ដោយៈសុខុម
អន្តរជាតិ: ឧបនាយករដ្ឋមន្រ្តរុស្ស៊ី លោក Alexander Novak បានប្រកាសជំហរយ៉ាងម៉ឺងម៉ាត់ កាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភា ថា ប្រទេសរុស្ស៊ី នឹងបញ្ជូនប្រេងដែលបណ្តាប្រទេសអឺរ៉ុប មិនទទួលយក មកកាន់អាស៊ី និងតំបន់ផ្សេងទៀត។
លោក Alexander Novak បានសង្កត់ធ្ងន់បន្ថែមទៀតថា អឺរ៉ុប នឹងត្រូវស្វែងរកការផ្គត់ផ្គង់ជំនួស ដែលមានតម្លៃថ្លៃជាងប្រេងរុស្ស៊ី។
គណៈកម្មការអឺរ៉ុប កាលពីថ្ងៃពុធ ទី១៨ ខែឧសភា បានបង្ហាញផែនការចំណាយ២២០ពាន់លានដុល្លារសម្រាប់អឺរ៉ុប បញ្ចប់ការពឹងផ្អែករបស់ខ្លួនលើឥន្ធនៈហ្វូស៊ីលរបស់រុស្ស៊ី នៅត្រឹមឆ្នាំ២០២៧ និងដើម្បីពន្លឿនការផ្លាស់ប្តូរឆ្ពោះទៅរកការប្រើប្រាស់ថាមពលកកើតឡើងវិញ។
លោក Alexander Novak បាននិយាយថា អឺរ៉ុបទទួលយកប្រេងរុស្ស៊ី ប្រហែល៤លានបារ៉ែលក្នុងមួយថ្ងៃ ហើយថា រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបង្វែរការផ្គត់ផ្គង់ទាំងនោះមកកាន់អាស៊ី និងតំបន់ផ្សេងទៀត ហើយជាលទ្ធផលអឺរ៉ុប នឹងត្រូវស្វែងរកប្រភពផ្គត់ផ្គត់ជំនួស ដែលមានតម្លៃថ្លៃជាងប្រេងរុស្ស៊ី។
ទណ្ឌកម្មដែលលោកខាងលិចដាក់លើរុស្ស៊ី បន្ទាប់ពីកងទ័ពរុស្ស៊ី បញ្ឆេះសង្គ្រាមចូលឈ្លានពានអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ បានបង្ខំឱ្យអ្នកទិញប្រេងមួយចំនួនពន្យារពេល ឬបដិសេធមិនទទួលយកប្រេងរុស្ស៊ី ជាហេតុធ្វើឱ្យផលិតកម្មប្រេងរបស់រុស្ស៊ី ធ្លាក់ចុះខ្លាំង។
ឧបនាយករដ្ឋមន្ត្រីរូបនេះនិយាយថា ផលិតកម្មប្រេងរបស់រុស្ស៊ី គឺទាបជាងប្រហែល១លានបារែលក្នុងមួយថ្ងៃ ក្នុងខែមេសា ប៉ុន្តែបានកើនឡើងចន្លោះពី២០០.០០០ ទៅ៣០០.០០០បារ៉ែលក្នុងមួយថ្ងៃ ក្នុងខែឧសភា នេះ ហើយតាមការរំពឹងទុក ចំនួនផលិតកម្មនឹងកើនឡើងបន្ថែមទៀតនៅខែក្រោយ។
លោកបានបន្តថា ការនាំចេញប្រេងរបស់រុស្ស៊ី កំពុងងើបឡើងវិញជាបណ្តើរៗហើយ ហើយប្រទេសនេះ នឹងអាចស្វែងរកទីផ្សារនាំចេញថ្មីៗ ឱ្យបាន ដោយសារធនធានថាមពលរបស់ខ្លួន មានការប្រកួតប្រជែងខ្ពស់៕ Reuters៕