ដោយ៖ សុខុម
សិង្ហបុរី: អគារខុនដូដ៏ចំណាស់មួយ ដែលមានឈ្មោះថា Thomson View Condominium នឹងត្រូវប្រកាសដាក់លក់ជាថ្មី ក្នុងតម្លៃរហូតដល់ទៅ៩៥០លានដុល្លារសិង្ហបុរី ឬស្មើនឹង៦៨៤,៥លានដុល្លារអាមេរិក។
យោងតាមទីភ្នាក់ងារអចលនទ្រព្យ OrangeTee Advisory បានទម្លាយឱ្យដឹង នៅថ្ងៃពុធ ទី១១ ខែឧសភានេះថា អគារខុនដូនេះត្រូវបានប្រកាសដាក់លក់ម្ដងរួចមកហើយ កាលពីខែវិច្ឆិកា ឆ្នាំ២០២១ ដោយបានក្លាយជាអគារលំនៅដ្ឋានរួម ដែលមានតម្លៃខ្ពស់បំផុត ក្នុងឆ្នាំដដែល។
ការដាក់លក់ជាថ្មីនេះនឹងត្រូវធ្វើឡើង តាមរយៈការដេញថ្លៃជាសាធារណៈ នៅថ្ងៃទី១២ ខែឧសភា ស្អែកនេះ ហើយដំណើរការដាក់ដេញថ្លៃ នឹងបិទបញ្ចប់នៅម៉ោង៣:០០រសៀល ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២។
ដោយមានទីតាំងស្ថិតនៅជិតស្ថានីយរថភ្លើងក្រោមដី Upper Thomson MRT អគារខុនដូ Thomson View Condominium ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីទំហំ៥០.១៩៦ម៉ែត្រការ៉េ ហើយដំណើរការសាងសង់បានបញ្ចប់ជាស្ថាពរក្នុង១៩៨៧ (៣៥ឆ្នាំមុន)។
អគារខុនដូដ៏ចំណាស់ទាំងមូលនេះ មានអាផាតម៉ិនចំនួន២០០យូនីត ផ្ទះប្រភេទ Townhouse ចំនួន៥៤យូនីត និងហាង១យូនីត៕