រដ្ឋាភិបាលកាត់ដីភ្នំតាម៉ៅ៨០០ហិចតាឱ្យទៅក្រុមហ៊ុនឯកជនដើម្បីអភិវឌ្ឍន៍ ជាថ្នូរនឹងដីជាង១០០០ហិចតានៅក្នុងតំបន់ផ្សេង

0

ដោយ៖ សុផារី

 

តាកែវ៖ រដ្ឋាភិបាលបានកាត់ដី៨០០ហិកតានៅតំបន់ភ្នំតាម៉ៅ ទៅឱ្យក្រុមហ៊ុនមួយឈ្មោះ ក្រុមហ៊ុនខ្មែរ ហ្រ្វេស មីល ឯ.ក (Khmer Fresh Milk) ដើម្បីអភិវឌ្ឍ ហើយរដ្ឋាភិបាលបានទទួលមកវិញនូវដី១.១២២ហិចតានៅក្នុងតំបន់ផ្សេង។

 

នេះបើតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ដែលចេញដោយលោក ខូយ ឃុនហ៊ួរ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៤ មករា ឆ្នាំ២០២២ ផ្ញើជូនទៅលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងដែនដី លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម និង លោក អ៊ូច ភា អភិបាលខេត្តតាកែវ។

 

យោងតាមលិខិតខាងលើ រាជរដ្ឋាភិបាល​បាន​សម្រេច​ ជា​គោលការណ៍ ​ដោះ​ដូរ​ដី​ចំនួន​ពីរ​ទីតាំង​ តំបន់ភ្នំតាម៉ៅ ស្ថិតក្នុងឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ដែល​មាន​ទំហំ​សរុប​៨​០០​ហិ​ចតា ជាមួយ​ក្រុមហ៊ុន ខ្មែរ ហ្វ្រេ​ស មី​ល ដែល​ជា​ក្រុមហ៊ុន​មាន​កសិដ្ឋាន​ចិញ្ចឹម​គោ​ទឹក​ដ៏​ដ៏​ធំ​ជាងគេ​មួយ​នៅ​កម្ពុជា​។

 

ទីតាំងដោះដូរទី១ មានទំហំ៣០០ហិចតា ដែលជាទីតាំងស្ថានីយ៍ចិញ្ចឹមគោពូជភ្នំតាម៉ៅ ដែលគ្រប់គ្រងដោយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម។ អ្វីដែលរដ្ឋាភិបាល បានមកវិញពីការកាត់តំបន់ដី៣០០ហិចតានេះ ទៅឱ្យក្រុមហ៊ុនខ្មែរ ហ្រ្វេស មីល គឺតំបន់ដី៤០០ហិចតា ដែលស្ថិតក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង រួមទាំងទ្រព្យសម្បត្តិមួយចំនួនទៀត ដូចជាអគាររដ្ឋបាល អគារស្នាក់នៅ ក្រោលគោ ឃ្លាំងចំណីសត្វ ឃ្លាំងសម្ភារ កន្លែងសម្លាប់មេរោគ គ្រឿងសង្ហារិម ប៉ុស្តិ៍យាម រថយន្ត​ Van ១គ្រឿង រថយន្ត​ Pick Up ៥គ្រឿង ត្រាក់ទ័រ៤គ្រឿង និងទោចក្រយានយន្ត៥០គ្រឿង ។ល។

 

ទីតាំងទី២ មានទំហំ៥០០ហិចតា។ តំបន់ដី៥០០ហិចតានេះ គឺជាទីតាំងឧទ្យានសួនសត្វ និងជាមជ្ឈមណ្ឌលសង្គ្រោះសត្វភ្នំតាម៉ៅ។ ការប្រគល់តំបន់ដី៥០០ហិចតានេះ ទៅឲ្យក្រុមហ៊ុនខ្មែរ ហ្វ្រេស មីល ធ្វើឱ្យរដ្ឋាភិបាល ទទួលបានមកវិញនូវតំបន់ដី២កន្លែង ដោយតំបន់ដី១កន្លែង មានទំហំ២៥០ហិចតា ស្ថិតក្នុងស្ថានីយ៍អភិវឌ្ឍន៍ព្រៃឈើបន្ទាយស្រី នៃស្រុកបន្ទាយស្រី ខេត្តសៀមរាប ហើយតំបន់ដី១កន្លែងទៀត មានទំហំជាង៤៧២ហិចតា (៤៧២,៨០៩ហិចតា) ស្ថិតក្នុងស្រុកអូររាំង ខេត្តមណ្ឌលគិរី។

 

ចំពោះតំបន់ដី២៥០ហិចតា ក្នុងខេត្តសៀមរាប នឹងត្រូវប្រើប្រាស់សម្រាប់បង្កើតសួនសត្វ Safari Angkor ហើយក្នុងសួនសត្វ Safari AngKor នឹងត្រូវបានបង្កើតអគារផ្សេងៗ ដូចជា អគាររដ្ឋបាល និងអគារព្យាបាលសត្វព្រៃ ជាអាទិ៍។ ចំណែក តំបន់ដីជាង៤៧២ហិចតា នៅខេត្តមណ្ឌលគិរី នឹងត្រូវទុកសម្រាប់បង្កើតសួនភូតគាមមណ្ឌលគិរី៕

LEAVE A REPLY

Please enter your comment!
Please enter your name here