដើម្បីធ្វើដំណើរទៅមុខរួមគ្នានិងនាំមកនូវវិបុលភាពសម្រាប់ប្រទេសទាំងពីរ។
ក្នុងដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់ប្រមុខរដ្ឋាភិបាលកម្ពុជា ទៅកាន់ប្រទេសតួគី មេដឹកនាំទាំងពីរបានអញ្ជើញជាអធិបតីរួមគ្នា ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ និងសហប្រតិបត្តិការរួមគ្នាលើវិស័យចំនួន៨ ដើម្បីបើកផ្លូវឆ្ពោះទៅរកទំនាក់ទំនងមួយ ដែលមានភាពជិតស្និទ្ឋជាមួយគ្នា ខណៈប្រទេសទាំងពីរត្រៀមបើកស្ថានទូតនៅប្រទេសរៀងៗខ្លួននាពេលឆាប់ៗខាងមុខនេះ។
ក្នុងគោលដៅដើម្បីពន្លឿននូវទំនាក់ទំណងពាណិជ្ជកម្ម ទេសចរណ៍ និងការវិនិយោគ សម្ដេចតេជោ ហ៊ុន សែន ដែលបានអញ្ជើញជាអធិបតី ក្នុងពិធីបើកវេទិកាធុរកិច្ច កម្ពុជា-តួកគី ដែលធ្វើឡើងនៅទីស្នាក់ការសភាពាណិជ្ជកម្មអឺរ៉ុបស្តានប៊ុល នាទីក្រុងអីស្តានប៊ុល សាធារណរដ្ឋតួកគី នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ កន្លងមកបានថ្លែងថា ដើម្បីជំរុញកំណើនពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ នៃប្រទេសយើងទាំងពីរ សម្តេចសូមសំណូមពរឲ្យភាគីពាក់ព័ន្ធ ពន្លឿនសកម្មភាពក្នុងការជំរុញ ឲ្យមានការហោះហើរត្រង់ ដឹកអ្នកដំណើររវាងតួកគី និងកម្ពុជា ឱ្យបានឆាប់។
សម្ដេចបន្តថា “បច្ចុប្បន្នក្រុមហ៊ុនអាកាសចរណ៍តួកគី បានហោះហើរត្រង់ទៅកាន់កម្ពុជា រួចស្រេចទៅហើយ។ ប៉ុន្ដែនោះគឺជាការដឹកទំនិញ ហេតុនេះសម្តេចសង្ឃឹមថា ទន្ទឹមនឹងការដឹកទំនិញ យើងក៏អាចដឹកមនុស្ស តាមរយៈជើងយន្ដហោះបានដែរ ដើម្បីពង្រីកសកម្មភាពទេសចរណ៍ ទៅវិញទៅមក។សម្តេចបន្តថា “ប្រទេសកម្ពុជា មានសក្តានុពលវិនិយោគ និងឧត្តមភាពសំខាន់ៗ ដូចជា កត្តាស្ថិរភាពនយោបាយ និងសន្តិសុខក្នុងប្រទេស ដែលធ្វើឲ្យកម្ពុជាស្ថិតនៅលើការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមក្នុងអត្រាកំណើនសេដ្ឋកិច្ច ប្រចាំឆ្នាំជាមធ្យម៧ភាគរយ។
កម្ពុជាស្ថិតនៅលើទីតាំងជាយុទ្ធសាស្ត្រ ក្នុងប្រវត្តិអាស៊ានដែលជាតំបន បាននិងកំពុងក្លាយទៅជារោងចក្រនៃអាស៊ាន។ ម្យ៉ាងទៀត កម្ពុជាក៏ស្ថិតនៅក្នុងចំណុចកណ្ដាល នៃតំបន់មេគង្គ កម្លាំងពលកម្មសម្បូរបែប។ ម្យ៉ាងទៀតកម្ពុជា ជាប្រទេស បើកចំហសេដ្ឋកិច្ចសម្រាប់អ្នកវិនិយោគទាំងអស់ ដោយគ្មានការរើសអើងរវាងអ្នកវិនិយោគក្នុងស្រុក និងអ្នកវិនិយោគបរទេស។ ទំនិញផលិតនៅកម្ពុជា មិនត្រឹមតែផ្គត់ផ្គង់លើទីផ្សារកម្ពុជាប៉ុណ្ណោះទេ គឺថែមទាំងអាចនាំចេញទៅកាន់ទីផ្សារអនុតំបន់មេគង្គ ដែលមានអតិថិជនប្រមាណជា២៥០លាននាក់ និងទីផ្សារអាស៊ានជាច្រើនទៀត។
ជាងនេះទៀតកម្ពុជា បាននិងកំពុងធ្វើសមាហរណកម្ម នៃការតភ្ជាប់តាមប៉ូលសេដ្ឋកិច្ចសំខាន់ៗទៀត ក្នុងតំបន់ដែលបង្កើតបាននូវប្រព័ន្ធឡូជីស្ទីក និងលើកកម្ពស់ជីវភាពប្រ ជាជន។
ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកហូ វណ្ឌីបានមានប្រសាសន៍ថា ការពិតទំនាក់ទំនងរវាងប្រទេសទាំងពីរ បានចាប់ផ្តើមតាំងពីសម័យរដ្ឋកម្ពុជា ប៉ុន្តែកម្រិតទំនាក់ទំនងពាណិជ្ជកម្ម ទេសចរណ៍នៅមានកម្រិតនៅឡើយ។លោកបន្តថា ការចាប់ផ្តើមទំនាក់ទំនងនេះ ហើយប្រសិនជាមានការហោះហើរត្រង់តាមសំណើរសម្តេចតេជោ ច្បាស់ណាស់ទំនាក់ទំនងពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរនឹងកើន ឡើងជាស្វ័យប្រវត្តិ។
លោកបន្តថា “ទោះជាយ៉ាងណាក្រុមហ៊ុនវិនិយោគឯកជន ពួកគេនឹងសិក្សាពីតម្រូវការមុនពេលចាប់ផ្តើមហោះហើរ និងវិនិយោគនៅកម្ពុជា ប្រសិនជាតម្រូវការនៅមានកម្រិតពេកអ្វីៗក៏អាចពន្យាពេលផងដែរ”៕