ដោយ៖ សុផារី
ក្រុងព្រះសីហនុ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសដាក់ចេញនូវយុទ្ធសាស្រ្តសំខាន់ៗចំនួន២ ដើម្បីធានាបានលើសុវត្ថិភាពទឹកក្នុងបណ្តាខេត្តតំបន់មាត់សមុទ្រ។
ក្នុងពេលចុះពិនិត្យលើកិច្ចការគ្រប់គ្រងវិស័យធនធានទឹក និងឧតុនិយម របស់ខេត្តកោះកុង កាលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ លោក ចាន់ ស៊ីណាត រដ្ឋលេខាធិការនៃក្រសួងធនធានទឹក និងឧតុនិយម បានលើកឡើងថា រាល់ការអនុវត្តសកម្មភាពជោគជ័យរបស់ក្រសួងកន្លងមក គឺកើតចេញពីការគិតគូគ្រប់ជ្រុងជ្រោយ និងដោយបានការចូលរួម សហការដ៏ល្អពីសំណាក់ដៃគូរពាក់ព័ន្ធ។
លោកបន្ថែមថា ដើម្បីធ្វើឲ្យការអភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយមមានការធានា និងដោះស្រាយលើបញ្ហាសន្តិសុខសុវត្ថិភាពទឹកក្នុងបណ្តាខេត្តនៅតាមតំបន់សមុទ្រ។
លោករដ្ឋមន្ដ្រីបានដាក់ចេញនូវយុទ្ធសាស្រ្តសំខាន់ៗចំនួន២រួមមាន ១. ធ្វើការជួសជុលស្តារឡើងវិញ និងសាងសង់ឲ្យបានច្រើនលើប្រព័ន្ធទំនប់ប៉ូលឌែរ នៅក្នុងតំបន់ខេត្តកែប ខេត្តព្រះសីហនុ និងខេត្តកោះកុង និង ២. ធ្វើការកសាងឲ្យបានច្រើននូវអាងស្តុកទឹកដែលត្រូវប្រមូលចាប់យកទឹកពីតំបន់ផ្ទៃរងទឹកភ្លៀងនៃតំបន់ Costal Correadors ជាដើម។
តាមរយៈសកម្មភាពចុះពិនិត្យការងារធនធានទឹក និងឧតុនិយម របស់ខេត្តកោះកុង ក្រសួង ក៏បានធ្វើការកសាងនូវផែនការការងារមេសម្រាប់ធ្វើការជួលជុលស្តារឡើងវិញ លើប្រព័ន្ធទំនប់ការពារព្រៃទាំងអស់ អាងស្ទាក់ទឹកលើព្រែកទាំងប្រាំ ជួសជុលស្ថារឡើងវិញលើអាងទឹកទាំងប្រាំ ធ្វើការជួសជុលស្តារឡើងវិញនូវស្រះទឹក និងបឹង បួ អូរធម្មជាតិនានា ដើម្បីដោះស្រាយបញ្ហាអសន្តិសុខទឹករបស់ខេត្តព្រះសីហនុផងដែរ៕