កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានជិត៩,៥លានដុល្លារក្នុង​ត្រីមាសទី១ឆ្នាំ​២០២២

0

ដោយ៖ សុផារី

 

ភ្នំពេញ៖ ត្រីមាសទី១ ឆ្នាំ២០២២ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានចំនួន ៩.៤៩៨.១៤៦ដុល្លារ (ពុំទាន់ធ្វើសវនកម្ម) មានការកើនឡើង១៧ភាគរយ បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២១ មានចំនួន៨,១១៨,០៤២ដុល្លារ (បានធ្វើសវនកម្ម)។

 

នេះបើតាមរបាយការណ៍ របស់កំពង់ផែស្វយ័តភ្នំពេញ ចេញផ្សាយ​នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា ប្រភពចំណូល របស់កំពង់ផែស្វយ័តភ្នំពេញ ដែលទទួលបាននៅត្រីមាសទី១ ឆ្នាំ២០២២នេះ រួមមាន ចំណូលពីប្រតិបត្តិការផែ មានចំនួន២.៦៩១.១១ដុល្លារ ចំណូលបានពីអាជ្ញាធរផែ មានចំនួន៣៥០.៩១២ដុល្លារ ចំណូលបានពីសេវាកម្មផ្សេងៗ មានចំនួន៣៣.១៩៥ដុល្លារ និង​ចំណូលផ្សេងៗ មានចំនួន២២០.៨៩៩ដុល្លារ។

ថ្លែងក្នុងមហាសន្និបាតភាគហ៊ុនិក លើកទី៧ របស់កំពង់ផែស្វយ័តភ្នំពេញ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២នេះ លោក ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានអគ្គនាយក និងជាប្រធានមហាសន្និបាតបានឲ្យដឹងថា គិតមកដល់ពេលនេះ ការចូលផ្សារមូលបត្រកម្ពុជារបស់កំពង់ផែស្វយ័តភ្នំពេញ មានរយៈពេល៧ឆ្នាំហើយ។

 

លោក ហ៊ឺ បាវី បានលើកឡើងថា កំពង់ផែស្វយ័តភ្នំពេញ ពិតជាមានកិត្តិយស និងមានមោទនភាពចំពោះស្នាដៃ និងលទ្ធផល ដែលសម្រេចបាននេះណាស់។ ទោះបីជាយ៉ាងណា យើងនៅមានការទទួលខុសត្រូវ ច្រើនបន្តទៀត ដែលក្នុងនោះ ត្រូវបន្តអនុវត្តផែនការសកម្មភាពអភិវឌ្ឍកំពង់ផែ តាមរយៈការពង្រឹងការគ្រប់គ្រងអង្គភាព ការពង្រឹងធនធានមនុស្ស និងការពង្រឹងប្រតិបត្តិការអាជីវកម្ម សេវាកម្ម។

បើតាមអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ សម្រាប់ឆ្នាំ២០២១ កំពង់ផែស្វយ័តភ្នំពេញ សម្រេចបានលទ្ធផលអាជីវកម្ម ដោយទទួលបាននូវបរិមាណកុងតឺន័រចំនួន 348 898 TEUs ដែលអនុវត្តបានលើសផែនការឆ្នាំ២០២១ ចំនួន១៣ % និងកើនឡើងចំនួន២០% ធៀបនឹងការអនុវត្តឆ្នាំ២០២០៕

LEAVE A REPLY

Please enter your comment!
Please enter your name here