សម្តេចតេជោបញ្ជាក់ជំហរនៃទំនាក់ទំនងជាមួយចិន និងសហរដ្ឋអាមេរិក

0

ដោយៈគង់ សូរិយា

        អាមេរិកៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់អំពីជំហរការបរទេសរបស់កម្ពុជាថា កម្ពុជាមិនបានជ្រើសរើសចិន ប្រឆាំងនឹងអាមេរិក ឬជ្រើសរើសប្រទេសណាមួយ ដើម្បីប្រឆាំងប្រទេសណានោះឡើយ ដោយកម្ពុជាប្រកាន់ខ្ជាប់ នូវគោលនយោបាយការបរទេសចម្រុះពណ៌។

ការបញ្ជាក់អំពីជំហរនយោបាយការបរទេសនេះ បានធ្វើឡើងខណៈដែលសម្តេចមានវត្តមាននៅសហរដ្ឋអាមេរិក បន្ទាប់ពីមានការវាយប្រហារថា កម្ពុជាមាននយោបាយរណបចិន ប្រឆាំងនឹងសហរដ្ឋអាមេរិក ក៏ដូចជាងាកចេញពីវៀតណាម។

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដាប្រមាណ២ពាន់នាក់ នៅរដ្ឋធានីវ៉ាស៊ីនតោន នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះ (ម៉ោងនៅកម្ពុជា) សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា “យើងអត់ត្រូវការជ្រើសរើសរវាងចិន និងអាមេរិក ទោះបីជាអ្នកឯងបង្ខំឲ្យខ្ញុំជ្រើសរើសមួយ ក៏ខ្ញុំអត់ធ្វើការជ្រើសរើស យើងអត់ត្រូវការជ្រើសរើសវៀតណាមទៅប្រឆាំងថៃ ទៅជ្រើសរើសថៃប្រឆាំងវៀតណាម ទៅជ្រើសរើសវៀតណាមប្រឆាំងចិន ទៅជ្រើសរើសចិនប្រឆាំងវៀតណាម គឺអត់ជ្រើសរើសទេ

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា នៅក្នុងអាស៊ានក៏ដូចគ្នាដែរ យើងមិនមានជ្រើសរើសនរណានោះទេ។ សម្តេចបានបញ្ជាក់ថា វត្តមានរបស់សម្ដេចមកកាន់សហរដ្ឋអាមេរិកនេះ ម្ខាងក្នុងតួនាទីជាប្រធានអាស៊ាន និងម្ខាងទៀតតួនាទីជានាយករដ្ឋមន្ត្រីកម្ពុជា ដែលជាសមាជិកអាស៊ាន ដែលធ្វើឡើងតបតាមការអញ្ជើញរបស់ ប្រធានាធិបតីអាមេរិក ចូ បៃដិន។

សម្ដេចលើកឡើងថា កន្លងទៅមានអ្នកខ្លះលើកឡើងថា គេយកសម្ដេ​ចមកធ្វើទីងមោងនៅសហរដ្ឋអាំមេរិក។ សម្ដេចបានចោទសួរថា បើសម្ដេចជាប្រធានអាស៊ានទីងមោងនោះ ម៉្លេះសមាជិកអាស៊ាន៩ប្រទេសទៀតក៏ជាទីងមោងដូចគ្នា ហើយលោកចូ បៃដិន ប្រធានាធិបតីអាមេរិក ដែលជាដៃគូសន្ទនាអាស៊ាន ហើយធ្វើជាសហប្រធានកិច្ច ប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ក៏ជាទីងម៉ោងដូចគ្នាដែរ។

សម្ដេចតេជោ នាយករដ្ឋមន្រ្តី បានចាត់ទុកថា អ្នកដែលបានរិះគន់ថា សម្ដេចត្រូវបានគេយកមកធ្វើជាទីងមោង នៅសហរដ្ឋអាមេរិកនេះ គឺជាអ្នកដែលពុំមានការយល់ដឹង ទាក់ទងជាមួយនឹងច្បាប់អាស៊ាន និងគោលការណ៍របស់អាស៊ាននោះទេ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here