ដោយ: សុផារី
ស្ទឹងត្រែង: ខេត្តស្ទឹងត្រែង ជាខេត្តជាប់ព្រំដែនមួយ ដែលមានសកម្ម ភាពចលនទ្រព្យហាក់ស្ងប់ស្ងាត់ខ្លាំង បើធៀបជាមួយនឹងខេត្តជាប់ព្រំដែនផ្សេងៗទៀត។
អ្នកជំនាញលើកឡើងថា មានមូលហេតុចំនួនបី ដែលធ្វើឲ្យសកម្មភាពអចលនទ្រព្យនៅក្នុងខេត្តមួយនេះ មានភាពស្ងប់ស្ងាត់។
លោក ជុំ វិចិត្រ ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តស្ទឹងត្រែង បានមានប្រសាសន៍ប្រាប់ Property Area Asia នៅក្នុងថ្ងៃទី២០ ខែឧសភានេះថា ចរន្តនៃការទិញលក់អចលនទ្រព្យ នៅក្នុងខេត្តស្ទឹងត្រែងមិនមានសន្ទុះគួរឲ្យកត់សំគាល់នោះទេ ដោយសារសកម្មភាពទិញលក់ភាគច្រើនធ្វើឡើងសម្រាប់តែប្រជាជននៅក្នុងមូលដ្ឋាន ជាពិសេសនៅក្នុងទីរួមខេត្តស្ទឹងត្រែងតែម្ដង មិនមានវិនិយោគិនធំៗ ឬអ្នកទិញមកពីបណ្ដាខេត្តនានា ឬមកពីភ្នំពេញ មានតែក្រុមហ៊ុនដែលពង្រីកសាខាមកតាមបណ្ដាខេត្តប៉ុណ្ណោះ។
លោកបន្តថា ពាក់ព័ន្ធនឹងសំណង់លំនៅដ្ឋាន ផ្ទះល្វែង នានា លោកសង្កេតឃើញថា មានក្រុមហ៊ុនពីរបីមកវិនិយោគដែរ ប៉ុន្តែធ្វើក្នុងទំហំតូចតែប៉ុណ្ណោះ ហើយក៏មិនសូវមានសកម្មភាពទិញលក់ច្រើននោះទេ។
លើកឡើងពីមូលហេតុ ដែលបណ្ដាលឱ្យ សកម្មភាពទិញលក់ចលនទ្រព្យនៅមានកម្រិត លោកវិចិត្របានមានប្រសាសន៍បញ្ជាក់ថា មូលហេតុទីមួយអាចបណ្ដាលមកពី សកម្មភាពទេសចរណ៍នៅក្នុងខេត្តស្ទឹងត្រែង នៅមិនទាន់មានភាពមមាញឹកច្រើននោះទេ ដោយភាគច្រើន គឺជាតំបន់ទេសចរណ៍កែច្នៃ ដែលទេសចរចូលមកទស្សនាកម្សាន្ត ហើយមិនស្នាក់នៅយូរនោះទេ។
ហេតុផលសំខាន់ទី២ បណ្ដាលមកពី កង្វះហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ធំៗ ឬគម្រោងផ្សារធំៗនៅក្នុងខេត្តនោះឡើយ។
លោកមានប្រសាសន៍ថា “ខេត្តស្ទឹងត្រែងមិនសូវមានសន្ទុះខ្លាំង ខាងផ្នែកហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាទេសចរណ៍នោះទេ ដូច្នេះការទិញលក់ដីធ្លី មានតែក្នុងរង្វង់អ្នកនៅក្នុងខេត្ត ទិញលក់ៗ”។
ហេតុផលទី៣ អាចបណ្ដាលមកពីសកម្មភាពពាណិជ្ជកម្ម ច្រកព្រំដែនកម្ពុជាឡាវ នៅមានកម្រិតតិចតួចនៅឡើយ។
លោកជុំ វិចិត្របានបន្តថា ” មួយវិញទៀត នៅមិនទាន់មានគម្រោងហេដ្ឋារចនាសម្ព័ន្ធ គម្រោងផ្សារធំៗ។ ច្រកព្រំដែនក៏មិនមានសក្កានុពល ដោយសារវាជាច្រកព្រំដែនកម្ពុជាឡាវ មិនសូវមានសកម្មភាពដូច ច្រកព្រំដែនថៃ ឬវៀតណាមនោះទេ”។
ធនាគារអភិវឌ្ឍន៍អាស៊ី បានចង្អុលបង្ហាញទៅរដ្ឋាភិបាល គួរវិនិយោគសាងសង់ព្រលានយន្តហោះក្នុងខេត្តនេះ ដើម្បីប្រែក្លាយខេត្តនេះ ជាមជ្ឈមណ្ឌលកណ្តាល សម្រាប់ការតភ្ជាប់នៅតំបន់ភូមិភាគឥសាន្ត និងជាមួយប្រទេសឡាវ ប៉ុន្តែគំរោងនេះបានស្ងប់ស្ងាត់ ហើយរដ្ឋាភិបាលបង្វែរការសាងសង់ព្រលានយន្តហោះទៅកាន់ខេត្តមណ្ឌលគិរីជំនួសវិញ។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានដាក់គំរោងសាងសង់ ព្រលានយន្តហោះនៅខេត្តស្ទឹងត្រែង ទៅកាន់គណៈកម្មការមេគង្គ ឡានឆាងផងដែរ ប៉ុន្តែគំរោងនេះត្រូវបានស្ងប់ស្ងាត់ដដែល។ នេះបើតាមលោកស៊ិន ចាន់សិរីវត្ថាអ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។
ខេត្តស្ទឹងត្រែងមានសក្តានុពលទេសចរណ៍ធម្មជាតិ និងអេកូទេសចរណ៍ដ៏សម្បូរបែប ប៉ុន្តែធនធានទាំងនោះ មិនទាន់ត្រូវបានផ្សព្វផ្សាយ និងទាញយកមកប្រើប្រាស់អស់សក្តានុពលនៅឡើយ។
លោកហូ វណ្ឌីទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានមានប្រសាសន៍ថា ខេត្តស្ទឹងត្រែងមានតំបន់ទេសចរណ៍ និងសក្តានុពលដ៏សម្បើមដោយខេត្តនេះមានទន្លេចំនួន៤ ដែលហូរកាត់ដូចជា ទន្លេមេគង្គ ទន្លេសេកុង ទន្លេសេសាន និងទន្លេស្រែពក ដែលសុទ្ឋតែជាតំបន់ទេសចរណ៍ដ៏ល្អឯក។
លោកបន្តថា “ខេត្តនេះក៏មានតំបន់រាមសារ ដែលមានដើមឈើមានឬសរេរាំតាមខ្សែទឹកហូរ ដូច “សក់ក្រង” គួរឲ្យចង់ទស្សនា និងអាចហែលទឹក និងជិះកាយ៉ាក់កំសាន្តបានយ៉ាងមនោរម្យ ពិសេសកោះខ្សាច់តូចៗនៅតាមដងទន្លេមេគង្គស្រស់ស្អាតដូចឋានសួគ៌ នៅរដូវទឹកសំរក”។លោកបន្តថា “ខេត្តនេះមានសក្តានុពលទេសចរណ៍ណាស់ ប៉ុន្តែកង្វះការផ្សព្វផ្សាយ ទើបខេត្តនេះត្រូវបានគេមើលរំលង”៕