ដោយវុត្ថា
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា បានកំណត់ចំណាយប្រមាណ ២៧ ១៦៤ ៩៩៦ លាន រៀលដែលប្រហាក់ប្រហែលនឹង ៦.៧ពាន់លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ការចំណាយទូទៅរបស់រដ្ឋ ក្នុងឆ្នាំ ២០១៩ ពោលកើនឡើង១១.៤% ធៀបនឹងគម្រោងចំណាយថវិការដ្ឋ ឆ្នាំ២០១៨ ដែលមានចំនួនសរុបចំនួន ២៤,៣៧៥,១០២លានរៀល។ នេះបើតាម ខ្លឹមសារសង្ខេបស្តីពីសេចក្តីព្រាងច្បាប់ថវិកាជាតិ ឆ្នាំ២០១៩ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
តាមសេចក្តីព្រាងច្បាប់ថវិកាជាតិ ឆ្នាំ២០១៩,ចំណូលក្នុងប្រទេសថវិការដ្ឋ ឬថវិកាជាតិ ត្រូវបានគ្រោងចំនួន ២១,១៨៦,២២៨ លានរៀល ស្មើនឹង១៩,២៨ភាគរយ នៃ ផ.ស.ស និងមានកំណើន១៤,០ភាគរយ បើធៀបនឹងច្បាប់ឆ្នាំ២០១៨។ ចំណែកឯចំណាយសរុបថវិការដ្ឋ ឬថវិកាជាតិ ត្រូវបានគ្រោងទុកចំនួន២៧,១៦៤,៩៩៦ លាន រៀល ស្មើនឹង២៤,៧២ ភាគរយ នៃ ផ.ស.ស និងមានកំណើន១១,៤ភាគរយ ធៀបនឹងច្បាប់ឆ្នាំ២០១៨។
តាមការព្យាករណ៍ ជាលទ្ធផល អតិរេកថវិកាចរន្ត អាចរក្សាបានក្នុងកម្រិតប្រមាណ២,៨១ភាគរយ នៃផ.ស.សនៅឆ្នាំ ២០១៩និងមានឱនភាពថវិកាសរុប ស្មើនឹង-៥,៤៤ភាគរយ នៃ ផ.ស.ប ស្របតាមគោលនយោបាយពង្រឹងការគ្រប់គ្រងថវិកា (Fiscal Consolidation)។ ឱនភាពនេះ ត្រូវបានបំពេញបន្ថែមដោយហិរញ្ញប្បទានក្រៅប្រទេសក្នុងទំហំ ៤,៨៤ភាគរយ នៃ ផ.ស.ស, មូលនិធិទ្រទ្រង់ថវិកាប្រមាណ០,២៣ភាគរយ នៃ ផ.ស.ស និងប្រាក់បញ្ញើរាជរដ្ឋាភិ បាលក្នុងទំហំ ០,៣៧ភាគរយ នៃ ផ.ស.ស ស្មើនឹង ៤០៤,០០០លានរៀលឬសមមូលនឹង១០០លានដុល្លារអាមេរិកដែលត្រូវបានគ្រោងយកមកប្រើប្រាស់សម្រាប់ផ្តល់ទុកដល់ការបង្កើតធនាគារ សហគ្រាសធុនតូច និងមធ្យម (SMEs Bank)របស់រដ្ឋ។
បើមិនគិតអំពីតម្រូវការទុនសម្រាប់បង្កើតធនាគារធុនតូច និងមធ្យមនេះទេ គឺថវិកាឆ្នាំ២០១៩ មានតុល្យភាព ដោយមិនចាំបាច់ប្រើប្រាក់បញ្ញើ ឬហៅកាត់ថា «ប្រាក់សន្សំ» របស់រាជរដ្ឋាភិបាលនោះទេ៕