សម្តេចតេជោ៖ សង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែន ធ្វើឱ្យកម្ពុជាទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចពី៥,៦ភាគរយ មកនៅត្រឹម៥,២ភាគរយ សម្រាប់ឆ្នាំ២០២២

0

ដោយ៖ សុផារី

អាមេរិក៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះ បានថ្លែងថា សង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន ធ្វើឱ្យប្រទេសកម្ពុជាទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចពី ៥,៦ភាគរយ មកនៅត្រឹម ៥,២ភាគរយ សម្រាប់ឆ្នាំ២០២២។

ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដាប្រមាណ ជាង២ពាន់នាក់ នៅរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា “ឆ្នាំនេះ យើងរំពឹងថា នឹងមានកំណើនសេដ្ឋកិច្ច៥,៦ភាគរយ ប៉ុន្ដែដោយសារតែឥទ្ធិពល នៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន សេដ្ឋកិច្ចសាកលបានទម្លាក់ជាបន្ដបន្ទាប់ ដូច្នេះសេដ្ឋកិច្ចកម្ពុជា ក៏ត្រូវបានធនាគារអភិវឌ្ឍន៍អាស៊ី វាយតម្លៃថា មានកំណើនត្រឹមតែ៥,២ភាគរយប៉ុណ្ណោះ”។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ទោះបីជាកំណើនសេដ្ឋកិច្ចកម្ពុជា សម្រាប់ឆ្នាំ២០២២នេះ បានត្រឹម៥,២ភាគរយក៏ដោយ ក៏វាមិនអាក្រក់នោះដែរ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា កាលពីចាប់ផ្ដើមមានកូវីដ១៩បានមកដល់ នៅឆ្នាំ២០២០ សេដ្ឋកិច្ចកម្ពុជា បានធ្លាក់ពី៧ភាគរយ នៅឆ្នាំ២០១៩ រហូតដល់ដក២,១ភាគរយ ដែលនេះជាការធ្លាក់ចុះដ៏អាក្រក់ ប៉ុន្ដែកម្ពុជាបានខិតខំឡើងវិញនៅឆ្នាំ២០២១។

ធនាគារពិភពលោក (World Bank) បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងវិញ ៤,៥% នៅឆ្នាំ២០២២នេះ កើន ៥,៨% នៅឆ្នាំ២០២៣ និងកើនឡើង ៦,៦% នៅឆ្នាំ២០២៤។ ចំណែកធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជា នឹងកើនឡើង ៥,៣% នៅឆ្នាំ២០២២ និង៦,៥% នៅឆ្នាំ២០២៣៕

LEAVE A REPLY

Please enter your comment!
Please enter your name here