អភិបាលខេត្តកំពង់ស្ពឺៈ រោងចក្រ សហគ្រាសកាន់តែច្រើនបង្ហាញវត្តមាននៅលើផ្លូវជាតិសំខាន់ៗចំនួនពីរ

0

ដោយៈគង់ សូរិយា

កំពង់ស្ពឺៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ លោកវ៉ី សំណាងបានថ្លែងថា រោងចក្រ សហគ្រាសជាច្រើនបាន និងកំពុងបង្ហាញខ្លួននៅលើផ្លូវជាតិលេខ៤១​ និងផ្លូវជាតិលេខ៥១។

លោកបានមានប្រសាសន៍ឲ្យដឹង តាមទូរស័ព្ទកាលពីចុងសប្តាហ៍មុនថា រោងចក្រជាច្រើនបានចូលមកកាន់ខេត្តនេះ ដែលរោងចក្រមួយចំនួនជាការពង្រីកបន្ថែមរបស់ក្រុមហ៊ុនផ្សេងៗ និងរោងចក្រមួយចំនួនទៀតជាការវិនិយោគរបស់វិនិយោគិនថ្មីៗ ដែលពួកគេទទួលបានសិទ្ឋអនុញ្ញាត្តពី CDC ។

លោកបន្តថា “ទន្ទឹមនឹងនេះ មានអ្នកវិនិយោគថ្មីៗបានចុះមកសិក្សាពីសក្តានុពល និងឱកាសវិនិយោគក្នុងខេត្តជាបន្តបន្ទាប់ផងដែរ ប៉ុន្តែរហូតមកទល់ពេលនេះ យើងមិនទាន់ឃើញពួកគាត់សម្រេចបែបណានៅឡើយ”។

ខេត្តកំពង់ស្ពឺក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ មានភាពទាក់ទាញការវិនិយោគកាន់តែច្រើនលើវិស័យរោងចក្រ សហគ្រាស អចលនទ្រព្យ ដោយ​សាររដ្ឋាភិបាលបានដាក់ចេញ នូវគោលនយោបាយជម្រុញរផងចក្រ សហគ្រាសនានាចេញពីទីក្រុង ឆ្ពោះមកកាន់ខេត្តកំពង់ស្ពឺ ដែលមានភាពងាយស្រួលក្នុងការដឹកជញ្ជូន។

ផ្លូវជាតិលេខ៤១ និងផ្លូវជាតិលេខ៥១បាននិងកំពុងដើរតួនាទីសំខាន់ ក្នុងការតភ្ជាប់ការដឹកជញ្ជូនទៅកាន់តំពង់ផែទឹកជ្រៅ នៅខេត្តព្រះសីហនុ តាមរយៈផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ និងការតភ្ជាប់ជាមួយផ្លូវជាតិលេខ៥ ដែលជាផ្លូវហាយវេរបស់អាស៊ានផងដែរ។

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចល​នវត្ថុកម្ពុជាបានមានប្រសាសន៍ថា ការផ្លាស់ប្តូររោរងចក្រ សហគ្រាសចេញពីរាជធានីភ្នំពេញ ជានិ​ន្នាការធម្មតារបស់បណ្តាប្រទេស កំពុងអភិវឌ្ឍន៍នានា ដែលតាមធម្មតា នៅពេលរាជធានី ឬទីក្រុងមានមនុស្សរស់នៅកាន់​តែច្រើន ការផ្លាស់ប្តូររោងចក្រ ទៅកាន់ជាយរាជធានី ឬជាយក្រុងគឺជាគោលនយោបាយថ្មីរបស់រដ្ឋាភិបាល ដើម្បីពង្រីកសក្តានុពលសេដ្ឋកិច្ច និងធ្វើពិពិធកម្មតំបន់សេដ្ឋកិច្ច ឧស្សាហកម្មរបស់ខ្លួនឲ្យកាន់តែសម្បូរបែប៕

LEAVE A REPLY

Please enter your comment!
Please enter your name here