ដោយ៖ វឌ្ឍនៈ
ភ្នំពេញ ៖ អ្នកជំនាញអចលនទ្រព្យជាច្រើន បានរំពឹងពីការវិនិយោគលើវិស័យដីធ្លីនៅកម្ពុជាកាន់តែច្រើននៅពេលអនាគត ខណៈបច្ចុប្បន្ននេះ រំហូរទុនវិនិយោគពីបរទេសមកកម្ពុជាភាគច្រើនទៅលើវិស័យបីសំខាន់ រួមមាន ហិរញ្ញវត្ថុ ឧស្សាហកម្មកម្មន្តសាល និងវិស័យអចលនទ្រព្យ។
អ្នកស្រី ហ្គ្រែស រចនី អគ្គនាយិកាក្រុមហ៊ុនអចលនទ្រព្យ Century 21 Cambodia បានមានប្រសាសន៍ឱ្យដឹងថា បច្ចុប្បន្នវិស័យធនាគារ នៅក្នុងប្រទេសកម្ពុជា កំពុងទទួលបានការវិនិយោគពីបរទេស និងក្នុងស្រុកជាច្រើន។ ក្នុងនោះដែរ ធនាគារនៅកម្ពុជាមានច្រើនជាង៤០ធនាគារ និងមានគ្រឹះស្ថានហិរញ្ញវត្ថុជាច្រើនទៀត។
លោកស្រីបន្តថា វិស័យបច្ចេកវិទ្យាក៏កំពុងទទួលបានការចាប់អារម្មណ៍ ដើម្បីបណ្ដាក់ទុនវិនិយោគដែរ។ ប្រទេសចិនបាននិងកំពុងសម្លឹងមើលការវិនិយោគ លើវិស័យបច្ចេកវិទ្យា ហើយចិននឹងនាំយកមកនូវបច្ចេកវិទ្យាថ្មីៗមកកាន់ប្រទេសកម្ពុជា។
អ្នកស្រីបន្តថា បើតាមអ្វី ដែលយើងបានដឹង រដ្ឋាភិបាលរបស់ចិនផ្ទាល់បានផ្ដល់នូវហិរញ្ញវត្ថុទៅកាន់ធនាគាររបស់ខ្លួន ដើម្បីពង្រីកទៅកាន់ប្រទេសនានា។ ក្នុងនោះ កម្ពុជាក៏មានធនាគារចិនមួយចំនួនបានធ្វើប្រតិបត្តិការ និងផ្ដល់កម្ចីដល់វិនិយោគិនចិន ដែលផ្ដល់ភាពងាយស្រួលដល់វិនិយោគិនរបស់ចិន ក្នុងការទទួលកម្ចីសម្រាប់វិនិយោគ នៅក្នុងប្រទេសកម្ពុជា ដូចជា សាងសង់អគារ និងបរិក្ខារផ្សេងៗទៀត។
អ្នកស្រីថា ”ចិនមកកម្ពុជា មិនមែនសម្លឹងមើលតែវិស័យមួយនោះទេ ហើយពួកគេក៏បានសម្លឹងមើលការវិនិយោគរយៈពេលវែងផងដែរ ដូច្នេះវិស័យដីធ្លីនៅក្នុងប្រទេសកម្ពុជា នឹងកាន់តែមានសក្ដានុពលខ្ពស់ នៅពេលអនាគត”។
អ្នកស្រីបន្ថែមថា នៅពេលអនាគត ការវិនិយោគដ៏ធំរបស់ប្រទេសកម្ពុជា ទាំងវិនិយោគិនក្នុងស្រុក និងវិនិយោគិនមកពីខាងក្រៅ គឺវិស័យដីធ្លីផ្ទាល់តែម្ដង ព្រោះនៅប្រទេសមួយចំនួន គឺតម្លៃដីដល់កម្រិតកំពូល និងមានតម្លៃខ្ពស់ណាស់ទៅហើយ។ ជាក់ស្ដែង នៅប្រទេសសិង្ហបុរី ក្នុងមួយហ្វីតការ៉េ មានតម្លៃដល់ទៅ១ម៉ឺនដុល្លារទៅហើយ ដូច្នេះបើសិនជាមួយម៉ែត្រការ៉េ គឺអាចស្ថិតក្នុងរង្វង់១០ម៉ឺនដុល្លារ។
អ្នកស្រីបន្ថែមថា “ដោយសារតម្លៃដីធ្លី នៅក្នុងប្រទេសមួយចំនួន បានឡើងដល់កំពូលបែបនេះ អ្នកវិនិយោគនៅប្រទេសទាំងនោះ ក៏បានវេចលុយមករកទិញដី នៅក្នុងប្រទេសកម្ពុជា ដែលមានតម្លៃត្រឹមតែ៣០០០ដុល្លារក្នុងមួយម៉ែត្រ តែអាចសាងសង់អគារបានរាប់សិបជាន់ និងអាចយកប្រាក់ចំណេញរបស់ពួកគាត់ត្រលប់ទៅវិញបានផងដែរ”។
លោក ព្រាប កុល ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ន Century 21 Zillion Holding បានឱ្យដឹងថាដីធ្លីនៅក្នុងប្រទេសកម្ពុជា គឺមានសក្ដានុពលអភិវឌ្ឍន៍ធំធេងណាស់។ ជាក់ស្ដែង យើងបានឃើញស្រាប់ហើយ ដីធ្លីនៅកម្ពុជានៅទំនេរច្រើន និងមិនទាន់មានការអភិវឌ្ឍ ឬកែច្នៃដីនោះ ឱ្យមានតម្លៃខ្ពស់នៅឡើយ ៕