ដោយ វុត្ថា
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលគូវ៉ែតបានអះអាងថា គូវ៉ែតនឹងបន្តកិច្ចសហការ និងបង្កើនការវិនិយោគនៅកម្ពុជាបន្ថែមទៀតនាពេលខាងមុខនេះ។
លោកស្រី Hind Al-Sabeeh រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច និងការងារ និងជារដ្ឋមន្ត្រីសេដ្ឋកិច្ចនៃរដ្ឋគូវ៉ែត បានមានប្រសាសន៍ក្នុងជំនួប ជាមួយសម្តេចអគ្គមហាពញ្ញាចក្រហេង សំរិនប្រធានរដ្ឋសភាជាតិនាព្រឹកថ្ងៃទី២៥ តុលានេះថា ក្នុងដំណើរទស្សនៈកិច្ចរបស់លោកស្រីនៅក្នុងប្រទេសកម្ពុជានាពេលនេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការដែលមានស្រាប់រវាងប្រទេសទាំងពីរ អោយកាន់តែល្អប្រសើរថែមទៀត។ មួយវិញទៀត គឺ ដើម្បីមកធ្វើការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការចុះកិច្ចព្រមព្រៀងបញ្ជូនពលករកម្ពុជា ទៅបំរើការងារនៅក្នុងប្រទេសគូវ៉ែត ដោយក្នុងនោះភាគីទាំងពីរបានឯកភាពគ្នា ក្នុងបញ្ជូនពលករកម្ពុជាចំនួន៥ពាន់នាក់ ទៅបម្រើការងារលើកដំបូងនៅប្រទេសគុយវ៉ែតនៅក្នុងឆ្នាំ២០១៩ខាងមុខនេះ។
លោកស្រីបន្តថា នៅពេលដែលលោកស្រីត្រឡប់ទៅកាន់មាតុប្រទេសវិញ លោកស្រី នឹងស្នើរដល់រដ្ឋមន្ត្រីពាណិជ្ជកម្មគូវ៉ែត មកបំពេញទស្សកិច្ចផ្លូវការ ដើម្បីពង្រីនូវទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគជាមួយកម្ពុជាព្រោះកម្ពុជា គឺជាប្រទេសមួយដែលមានសក្តានុពលខ្ពស់ក្នុងផ្នែកសេដ្ឋកិច្ច។
ជាការឆ្លើយតប សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកដំណើរទស្សនកិច្ចរបស់ លោកជំទាវរដ្ឋមន្ត្រី និងគណៈប្រតិភូនៃរដ្ឋគូវ៉ែតនៅកម្ពុជានាពេលនេះ បាននាំមកនូវកាលានុវត្តភាពថ្មី នៃការបន្តរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ កម្ពុជា-គូវ៉ែត ដែលមានជាង២០ឆ្នាំមកនេះ ឲ្យកាន់តែ រឹងមាំថែមទៀត ។
សម្តេចបន្តថាកន្លងមក រដ្ឋសភាកម្ពុជាបានអនុម័តច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ អនុស្សរណៈនៃការយោគយល់គ្នាស្តីពី វិស័យផ្លាស់ប្តូរហត្ថពលកម្មរវាងព្រះរាជាណាចក្រកម្ពុជា និងរដ្ឋគូវ៉ែតកន្លងទៅ ក្នុងការផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ព្រោះថា រដ្ឋគូវ៉ែតត្រូវការកំលាំងពលកម្ម ហើយពលករកម្ពុជា ក៏ត្រូវការប្រាក់ចំណូល ដើម្បីរួមចំណែកអភិវឌ្ឍទាំងអស់គ្នា។
តាមរយៈលោកជំទាវរដ្ឋមន្ត្រី សម្តេចប្រធានរដ្ឋសភាកម្ពុជាបានអំពាវនាវដល់ប្រជាពលរដ្ឋគូវ៉ែត និងវិនិយោគិនគូវ៉ែត មកធ្វើទេសចរណ៍កំសាន្ត ឬបណ្តាក់ទុននៅកម្ពុជាឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ពីព្រោះកម្ពុជាមានសក្តានុពលច្រើនវិស័យ ដែលជាចំណាប់អារម្មណ៍របស់អ្នកវិនិយោគបរទេស៕