ដោយៈ គង់ សូរិយា
អាមេរិកៈ ទំនាក់ទំនងកម្ពុជា អាមេរិកពេលខ្លះប្រៀបដូចអណ្តាត និងធ្មេញ ពេលខ្លះដូចជាការដើរលើផ្លូវហាយវេ និងពេលខ្លះត្រូវលុកភក់ផងដែរ ប៉ុន្តែជាលទ្ឋផល ប្រទេសទាំងពីរនៅតែអាចដើររួមគ្នា និងឈរលើផលប្រយោជន៍រួមគ្នាបាន។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីជាមួយលោកស្រី Wendy Sherman អនុរដ្ឋមន្ត្រី កការបរទេសអាមេរិក នៅក្រសួងការបរទេសអាមេរិក រដ្ឋធានី វ៉ាស៊ីនតោន នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ម្សិលមិញ នៅមុនកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក។
តាមការប្រកាសរបស់ក្រសួងការបរទេស ដែលបណ្ដាញព័ត៌មាន ទទួលបានបញ្ជាក់ឲ្យដឹងថា ក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រី បានទទួលស្គាល់ថា ក្នុងរយៈពេលជាង៧០ឆ្នាំនៃទំនាក់ទំនង ទោះបីជាមាន ទស្សនៈខុសគ្នាខ្លះក៏ដោយ ក៏មានការខិតខំប្រឹងប្រែងយ៉ាងពិតប្រាកដ និងជាប់លាប់ក្នុងការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ។ ពាណិជ្ជកម្មគឺជាគំរូដ៏ល្អបំផុត នៃកិច្ចសហប្រតិបត្តិការដ៏ល្អដែលផ្តល់ផលប្រយោជន៍ដល់ភាគីទាំងពីរ ជាពិសេសកម្មករស្ត្រីដ៏ច្រើនលើសលុប នៅក្នុងវិស័យវាយនភណ្ឌ ស្បែកជើង និងទំនិញធ្វើដំណើរ។
វិស័យសំខាន់ៗផ្សេងទៀត រួមមាន ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ការស្វែងរក អដ្ឋិធាតុទាហានអាមេរិក, ការប្រឆាំងភេរវកម្ម, ការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរ , ប្រតិបត្តិការរក្សាសន្តិភាព, កិច្ចសហប្រតិបត្តិការវប្បធម៌ ជាពិសេសការអភិរក្ស និងការពារបេតិកភណ្ឌវប្បធម៌ ជាដើម។
លោកស្រីអនុរដ្ឋមន្ត្រី បានគោរពកោតសរសើរ កម្ពុជាចំពោះយុទ្ធនាការចាក់វ៉ាក់សាំងដែល ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ និងបានសម្តែងអំណរគុណ ចំពោះសកម្មភាពឈរលើ គោលការណ៍របស់កម្ពុជា ក្នុងការគាំទ្រសេចក្តីសម្រេច របស់មហាសន្និបាតអង្គការសហប្រជាជាតិស្តីពី អ៊ុយក្រែន ដោយគិតគូរពីគោលការណ៍ នៃការគោរពបូរណភាពទឹកដី និងការជៀសវាងការប្រើកម្លាំងប្រឆាំង នឹងរដ្ឋសមាជិកទាំងអស់ នៃអង្គការសហប្រជាជាតិ។
លោកស្រីបានសម្តែងការគាំទ្រ របស់សហរដ្ឋអាមេរិកសម្រាប់ភាពជាប្រធានអាស៊ានរបស់កម្ពុជាក្នុងឆ្នាំនេះ និងបានថ្លែងអំណរគុណកម្ពុជាសម្រាប់ការគាំទ្រ ដល់ការសម្របសម្រួលកិច្ចប្រជុំកំពូលពិសេស អាស៊ាន-សហរដ្ឋអាមេរិកនាពេលខាងមុខ។
លោកស្រីក៏បានថ្លែងអំណរគុណចំពោះ លោកឧបនាយករដ្ឋមន្ត្រី ដែលបានបំពេញតួនាទីជាប្រេសិត ពិសេសនៃប្រធានអាស៊ានលើបញ្ហាមីយ៉ាន់ម៉ា និងបានជំរុញឱ្យមានការប្រាស្រ័យទាក់ទង ជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ លោកស្រីក៏បានលើកឡើងពីកង្វល់មួយចំនួន ទាក់ទងនឹងការអភិវឌ្ឍមូលដ្ឋានទ័ពជើងទឹករាម និងស្ថានភាព លទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា។
ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា តាមរយៈបទពិសោធន៍ដ៏ឈឺចាប់ពីជម្លោះ និងអំពើប្រល័យពូជសាសន៍អស់រយៈកា ល៣០ឆ្នាំកន្លងមក កម្ពុជាតែងតែប្រកាន់យកនូវវិធីសាស្រ្តប្រកប ដោយសង្គតិភាព ក្នុងការការពារសន្តិភាព និងគោរពច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ នៅក្នុងការអនុវត្ត នយោបាយការបរទេសរបស់ខ្លួន ជាពិសេសនៅក្នុងបរិបទនៃបញ្ហាមីយ៉ាន់ម៉ា និង ជម្លោះនៅអ៊ុយក្រែន។
ចំពោះ ការអភិវឌ្ឍមូលដ្ឋានទ័ពជើងទឹករាម ឧបនាយករដ្ឋមន្ត្រី បានអះអាងសាជាថ្មី អំពីការប្រកាន់ខ្ជាប់របស់កម្ពុជាចំពោះគោលការណ៍ រដ្ឋធម្មនុញ្ញរបស់ខ្លួន ដែល ហាមឃាត់វត្តមានយោធាបរទេស។ កាយវិការដែលកម្ពុជាបាន ធ្វើឡើងក្នុងការអនុញ្ញាត ឱ្យមានដំណើរទស្សនកិច្ចនានា ទៅកាន់មូលដ្ឋាននេះជាច្រើនលើកច្រើនសារ គឺជាកាយវិការ ដែលមិនធ្លាប់មានសម្រាប់ប្រទេសនានា បើពិនិត្យមើលពីទិដ្ឋភាពក្នុងវិស័យយោធា។
អំពីស្ថានភាពលទ្ធិប្រជាធិបតេយ្យ លោកឧបនាយករដ្ឋមន្ត្រី បានពន្យល់ថា ទោះបីលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជាមានភាពក្មេងខ្ចី ក៏ប្រទេសកម្ពុជាបានរៀបចំ ការបោះឆ្នោតយ៉ាងទៀងទាត់ ចាប់តាំងពីឆ្នាំ១៩៩៣ ហើយការបោះឆ្នោតទាំងនោះ ត្រូវបានអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ទទួលស្គាល់ថា មានភាពសេរីយុត្តិធម៌ តម្លាភាព សន្តិភាព និងសណ្តាប់ធ្នាប់ល្អ។ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស តែងតែត្រូវបានរំលេច នៅក្នុងការបោះឆ្នោតទាំងនោះ ហើយការបោះឆ្នោតឃុំសង្កាត់នាពេលខាងមុខនឹង ផ្តល់វេទិកាសម្រាប់គណបក្សចំនួន១៧ចូលរួមប្រកួតប្រជែង។
ស្ថាប័នសារព័ត៌មាន ក្នុងទម្រង់បោះពុម្ព និងឌីជីថល មានជាង២០០០, អង្គការក្រៅរដ្ឋាភិបាលជាង៦០០០ សហជីពជាង ៦០០០ មានន័យថា រោងចក្រខ្លះមានសហជីព៥ ក្នុងរោងចក្រតែមួយ គឺជាតថភាព ជាក់ស្តែងនៃលំហសេរីភាព និងវប្បធម៌ប្រជាធិបតេយ្យរបស់កម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះការងាររបស់ប្រេសិត ពិសេសស្តីពី បញ្ហាមីយ៉ាន់ម៉ា ហើយបានរំលឹកឡើងវិញ នូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការស្នើសុំឱ្យមានកិច្ចប្រជុំជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសតួអង្គ ដែលកំពុងស្ថិតនៅក្នុង ប្រទេសមីយ៉ាន់ម៉ា ដូចជា លោកស្រី អោង សាន់ស៊ូជី និង លោក អតីតប្រធានាធិបតី វីន មីន ដើម្បីជំរុញវឌ្ឍនភាពនៃអាទិភាពក្នុង ការបញ្ឈប់អំពើហឹង្សា ការផ្តល់ជំនួយមនុស្សធម៌ និងកិច្ចសន្ទនានយោបាយប្រកបដោយបរិយាប័ន្ន។
កម្ពុជានឹងបន្តការប្ដេជ្ញាចិត្តរបស់ខ្លួន ចំពោះវិធីសាស្រ្តដែលដើរ មួយជំហានម្តងៗ និងការផ្តោតលើសកម្ម ភាពជាក់ស្តែង តាមរយៈការអនុវត្តយន្តការ កសាងទំនុកចិត្ត និងភាពជឿជាក់ ក្នុងចំណោមភាគីពាក់ព័ន្ធផ្សេងៗ៕