ដោយ៖ សុខុម
វ៉ាស៊ីនតោន: ក្រុមសមាជិកសភាអាមេរិក មកពីគណបក្សប្រជាធិបតេយ្យបានយល់ព្រមបញ្ជូនជំនួយបន្ថែមរហូតដល់ទៅ៣៩,៨ពាន់លានដុល្លារ សម្រាប់ជួយដល់អ៊ុយក្រែន។ នេះបើយោងតាមប្រភពច្បាស់ការទម្លាយឱ្យដឹងកាលពីថ្ងៃច័ន្ទ ទី0៩ ខែឧសភា។
ដំណឹងនេះបានរម្ងាប់ការព្រួយបារម្ភ ដែលលើកឡើងថា ការពន្យារពេលបោះឆ្នោតអនុម័ត អាចធ្វើឱ្យរាំងស្ទះដល់ការបញ្ជូនសព្វាអាវុធរបស់សហរដ្ឋអាមេរិក ទៅឱ្យរដ្ឋាភិបាលទីក្រុងគៀវ។
សភាអាមេរិក អាចនឹងអនុម័តផែនការផ្ដល់ជំនួយថ្មីនៅថ្ងៃអង្គារ ទី១០ ខែឧសភានេះ ដែលលើសពីទំហំជំនួយ៣៣ពាន់លានដុល្លារ ដែលប្រធានាធិបតី ចូ បៃឌិន បានស្នើកាលពីខែមុន ហើយថ្នាក់ដឹកនាំព្រឹទ្ធសភា បានលើកឡើងថា ពួកគេក៏ត្រៀមខ្លួនធ្វើសកម្មភាពភ្លាមៗផងដែរទាក់ទិននឹងជំនួយនេះ។
សំណើសុំមូលនិធិបន្ថែមទាក់ទងនឹងកូវីដ-១៩ ដែលសមាជិកសភាមួយចំនួនមកពីគណបក្សប្រជាធិបតេយ្យ ចង់ដាក់បញ្ចូលគ្នា ជាមួយមូលនិធិគ្រាអាសន្នសម្រាប់ជួយអ៊ុយក្រែន នឹងត្រូវយកទៅពិចារណាដោយឡែកពីគ្នា។
លោក ចូ បៃឌិន កាលពីថ្ងៃទី២៨ ខែមេសា បានស្នើសុំសភានូវកញ្ចប់ថវិកា៣៣ពាន់លានដុល្លារ ដើម្បីជួយគាំទ្រដល់អ៊ុយក្រែន រួមទាំងជំនួយយោធាជាង២០ពាន់លានដុល្លារផងដែរ។ សំណើនោះ គឺជាការសម្រុកបង្កើនថវិការបស់សហរដ្ឋអាមេរិក សម្រាប់សង្គ្រាមអ៊ុយក្រែន ជាមួយរុស្ស៊ី។
ប្រភពដដែល បានបន្ថែមទៀតថា សំណើថ្មីនេះរួមមានទឹកប្រាក់បន្ថែមចំនួន៣,៤ពាន់លានដុល្លារ សម្រាប់ជំនួយយោធា និង៣,៤ពាន់លានដុល្លារ ជាជំនួយមនុស្សធម៌ផងដែរ៕