ដោយ៖ សុខុម
តូក្យូ: ប្រទេសជប៉ុន តែងតែផ្ដល់ជំនួយដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ ឬប្រទេសក្រីក្រដូចកម្ពុជា យើងជាដើម ប៉ុន្តែនោះមិនមានន័យថា ប្រទេស ដែលមានចិត្តសប្បុរសធម៌មួយនេះ មិនជំពាក់បំណុលគេនោះទេ។
យោងតាមក្រសួងហិរញ្ញវត្ថុជប៉ុន បានទម្លាយឱ្យដឹងនៅថ្ងៃអង្គារ ទី១០ ខែឧសភា នេះថា បំណុលរយៈពេលវែងរបស់រដ្ឋាភិបាលជប៉ុន បានកើនឡើងខ្ពស់មិនធ្លាប់មានរហូតដល់៧,៦៧ទ្រីលានដុល្លារអាមេរិក ក្នុងឆ្នាំសារពើពន្ធ ដែលបានបញ្ចប់ក្នុងខែមីនា។
បំណុលរយៈពេលវែងមិនទាន់សងរបស់ប្រទេសជប៉ុន បានកើនឡើង១៨ឆ្នាំជាប់គ្នា។ បច្ចុប្បន្នប្រទេសជប៉ុន ដែលជាសេដ្ឋកិច្ចធំបំផុតទី៣ របស់ពិភពលោកមានទំហំ GDP ៥ទ្រីលានដុល្លារអាមេរិក។
ផ្អែកតាមទិន្នន័យរបស់ក្រសួងហិរញ្ញវត្ថុជប៉ុន បង្ហាញថា បំណុលរបស់រដ្ឋាភិបាលជប៉ុន បានកើនឡើង១៩០ពាន់លានដុល្លារអាមេរិក ពីមួយឆ្នាំមុននេះ។
ប្រទេសជប៉ុន មានគោលដៅសម្រេចឱ្យបាននូវអតិរេកបឋម (ដោយមិនរាប់បញ្ចូលការលក់មូលបត្របំណុលថ្មីៗ និងការទូទាត់សងបំណុលជាប្រចាំ) នៅត្រឹមដំណាច់ឆ្នាំសារពើពន្ធគិតត្រឹមខែមីនា ឆ្នាំ២០២៦ ប៉ុន្តែអ្នកជំនាញមើលឃើញថា គោលដៅនោះពិបាកនឹងសម្រេចបានណាស់ ដោយសារតែការបង្កើនការចំណាយច្រើនសន្ធឹកសន្ធាប់ ដើម្បីដោះស្រាយវិបត្តិកូវីដ-១៩៕