រដ្ឋបាលរាជធានីភ្នំពេញសហការជាមួយសមាគមអន្តរជាតិធំមួយលើផែនការយុទ្ធសាស្ត្រសំរាប់ទីក្រុងឆ្លាតវៃ

0

ដោយៈ សុផារី

ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាដៃគូសហការ ជាមួយសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) លើការងារផែនការត្រៀមបម្រុង សម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយ យុទ្ធសាស្ត្រគ្រប់គ្រងសំណល់ភក់បង្គន់ និងផែនទីបង្ហាញផ្លូវយុទ្ធសាស្ត្រស្តីពីទីក្រុងឆ្លាតវៃនិងមានចីរភាព។

ពិធីចុះហត្ថលេខានេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២៣ ខែឧសភា ក្រោមវត្តមានលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកព្យែរ ប៊ៃយ៉េ លេខាធិកាអចិន្ត្រៃយ៍សមាគមនិយាយភាសាបារាំង (AIMF) នៅសាលារាជធានីភ្នំពេញ។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដៃគូសហការរវាងរដ្ឋបាលរាជធានីភ្នំពេញ និងសមាគមអន្តរជាតិអភិបាល ក្រុងប្រើប្រាស់ភាសាបារាំង (AIMF) រួមមាន លើការងារផែនការត្រៀមបម្រុង សម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយ យុទ្ធសាស្ត្រគ្រប់គ្រងសំណល់ភក់បង្គន់ និងផែនទីបង្ហាញផ្លូវយុទ្ធសាស្ត្រស្តីពីទីក្រុងឆ្លាតនិងមានចីរភាព។

លោកឃួង ស្រេង បានមានប្រសាសន៍ថា កាលពីឆ្នាំ២០១៩ រាជធានីភ្នំពេញ បានធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំសមាគម AIMF លើកទី៤០នៅភ្នំពេញ។ នេះជាកិត្តិយស និងជាគុណសម្បត្តិដ៏ធំធេង ដែលរាជធានីភ្នំពេញ បានផ្តល់បទពិសោធន៍ក្នុងការអភិវឌ្ឍទីក្រុង ដែលជាសមាជិកសមាគម AIMF និងទទួលបានការអបអរសាទរយ៉ាងខ្លាំង ព្រោះរាជធានីភ្នំពេញជាទីក្រុង ដែលកើតចេញពីទីក្រុងខ្មោច និងចេញពីចំណុចសូន្យ។

រាជធានីភ្នំពេញបានចូលជាសមាជិកសមាគម AIMF នៅឆ្នាំ១៩៩០ និងបានក្លាយជាសមាជិក ការិយាល័យរបស់សមាគមនេះ នៅឆ្នាំ២០០៣ ដែលក្នុងចំណោមសមាជិកទាំងអស់ចំនួន៣០៧ទីក្រុង គឺមានតែសមាជិកចំនួន២៧រូបប៉ុណ្ណោះ ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជាសមាជិក ការិយាល័យអចិន្ត្រៃយ៍របស់សមាគម។

រាជធានីភ្នំពេញ ជាសមាជិកតែមួយគត់នៃទ្វីបអាស៊ី ដែលមានសមា​សភាពនៅ ការិយាល័យអចិន្ត្រៃយ៍នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here